Reuters៖ ក្រុមការងារលោក ត្រាំ កំពុងពិចារណាចង់ឱ្យមានកិច្ចពិភាក្សាផ្ទាល់ ជាមួយលោក គីម ជុងអ៊ុន

Posted By: RoogRog Robot | 27-Nov-2024 09:03:19

2024-11-27 04:01pm

(វ៉ាស៉ីនតោន)៖ ក្រុមការងាររបស់ លោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការរៀបចំឱ្យមានកិច្ចពិភាក្សាដោយផ្ទាល់ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយសង្ឃឹមថាមធ្យោបាយការទូតថ្មីមួយ អាចកាត់បន្ថយហានិភ័យ នៃជម្លោះប្រដាប់អាវុធ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ក្នុងអាណត្តិប្រធានាធិបតីឆ្នាំ ២០១៧-២០២១ លោក ត្រាំ បានជួបប្រជុំចំនួន ៣លើកជាមួយ លោក គីម នៅឯប្រទេសសិង្ហបុរី ទីក្រុងហាណូយ ប្រទេសវៀតណាម និងនៅព្រំដែនកូរ៉េ។ ប្រភពដែលដឹងអំពីបញ្ហានេះនិយាយថា ក្រុមការងារមួយចំនួនមើលឃើញ សញ្ញាខ្លះៗពី លោក ត្រាំ ថាអាចបន្តសាងទំនាក់ទំនង កាលពីអាណត្តិមុនរបស់លោក ជាមួយ លោក គីម។ ប្រភពដដែល បានឱ្យដឹងទៀតថា ការពិភាក្សាអំពីគោលនយោបាយមានភាពរលូន ហើយមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយពី លោក ត្រាំ នៅឡើយទេ។

គួរបញ្ជាក់ថា ចាប់តាំងពីលោក ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា កូរ៉េខាងជើងមិនបានបញ្ចេញមតិយោបល់អ្វីឡើយ។ ក្នុងអាណត្តិ ៤ឆ្នាំរបស់ លោក ចូ បៃដិន កូរ៉េខាងជើង ក៏ហាក់មិនចាប់អារម្មណ៍ដែរ ចំពោះការផ្តើមកិច្ចចរចាណាមួយ ខណៈលោក គីម បានពង្រីកការធ្វើតេស្តអាវុធជាបន្តបន្ទាប់ និងមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៉ី៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...