បុរសម្នាក់របួសធ្ងន់ ចូលបន្ទប់សង្រ្គោះបន្ទាន់ច្រើនថ្ងៃ នៅមិនទាន់ដឹងខ្លួន, គ្រូពេទ្យថាអស់លទ្ធភាព ហើយក្រុមគ្រួសារសម្រេចចិត្តយកត្រឡប់ទៅផ្ទះវិញ

Posted By: RoogRog Robot | 05-Nov-2024 15:19:39

2024-11-05 03:18pm

(ភ្នំពេញ)៖ បុរសម្នាក់បានឡើងទៅថ្ពក់ស្ទូច ទម្លាក់អេតចាយដាក់ស្តុកទុកនៅក្នុងឃ្លាំង ហើយរបូតដៃធ្លាក់ពីលើរថយន្តដឹកអេតចាយ១គ្រឿង កម្ពស់ជាង២ម៉ែត្រ បោកលើសាប រងរបួសសន្លប់ស្ដូកស្ដឹង។ ពេលនោះម្ចាស់ទីតាំងបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ ប៉ុន្តែច្រើនថ្ងៃមកហើយ គាត់នៅតែអត់ដឹងខ្លួនទៀត។

គាត់ត្រូវបានគ្រូពេទ្យ ដាក់អុកស៊ីហ្ស៊ែនជាប់រាល់ថ្ងៃ លុះដល់នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គ្រូពេទ្យបានប្រាប់ក្រុមគ្រួសារថា នេះដំណាក់កាលចុងក្រោយហើយ ទោះជាព្យាបាលបន្តទៀត ក៏មិនអាចទៅរួចដែរ។ បន្ទាប់មកក្រុមគ្រួសារ ក៏សម្រេចចិត្តដឹកយកត្រលប់ទៅផ្ទះវិញ បង្កឲ្យភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះទៅពិនិត្យ និងធ្វើកំណត់ហេតុដល់ផ្ទះគាត់។

ហេតុការណ៍នេះ បានកើតឡើងតាំងពីវេលាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤មកម្ល៉េះនៅចំណុចឃ្លាំងស្តុកអេតចាយមួយកន្លែង ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើនោះ ឈ្មោះ សួន រ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករឃ្លាំងអេតចាយខាងលើ ជាបុរសពោះម៉ាយមានកូនស្រីម្នាក់ មានទីលំនៅភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ពីសាច់ញាតិរបស់បុរសនោះ បាននិយាយថា នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះរូបនេះ និងកម្មករម្នាក់ទៀតបានឡើង ទៅថ្ពក់ស្ទូចទម្លាក់អេតចាយ ពីលើរថយន្តដឹកអេតចាយ ដាក់ស្តុកទុកក្នុងឃ្លាំង។ ខណៈនោះស្រាប់តែរបូតដៃ បណ្ដាលឲ្យរអិលធ្លាក់ពីលើរថយន្តបោកជាមួយសាបខាងក្រោមរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ហើយត្រូវបានម្ចាស់ឃ្លាំង បានដឹកយកទៅកាន់គ្លីនិចឯកជន។

ប៉ុន្តែដោយរបួសធ្ងន់ពេក ក្រោយមកក៏បញ្ជូនបន្ត ទៅកាន់មន្ទីរពេទ្យព្រះកុសុមៈវិញ ហើយគ្រូពេទ្យបានជួយសង្រ្គោះ និងដាក់អុកស៊ីហ្ស៊ែន ជាប់ជាប្រចាំរាល់ថ្ងៃ ប៉ុន្តែរយៈពេល៣ថ្ងៃហើយគាត់នៅតែអត់ទាន់ដឹងខ្លួនឡើយ។

ទើបនៅថ្ងៃទី៥ ខែវិច្ឆិកា ក្រុមគ្រូពេទ្យ បានប្រាប់ក្រុមគ្រួសារថា ដំណាក់កាលចុងក្រោយហើយ ទោះជាខំព្យាបាលបន្តទៀតក៏លែងទៅមុខដែរ។ បន្ទាប់មកក្រុមគ្រួសារ ក៏សម្រេចចិត្តយកគាត់ត្រលប់ទៅផ្ទះវិញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកំណត់ហេតុដល់ផ្ទះរបស់គាត់នោះតែម្ដង៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...