(ភ្នំពេញ)៖ បន្ទាប់វិលត្រឡប់មកកាន់សរភូមិចាស់ក្រោយឃ្លាតឆ្ងាយជាងមួយឆ្នាំ នៅថ្ងៃស្អែកនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងផ្តើមដំណើរទស្សនកិច្ចដំបូងទៅកាន់ប្រទេសចិន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។
ក្នុងឱកាសទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក លីវ ជានឆា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោក ឧបនាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបជាមួយឥស្សរជនចិនផ្សេងទៀតផងដែរ។
ស្របពេលដែលឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន មានគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អ្នកការទូតដ៏ចំណានរបស់កម្ពុជា ទទួលបានការទុកចិត្តពីសម្តេចតេជោ ហ៊ុន សែន ឱ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសកម្ពុជានៅឆ្នាំ២០១៦។ បន្ទាប់ពីបំពេញការងារប្រកបដោយភាពលេចធ្លោររយៈពេលប្រមាណជា៧ឆ្នាំ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មី លោក ប្រាក់ សុខុន ក៏ត្រូវបានប្តូរចេញពីក្រសួងការបរទេស ហើយទទួលបានតំណែងជាអនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា។
បន្ទាប់ពីចាកចេញពីក្រសួងការបរទេសកម្ពុជារយៈពេលជាងមួយឆ្នាំ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្រាក់ សុខុន មានអតីតភាពជាអ្នកសារព័ត៌មាន ក៏ទទួលបានការទុកចិត្តពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងទទួលការគាំទ្រពីសមាជិករដ្ឋសភា បោះឆ្នោតឱ្យរូបលោកវិលចូលសមរភូមិចាស់វិញ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា៕