(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្តែងការពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងពហុសណ្ឋានរវាងប្រទេសទាំងពីរ។
ការបង្ហាញនូវការពេញចិត្តចំពោះស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ពីសំណាក់អ្នកការទូតដ៏ចំណានទាំងពីររូប បានស្តែងឡើងក្នុងជំនួបសម្ដែងការគួរសមនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។
នៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតចិន បានពាំនាំនូវការអបអរសាទរយ៉ាងកក់ក្ដៅរបស់លោក វ៉ាង យី សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស និងជារដ្ឋមន្ត្រីការបរទេសរបស់ចិន ជូនលោកឧបនាយករដ្ឋមន្តី ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាថ្មី ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីសេចក្តីរីករាយឥតឧបមា និងការត្រៀមបន្តទំនាក់ទំនងការងារដ៏ជិតស្និទ្ធជាថ្មីឡើងវិញរបស់លោក វ៉ាង យី ជាមួយលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណភាគីចិន ចំពោះការផ្ដល់ការត្រួតពិនិត្យដ៏ពិសេស ដល់ព្រះរាជសុខភាពរបស់ព្រះករុណាព្រះមហាក្សត្រ និង សម្ដេចម៉ែ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅថ្វាយចំពោះអង្គព្រះមហាក្សត្រ និង សម្តេចម៉ែ ដែលជានិម្មិតរូបបង្ហាញពីការជឿទុកចិត្តយ៉ាងជ្រាលជ្រៅ និងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។
លោកឧបនាយករដ្ឋមន្ត្រី បានពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូតចិន អំពីការៀបចំដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាទៅកាន់ប្រទេសចិន ដោយបានគូសបញ្ជាក់ពីតម្លៃនៃដំណើរទស្សនកិច្ចនេះ ក្នុងការពង្រឹងបន្ថែមភាពជាដៃគូយុទ្ធិសាស្ត គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅទៅឆ្ពោះទៅកាន់អនាគតរួមគ្នាដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍ។ ការរៀបចំដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសចិន ក៏ត្រូវបានពិភាក្សាផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតបានអះអាងពីការប្ដេជ្ញាចិត្តក្នុងការអនុវត្តឱ្យបានជោគជ័យនូវកុងសង់ស៊ុស និងការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីជំរុញគម្រោងសំខាន់ៗដូចជា ច្រករបៀង និងស្រូវ ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម គម្រោង អភិវឌ្ឍន៍កសិកម្មទំនើប និងគម្រោងថាមពលចម្រុះ ក៏ដូចជាការលើកកម្ពស់ការកសាងសហគមន៍ កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងការកសាងអនាគតរួមគ្ន នៅយុគសម័យថ្មី ដោយចាត់ទុកជាគំរូសម្រាប់មនុស្សជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់របស់ប្រទេសចិន ដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កសិកម្ម ថាមពល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។
លោកឯកអគ្គរដ្ឋទូត បានរំលឹកឡើងវិញ នូវការគាំទ្រឥតងាកររបស់ចិនសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា រួមទាំងគម្រោងព្រែកជីកហ្វូណនតេជោ និងការប្តេជ្ញាចិត្តរបស់ចិនក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វភាគី។
លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត បានសម្តែងការសាទរចំពោះការ កំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។ ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់ន ការបង្កើនជើងហោះហើរត្រង់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដើម្បីស្ដារឡើងវិញនូវ ចំនួនភ្ញៀវទេសចរចិនមកកំសាន្តនៅកម្ពុជាឱ្យដូចមុនមានជំងឺរាតត្បាតកូវីដ-១៩។
ទន្ទឹមនឹងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាផលប្រយោជន៍រួម លោកឧបនាយករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរជាតិ និងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ សន្តិភាព ស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរគូសបញ្ជាក់ថែមទៀតពីសារៈសំខាន់នៃការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក៕