ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុន CMA CGM របស់បារាំង ពិនិត្យលទ្ធភាពជួយបណ្តាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជា

Posted By: RoogRog Robot | 05-Nov-2024 17:05:26

2024-11-05 04:58pm

(បារាំង)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចុះបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន CMA CGM ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងភស្ដុភារកម្មរបស់បារាំង ក្រោមការសម្របសម្រួលពីលោកស្រី Natalie Garro ប្រធានអង្គភាពអាជីវកម្ម។

នាឱកាសនោះក្រុមហ៊ុនបានទទួលស្វាគមន៍កក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា និងបានធ្វើបទបង្ហាញជូនលោកឧបនាយករដ្ឋមន្ត្រី អំពីប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងភ្ជាប់នឹងបច្ចុប្បន្នភាពនៃវិស័យដឹកជញ្ជូន និងភស្ដុរភារកម្មផងដែរ។ ក្រុមហ៊ុនក៏បានបង្ហាញចំណាប់អារម្មណ៍លើវឌ្ឍនភាព និងការផ្លាស់ប្ដូរមុខមាត់របស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសថ្មីៗនេះបានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោសម្រាប់គម្រោងដឹកជញ្ជូនផ្លូវទឹក។

តបតាមបទបង្ហាញនេះ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានផ្ដល់ការគិតគូរលើគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។ លោកក៏បានបង្ហាញជូនអំពីវឌ្ឍនភាព និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រាប់បញ្ចូលទាំងវិស័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែជាដើម។

ស្របតាមឱកាសនេះលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានជំរុញទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការចូលរួមសកម្មភាពនានាបន្ថែមទៀត ព្រមទាំងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជា។

សូមជម្រាបជូនថា លោកឧបនាយករដ្ឋមន្ត្រី កំពុងអញ្ជើញបំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគក្នុងសហភាពអឺរ៉ុបចាប់ពីថ្ងៃទី៣-១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សំដៅយ៉ាងណាគោះទ្វារវិនិយោគិនថ្មីៗ និងថែទាំវិនិយោគិនដែលមានស្រាប់នៅកម្ពុជាឱ្យពិនិត្យលទ្ធភាពពង្រីកការបណ្ដាក់ទុន បង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត៕



























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...