ចិនព្រមាននូវែលសេឡង់ ប្រឆាំងការចូលរួមក្នុងសម្ព័ន្ធភាព AUKUS

Posted By: RoogRog Robot | 27-Nov-2024 13:31:28

2024-11-27 01:26pm

(វែលីងតោន)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសនូវែលសេឡង់ លោក Wang Xiaolong បាននិយាយថា ប្រសិនបើនូវែលសេឡង់ ចូលរួមក្នុងសម្ព័ន្ធភាពសន្តិសុខ AUKUS នោះ វាមុខជានឹងជះផលវិបាកអវិជ្ជមាន សម្រាប់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសចិន ដោយមិនអាចចៀសផុតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងបទសម្ភាសមួយជាមួយ ប្រព័ន្ធផ្សព្វផ្សាយវិទ្យុនូវែលសេឡង់ ដែលចេញផ្សាយនៅថ្ងៃពុធនេះ លោក Wang បានលើកឡើងថា នៅពេលសម្រេចចិត្តលើ ការចូលរួមក្នុង AUKUS ភាគីចិនសង្ឃឹមថា ភាគីនូវែលសេឡង់ នឹងគិតគូរអំពីផលប្រយោជន៍ ដែលប្រសើរបំផុត​របស់ខ្លួនសម្រាប់រយៈពេលវែង ព្រមទាំងអំពីផលប៉ះពាល់សម្រាប់សន្តិសុខក្នុងតំបន់ ក៏ដូចជាផលប៉ះពាល់សម្រាប់ទំនាក់ទំនងរវាងចិន និងនូវែលសេឡង់ផ្ទាល់។

កន្លងមក នូវែលសេឡង់ធ្លាប់បាននិយាយថា ខ្លួនកំពុងប្រមូលទិន្នន័យ ស្តីពីកិច្ចសហប្រតិបត្តិការ នាពេលអនាគត ជាមួយ AUKUS ប៉ុន្តែមិនទាន់បានធ្វើការប្តេជ្ញាណាមួយ នៅឡើយទេ។ រីឯក្នុងសេចក្តីថ្លែងការណ៍រួម រវាងអូស្រ្តាលី ចក្រភពអង់គ្លេស និងអាមេរិក កាលពីខែកញ្ញា ឆ្នាំនេះ ប្រទេសទាំង៣បាននិយាយថា ពួកគេកំពុងប្រឹក្សាយោបល់ជាមួយនូវែលសេឡង់ កាណាដា និងកូរ៉េខាងត្បូង ដើម្បីកំណត់លទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការ នៅក្រោម Pillar II របស់ AUKUS។

គួរបញ្ជាក់ថា AUKUS គឺជាកិច្ចព្រមព្រៀងសន្តិសុខការពារជាតិ មាន២ដំណាក់កាល ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២១ ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី ដើម្បីជាកិច្ចប្រឹងប្រែងមួយ ទប់ទល់ការរីកកាន់តែធំឡើងនៃឥទ្ធិពលរបស់ចិន នៅក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក។ AUKUS ដំណាក់កាលទី១ ឬហៅថា Pillar I មានគោលដៅផ្តល់ឱ្យអូស្រ្តាលី នូវនាវាមុជទឹកដើរ​ដោយថាមពលនុយក្លេអ៊ែរ ខណៈ Pillar II ផ្តោតលើការអភិវឌ្ឍសមត្ថភាពសព្វាវុធទំនើបៗ និងការចែករំលែកបច្ចេកវិទ្យា លើផ្នែកផ្សេងៗជាច្រើន៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...