(ប៉េកាំង)៖ ថ្ងៃទី ២៥ ខែវិច្ឆិកា នៅក្រុងប៉េកាំង លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសំណេះសំណាលជាមួយ តំណាងសហគ្រាសដែលចូលរួមពិព័រណ៍ជំរុញ ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ។ អ្នកទទួលខុសត្រូវនៃសហគ្រាស និងអង្គការដូចជាក្រុមហ៊ុន Sumitomo Electric ក្រុមហ៊ុន Apple ក្រុមហ៊ុនChia Tai Group ក្រុមហ៊ុន Rio Tinto និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិនជាដើម បានចូលរួមពិធីសំណេះសំណាល។
តំណាងនៃសហគ្រាស ដែលចូលរួមពិធីសំណេះសំណាលបានថ្លែងថា ទីផ្សារចិនជាចំណែកដ៏សំខាន់ ក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការតភ្ជាប់សកល និងការអភិវឌ្ឍបែបច្នៃប្រឌិតថ្មី ។ សហគ្រាសដែលធ្វើអាជីវកម្មនៅប្រទេសចិនជាសាក្សី នៃការដែលប្រទេសចិនទទួលបានសមិទ្ធផលអភិវឌ្ឍន៍ ហើយមានជំនឿចិត្ត យ៉ាងពេញលេញ ចំពោះសេដ្ឋកិច្ចចិន ព្រមទាំងមានសុទិដ្ឋិនិយមចំពោះទីផ្សារចិន ដែលមានសក្តានុពលដ៏ធំធេង រីករាយពង្រីក ការបណ្តាក់ទុននៅប្រទេសចិនថែមមួយកម្រិតទៀត ធ្វើការអភិវឌ្ឍនៅចិនឱ្យ បានកាន់តែស៊ីជម្រៅ បង្កើនកិច្ចសហប្រតិបតិ្តការ ផ្នែកខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដើម្បីសម្រេចបាននូវការបើកទូលាយ និងឈ្នះ-ឈ្នះ។
លោក Li Qiang បានថ្លែងទៀតថា ប្រទេសចិនជាផ្នែកគន្លឹះ ក្នុងចំណោមខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ប្រទេសចិននឹងបន្តគាំពារភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល តាមរយៈប្រតិបតិ្តការជាក់ស្តែង ។ រំពឹងថា សហគ្រាសទាំងឡាយនឹងធ្វើជាអ្នកគាំពារយ៉ាងមុតមាំ នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល បន្តគាំទ្រយ៉ាងរឹងមាំដល់ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ពួតដៃគ្នាបង្កើតខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលមានភាពរស់រវើក ភាពធន់និងមានប្រសិទ្ធភាព ថែមមួយកម្រិតទៀត ដើម្បីធ្វើឱ្យសហគ្រាសសម្រេចបាន នូវការអភិវឌ្ឍកាន់តែល្អ ក៏ដូចជារួមចំណែកក្នុងការជំរុញ ឱ្យបណ្តាប្រទេសនានាទទួលបានវិបុលភាពរួម៕
វិទ្យុមិត្តភាពកម្ពុជាចិន