(បេរ៉ូត)៖ នាយករដ្ឋមន្រ្តីលីបង់ លោក Najib Mikati បានប្រកាសនៅថ្ងៃពុធនេះថា កងទ័ពលីបង់នឹងពង្រឹងវត្តមានរបស់ខ្លួន នៅភាគខាងត្បូងប្រទេស និងបានទាមទារឱ្យអ៊ីស្រាអែល ដកទ័ពចេញពីទឹកដីលីបង់ ស្របតាមកិច្ចព្រមព្រៀងឈប់បាញ់ ជាមួយក្រុមហេសបូឡា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក Mikati បានបញ្ជាក់ថា រដ្ឋាភិបាលលីបង់ ប្តេជ្ញាអនុវត្តដំណោះស្រាយលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានការដាក់ពង្រាយកងទ័ព និងកងកម្លាំងសន្តិសុខនៅភាគខាងត្បូងនៃទន្លេ Litani។ លោក ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់លីបង់។
លោក Mikati បានប្រកាសដូច្នេះថា <<ខ្ញុំក៏ទាមទារឱ្យអ៊ីស្រាអែលប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះដំណោះស្រាយបទឈប់បាញ់ ដកខ្លួនចេញពីគ្រប់តំបន់ និងទីតាំងដែលខ្លួនបានកាន់កាប់ ហើយអនុវត្តដំណោះស្រាយ ១៧០១ សរុបទាំងអស់>>។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់ រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាត្រូវបានសម្រេច កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះ កំណត់ឱ្យអ៊ីស្រាអែលដកកងទ័ពបន្តិចម្ដងៗចេញពីតំបន់ភាគខាងត្បូង នៃប្រទេសលីបង់។ រីឯកងទ័ពលីបង់នឹងត្រូវគ្រប់គ្រងទឹកដីនៅក្បែរព្រំដែនជាមួយអ៉ីស្រាអែល ដើម្បីធានាថាហេសបូឡានឹងមិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញនៅទីនោះ បាន៕