(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផ្ដល់ធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋ៣០០គ្រួសារ នៅឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោកស្រីបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលសម្ដេចតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច និងមិនចាកចេញនៅពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាកនោះទេ។
លោកស្រីបានបញ្ជាក់ថា ការចែកជូនធុងចម្លោះទឹកស្អាតដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមហ៊ុន SIPCO ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាពលរដ្ឋនឹងជួយអភិវឌ្ឍសង្គម។
លោកស្រីបន្តថា ក្រោមការរដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រកម្មវិធីគោលនយោបាយនានាដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា សំដៅសម្រេចបាននូវចក្ខុវិស័យ និងមានគោលបំណងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន (ចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍) ជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ការរក្សាអនាម័យនៅតាមជនបទ និងបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា បង្កើនទំនាក់ទំនងអោយកាន់តែមានភាពជិតស្និទរវាងក្រុមសមាជិកព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជាមួយប្រជាពលរដ្ឋឲ្យមានភាពជិតស្និទ្ធ និងដឹងពីការលំបាករបស់ស្ត្រីនិងប្រជាពលរដ្ឋ។
លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យណែនាំអប់រំកូនចៅ និងលើកទឹកចិត្តឲ្យកូនចៅរៀនសូត្រយ៉ាងហោចណាស់កម្រិតទុតិយភូមិ (បាក់ឌុប)ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នាដើម្បីប្រទេសកម្ពុជាមានការអភិវឌ្ឍន៍។
តាមការបញ្ជាក់ពីលោក យ៉ុម ហឿន អភិបាលរងស្រុកប្រាសាទបល្ល័ង្ក បានដឹងថា ការចែកធុងចម្រោះទឹកស្អាតមកពី៧ភូមិ មានចំនួន៣០០គ្រួសារ៕