(កោះកុង)៖ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយក្រុមហ៊ុន Gomi Recyle រដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកគិរីសាគរ ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ក្រុមនិស្សិតប្លាស្ទិក រៀបចំយុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង ដើម្បីបង្កើនភាពទាក់ទាញគោលដៅទេសចរណ៍ ក្រោមទិសស្លោក <<កោះស្តេច កោះស្អាត កោះគំរូ>> នាថ្ងៃទី២-៣ ខែវិច្ឆិកា។
កម្មវិធីនេះមានការចូលរួមពីអ្នកឧកញ៉ា សួរ វិរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អិចប្រេស លោក ហ៊ួត រិទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត លោក អន សុធារិទ្ធ អភិបាលរងកោះកុង លោក Okumura Yusuke ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Gomi Recycle រដ្ឋបាលស្រុកគិរីសាគរ ក្រុមនិស្សិតប្លាស្ទិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ប្រជាការពារ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកគិរីសាគរ ប៉ូលីស ទាហាន សរុបប្រមាណជាង២០០នាក់។
យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលតំបន់ទេសចរណ៍កោះស្តេច និងអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងអស់ចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីប្រែក្លាយកោះស្តេចជា កោះស្អាត កោះគំរូ គ្មានសំរាមប្លាស្ទិក។
ក្រោយចប់យុទ្ធនាការផ្សព្វផ្សាយ ក្រុមការងារបានបែងចែកជា៥ក្រុម ដើម្បីធ្វើការសម្អាតតាមគោលដៅចំនួន៥ទីតាំង។ សំរាមដែលប្រមូលបានត្រូវបានយកមកញែក និងដឹកយកមកកែច្នៃនៅក្រុមហ៊ុន Gomi Recycle។ យុទ្ធនាការសម្អាតសំរាមចេញពីសមុទ្រនេះ ក៏មានការអញ្ជើញចូលរួមប្រមូលផ្ទាល់ដោយ អ្នកឧកញ៉ា សួរ វិរៈ លោក Okumura Yusuke ក្រុមការងាររបស់ក្រុមហ៊ុន Gomi Recycle ក្រុមនិស្សិតប្លាស្ទិក យុវជនស្ម័គ្រចិត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋ៕