ប្រមុខរដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចេញដីកាចាប់ខ្លួន មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing

Posted By: RoogRog Robot | 27-Nov-2024 16:59:52

2024-11-27 04:58pm

(ឡាអេ)៖ ប្រមុខរដ្ឋអាជ្ញារបស់តុលាការ ICC នៅថ្ងៃពុធនេះ បានស្នើទៅកាន់អង្គចៅក្រម នៃតុលាការព្រហ្មទណ្ឌអន្តរជាតិមួយនេះ ឱ្យចេញដីកាចាប់ខ្លួន មេដឹកនាំរបបយោធានៅមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing ពាក់ព័ន្ធឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានប្រព្រឹត្តទៅលើ​ ជនជាតិភាគតិចមូស្លីមរ៉ូហ៉ីងយ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រមុខរដ្ឋអាជ្ញានៃតុលាការ ICC លោក Karim Khan បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា <<ក្រោយការស៉ើបអង្កេតមួយ ដែលគ្រប់ជ្រុងជ្រោយ ឯករាជ្យ និងមិនលម្អៀង ការិយាល័យរបស់ខ្ញុំ បានឈានដល់សេចក្តីសន្មត់ថា គឺមានមូលដ្ឋានសមហេតុផលគ្រប់គ្រាន់ ក្នុងការជឿជាក់ថា លោក Min Aung Hlaing មានការទទួលខុសត្រូវព្រហ្មទណ្ឌ សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ>>។ បើតាមលោក Khan ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនោះ គឺពាក់ព័ន្ធទៅនឹងការធ្វើទុក្ខបុកម្នេញ កាប់សម្លាប់ និងបណ្តេញជនជាតិ​រ៉ូហ៉ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បច្ចុប្បន្ន លោក Min Aung Hlaing គឺជាប្រមុខរដ្ឋាភិបាលយោធានៅប្រទេសមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ យោធាមីយ៉ាន់ម៉ា បានបើកប្រតិបត្តិការបង្រ្កាបយ៉ាងក្តៅគគុក នៅរដ្ឋ Rakhine ដែលសម្បូរទៅដោយជនជាតិមូស្លីមរ៉ូហ៉ីងយ៉ា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមូស្លីម បានធ្វើសកម្មភាពវាយប្រហារលើ ប៉ុស្តិ៍សន្តិសុខរបស់យោធាមីយ៉ាន់ម៉ា។ កាលណោះ អង្គការសហប្រជាជាតិ បានចោទប្រកាន់ថា ប្រតិបត្តិការរបស់យោធាមីយ៉ាន់ម៉ា មានលក្ខណៈបែបប្រល័យពូជសាសន៍។ វិបត្តិនោះបានបង្ខំឱ្យជនជាតិរ៉ូហ៉ីងយ៉ា សរុបខ្ទង់លាននាក់ រត់ភៀសខ្លួនចេញពីមីយ៉ាន់ម៉ា ភាគច្រើនគឺទៅកាន់ប្រទេសបង់ក្លាដែស ដែលនៅក្បែរខាង និងជាទីដែលសព្វថ្ងៃ មានជនភៀសខ្លួនរ៉ូហ៉ីងយ៉ាងច្រើនជាងគេ កំពុងជ្រកកោន៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...