(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយអង្គការអុកស្វាម រៀបចំវេទិកាប្រចាំឆ្នាំ ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត
ក្រោមមូលបទ ៖ <<គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ នៅកម្ពុជា>> ដើម្បីបង្កើនប្រសិទ្ធភាព កិច្ចអន្តរាគមន៍នានា និងពង្រឹងយន្តការគណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។
វេទិកានេះនឹងពិភាក្សាពីគោលនយោបាយ ក្នុងន័យស្វែងយល់ពីបញ្ហាប្រឈម និងត្រិះរិះស្វែងរកដំណោះស្រាយរវាងអ្នកឯកទេស អ្នកតាក់តែងគោលនយោបាយ និងអ្នកផ្តល់សេវាក្នុងក្របខណ្ឌរបបសន្តិសុខសង្គម ជាមួយដល់ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ក្នុងន័យដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គមកម្ពុជាឱ្យប្រកបដោយគណនេយ្យភាព និងបរិយាបន្ន។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងធំៗ ដូចជាពង្រឹងគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជាតាមរយៈកិច្ចសន្ទនាសង្គម រវាងថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ជាមួយនិយតករនិងប្រតិបត្តិករ នៃរបបសន្តិសុខសង្គម ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការរបស់បេឡាជាតិសន្តិ-សុខសង្គម ដើម្បីធានា គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ នៅកម្ពុជា។ ស្វែងយល់ពីការយល់ឃើញ បញ្ហាប្រឈម និងសំណើនានា របស់ថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ស្តីពីរបប និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដើម្បីឆ្លើយតបទៅនឹងអន្តរកាលប្រកបដោយយុត្តិធម៌។ ពង្រឹងកិច្ចសហការគ្នា និងកិច្ចសន្ទនាសង្គម រវាងនិយតករ និងប្រតិបត្តិករ នៃរបបសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ដើម្បីស្តាប់កង្វល់ សំណើ និងចងក្រងធាតុចូលនានា ដែលជាឧត្តមប្រយោជន៍ដល់ការតាក់តែងគោលនយោបាយ ក្នុងន័យធានា គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌នៅកម្ពុជា។
វេទិកានេះ គឺត្រូវបានរៀបចំជាបន្តបន្ទាប់នៅតាមតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗដូចជា នៅខេត្តព្រះសីហនុ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកចូលរួម ២៣០នាក់,តំបន់២ ខេត្តសៀមរាប ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ មានអ្នកចូលរួម ៣៨២នាក់,តំបន់៣ ខេត្តស្វាយរៀង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអ្នកចូលរួម ២៣០នាក់ និងវេទិកាថ្នាក់ជាតិរៀបចំនៅភ្នំពេញថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ដោយដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ជា ដំណាក់កាលស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ច និងសង្គម។ ដើម្បីអនុវត្តរបបសន្តិសុខសង្គមមាន លក្ខណៈទូលំទូលាយ និងមានការគ្របដណ្តប់គ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលក៏បានបង្កើតច្បាប់ថ្មីស្តីពី របបសន្តិសុខសង្គម ដោយប្រកាសឱ្យប្រើនៅឆ្នាំ២០១៩ ដែលមានវិសាលភាព អនុវត្តចំពោះបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកដែលធ្វើការតាមផ្លូវអាកាស និង នាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍។
លោកបានមានប្រសាសន៍ថា វឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស. បាននិងកំពុងអនុវត្ត៖១. របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ- សម្រាប់វិស័យឯកជន៖ អនុវត្តនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៨ មានអ្នកចុះបញ្ជី ចំនួន ១.៦៨៥.០៦៦នាក់ ស្រីចំនួន ១.០២៦.៣៩៧នាក់ និងមានចំនួន ២៤,១២៨ សហគ្រាស
- សម្រាប់វិស័យសាធារណៈ៖ អនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានអ្នកចុះ បញ្ជីចំនួន ២៨១.៥៩៥នាក់ ស្រីចំនួន ១៣១,០២៧នាក់ និងមានចំនួន ២៦៨ ស្ថាប័ន។
២. របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព
- សម្រាប់វិស័យឯកជន៖ អនុវត្តនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ មានអ្នកចុះបញ្ជី ចំនួន ១.៦៨៤.៧៣៣នាក់ ស្រីចំនួន ១.០២៦.៣០៥នាក់ និងមានចំនួន ២៤.១២៦ សហគ្រាស- សម្រាប់វិស័យសាធារណៈ៖ អនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មានអ្នកចុះបញ្ជី ចំនួន ៣៤៤.៦៨១នាក់ ស្រីចំនួន ១៣៨.៦០៤នាក់ និងអតីតមន្ត្រីរាជការ និងអតីត យុទ្ធជនមានចំនួន ១១០.១៥៩នាក់ ស្រីចំនួន ២១.៩៦៨នាក់ និងមានចំនួន ២៧០ ស្ថាប័ន
សម្រាប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត អនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះបានចុះបញ្ជី៖• បុគ្គលស្វ័យនិយោជន៍ ចំនួន ៣៦១.៥៨១នាក់ ស្រីចំនួន ២២២.០៤៤នាក់ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ១១៦.៦២៧នាក់ ស្រីចំនួន ៦៦.៨៣១នាក់។
៣. របបសន្តិសុខសង្គមផ្នែកប្រាក់សោធន
សម្រាប់វិស័យឯកជន ដាក់ឱ្យអនុវត្តនៅថ្ងៃទី១ កក្កដា ២០២២ និងប្រមូលភាគទាន នៅថ្ងៃទី១ តុលា ២០២២ មានអ្នកចុះបញ្ជីចំនួន ១.៦៨៥.០៦៦នាក់ ស្រីមាន ចំនួន ១.០២៦.៣៩៧នាក់ និងមានចំនួន ២៤,១២៨សហគ្រាស។
ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ សមាជិក ប.ស.ស. និងសាធារណជន ប.ស.ស. មានសាខាខេត្ត/ខណ្ឌចំនួន ៣៨ទីតាំង ទូទាំងប្រទេស ហើយថ្មីៗនេះ ប.ស.ស. ក៏បានពង្រីកទីតាំង ផ្តល់សេវារបស់ខ្លួននៅតាមផ្សារទំនើប រួមមាន ផ្សារអីអន ១, ២, និង៣ ផងដែរ និងកំពុងចុះបញ្ជីចល័តនៅតាមបណ្តារាជធានី ខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ សៀមរាប បាត់ដំបង តាកែវ និងកំពង់ចាម ជាដើម។
លើសពីនេះ ប.ស.ស. បានបំពេញតួនាទីយ៉ាងសស្រាក់សស្រាំ ក្នុងការផ្តល់សេវាជូន សមាជិក ប.ស.ស. ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពកាន់តែប្រសើរឡើងជា លំដាប់ក្នុងការចូលរួមចំណែកពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ បន្ថែមទៀត៕