(ទីក្រុងគុនមិញ)៖ ក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ លើកទី៨ កិច្ចប្រជុំកំពូល ACMECS លើកទី១០ និង កិច្ចប្រជុំកំពូល CLMV លើកទី១១ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ រួមនិងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកិច្ចពិភាក្សា ស្តីពីទស្សនទានរបស់ដៃគូអភិវឌ្ឍន៍ចំពោះភាពជាដៃគូ និងការគាំទ្រចំពោះកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ ដែលមានការអញ្ជើញចូលរួមពី ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ (GMS BC) អង្គការ GIZ អង្គការពលកម្មអន្តរជាតិ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិ (JICA) វិទ្យាស្ថានមេគង្គ ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។
ក្នុងឱកាស នៃកិច្ចពិភាក្សានេះ អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ បានថ្លែងសង្កត់ធ្ងន់អំពីសារៈសំខាន់របស់វិស័យឯកជនក្នុងការរួមចំណែកដល់ការអភិវឌ្ឍមហាអនុតំបន់ទន្លេមេគង្គ ។
អ្នកឧកញ៉ា គិត ម៉េង បានស្នើឲ្យមានកិច្ចសន្ទនារវាងថ្នាក់ដឹកនាំប្រទេសមហាអនុតំបន់ទន្លេមេគង្គ ជាមួយនឹង ក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ។ ការស្នើឲ្យថ្នាក់ដឹកនាំប្រទេសមហាអនុតំបន់ទន្លេមេគង្គ ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គមានកិច្ចសន្ទនា គឺដើម្បីឲ្យថ្នាក់ដឹកនាំ និងវិស័យឯកជនរួមគ្នាបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេងមេគង្គ បានចូលរួមធ្វើបទអន្តរាគមន៍ និង បានលើកឡើងអំពីកម្មវិធីយុទ្ធសាស្រ្ត ទិសដៅអាទិភាព តួនាទី និងសកម្មភាពរបស់ក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ និង ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍នៅក្នុងមហានុតំបន់ទន្លេមេគង្គ។
ប្រទេសជាសមាជិកមហាអនុតំបន់ទន្លេមេគង្គចំនួន ៦ មាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម។ ការជួបប្រជ៉ំគ្នានេះ ជាធាតុចូលដ៏សំខាន់ពីសំណាក់វិស័យឯកជន និងរដ្ឋាភិបាល នៃបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គដើម្បីផ្តល់ជាទស្សនទានល្អៗ សំរាប់រួមគ្នាអភិវឌ្ឍន៍លើគ្រប់វិស័យ៕