(ហ្សាការតា)៖ ឥណ្ឌូនេស៊ី បានលើកឡើងថា សំណើវិនិយោគមានទឹកប្រាក់១០០លានដុល្លារ ពីក្រុមហ៊ុន Apple ដើម្បីសាងសង់រោងចក្រគ្រឿងបន្លាស់ និងសមាធាតុ មិនគ្រប់គ្រាន់នោះទេ ក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះ លក់ទូរស័ព្ទម៉ូឌែលថ្មីចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេស។ នេះបើតាមការបញ្ជាក់ពី ក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប្រទេសឥណ្ឌូនេស៊ី ក្នុងខែវិច្ឆិកានេះ បានហាមឃាត់ការលក់ទូរស័ព្ទ iPhone 16 របស់ក្រុមហ៊ុន Apple បន្ទាប់ពីមិនអនុលោមតាមតម្រូវការ ដែលទូរស័ព្ទស្មាតហ្វូនលក់ក្នុងប្រទេសនេះ យ៉ាងហោចណាស់ ៤០ភាគរយ នៃគ្រឿងបង្គុំត្រូវបានផលិតក្នុងស្រុក។
ឥណ្ឌូនេស៊ី ក៏បានហាមឃាត់ការលក់ទូរស័ព្ទ Google Pixel របស់ក្រុមហ៊ុន Alphabet ដោយសារតែហេតុផលដូចក្រុមហ៊ុន Apple។
អាជ្ញាធរឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន បានលើកឡើងថា Apple បានដាក់សំណើវិនិយោគ ដើម្បីឱ្យមានការដកចេញនូវការហាមឃាត់ការលក់។
ក្រុមហ៊ុន Apple មិនមានរោងចក្រផលិត នៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះទេ, ប៉ុន្តែគិតចាប់តាំងពីឆ្នាំ២០១៨មក បានបង្កើតកម្មវិធីសិក្សាអ្នកអភិវឌ្ឍន៍កម្មវិធី ដែលទីក្រុងហ្សាការតាចាត់ទុកថា ជាមធ្យោបាយសម្រាប់ក្រុមហ៊ុន ដើម្បីបំពេញតម្រូវការមាតិកាក្នុងស្រុក សម្រាប់ការលក់ទូរសព្ទ iPhone ម៉ូដែលចាស់ៗ៕