ចិនសាស្ត្រជំរុញល្បឿននៃទំនើបកម្មសកល

Posted By: RoogRog Robot | 05-Nov-2024 16:59:09

2024-11-05 04:55pm

(ប៉េកាំង)៖ ចិនសាស្ត្រ ឬការសិក្សាចិន ឬអ្នកសិក្សាចិនវិជ្ជា បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ផ្តល់ជូនដល់ ជនបរទេសបានប្រាស្រ័យទាក់ទង ដោយផ្ទាល់ជាមួយជនជាតិចិន លើវិស័យអក្សរសាស្ត្រ ភាសា វប្បធម៌ និងប្រវត្តិសាស្រ្តរបស់ប្រទេសចិន ហើយចាប់ពីឆ្នាំ២០២៣មក នៅប្រទេសចិន សន្និសីទអន្តរជាតិស្តីពីចិនសាស្រ្ត ត្រូវបានរៀបចំឡើង សមាគមចិនសម្រាប់ការយល់ដឹងអន្តរជាតិ ជាទីកន្លែងដែលអ្នកឯកទេសចិនវិជ្ជា និងចិនវិទូនៅលើពិភពលោក បានមកជួបជុំគ្នាដើម្បីពិភាក្សាពីគុណតម្លៃនៃការសិក្សាចិន ឬចិនសាស្ត្រក្នុងការថែរក្សាសន្តិភាព និងរួមចំណែកជំរុញល្បឿន នៃការអភិវឌ្ឍសកល។

ពិភពលោកបានចាំយ៉ាងច្បាស់ពីខ្លឹមសារជាសារវ័ន្តរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានផ្ញើសារអបអរសាទរ នៅក្នុងសន្និសីទពិភពលោកលើកទី១នៃចិនសាស្រ្ត កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ថា <<តាមរយៈចិនសាស្រ្ត ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយគ្រប់ភាគី គ្រប់អង្គភាពពាក់ព័ន្ធនានាដើម្បីរួមគ្នាលើក តម្លៃសកលនៃសន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព និង អនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល។ ការផ្លាស់ប្តូរវប្បធម៌នឹងនាំយើងឆ្លងផុតពីភាពខ្វែងគំនិតគ្នា ការរៀនសូត្រគ្នាទៅវិញទៅមក នឹងនាំយើងឆ្លងផុតពីការប៉ះទង្គិចគ្នា ហើយការរួមរស់ដោយសុខដុមនីយកម្មជាមួយគ្នា នឹងនាំយើងឱ្យមានលើសពីអារម្មណ៍ក្នុងបច្ចុប្បន្នភាព ដោយសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ភ្លឹស្វាងរួមគ្នា ដែលនាំឱ្យអរិយធម៌មនុស្សជាតិនឹងមានវឌ្ឍនភាពឈានឡើង>>។

ចិនសាស្រ្តបានក្លាយជាមុខវិជ្ជា និងជាត្រីវិស័យនៃការសិក្សាដោយជនបរទេសបានទទួលពុទ្ធិ និងបទពិសោធន៍ពីការលាតត្រដាង ដោយអ្នកជំនាញជនជាតិចិនពីអរិយធម៌ ដែលមានអាយុកាលជាង ៥ពាន់ឆ្នាំរបស់ប្រទេសចិន ហើយដែលអ្នកឯកទេសនានា របស់បរទេសបាននិងកំពុងសិក្សាយ៉ាងស៊ីជម្រៅដើម្បីបង្កើនភាពជិតស្និទ្ធ និងតំណភ្ជាប់កាន់តែរឹងមាំ រវាងបរទេសនិងចិន តាមរយៈការសិក្សាពីចិន។ ជាសច្ចភាព ចិនសាស្ត្របានបង្កើនភាពទាក់ទងគ្នា តាមរយៈអ្នកឯកទេសចិនវិជ្ជា និងចិនវិទូមកពីជុំវិញពិភពលោក ដែលជាស្ពានតភ្ជាប់ រវាងអរិយធម៌ចិន និងអរិយធម៌មនុស្សជាតិ ហើយតាមរយៈការរួមគ្នា ខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្ត ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពពីគំនិតផ្តួចផ្តើម <<អរិយធម៌សកល>> ដើម្បីរួមកម្លាំងគ្នាពង្រឹងការយល់ដឹងកាន់តែស៊ីជម្រៅ ពង្រីកវិមាត្រ កាន់តែទូលំទូលាយនិងយូរអង្វែងនៃមិត្តភាព និងបង្កើនបរិមាណកាន់តែធំនិងឈ្នះ-ឈ្នះ នៃកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធរវាងចិន និងពិភពលោក ស្របនឹងគោលបំណងនៅក្នុងសន្និសីទពិភពលោក លើកទី២នៃចិនសាស្រ្ត កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ហើយត្រូវបានគូសបញ្ជាក់ ដោយលោក Ji Bingxuan ប្រធានសមាគមចិនសម្រាប់ការយល់ដឹងអន្តរជាតិ ថា <<ចិនសាស្ត្របាននិងកំពុងរួមចំណែកអនុវត្តយ៉ាងសកម្ម នូវគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសន្ទនារវាងអរិយធម៌ចិននិងបរទេស។

តាមរយៈចិនសាស្ត្រ មនុស្សជាតិនឹងរួមដៃគ្នា ដើម្បីបន្តក្តីសុបិននៃការអភិវឌ្ឍ និងរួមចំណែកដល់បុព្វហេតុ នៃទំនើបកម្មពិភពលោក ព្រមទាំងកសាងមូលដ្ឋានគ្រឹះសន្តិសុខ រួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក>>។ បន្ថែមពីលើនេះ ចិនសាស្រ្តនឹងប្រមូលផ្តុំពន្លឺនៃអរិយធម៌ និងរួមចំណែកដល់ការទទួលមរតក និងនវានុវត្តនៃវប្បធម៌ របស់មនុស្សជាតិ ដើម្បីរួមគ្នាកសាងស្ពានដ៏រឹងមាំ និងភាពរលូននៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយផ្តោតជាពិសេសលើការរួមចំណែក លើកកម្ពស់ការយោគយល់គ្នា ទៅវិញទៅមក និងការស្រឡាញ់គ្នាទៅវិញទៅមក។ ចិនដែលជាប្រជាជាតិរាប់អាន ផ្តល់តម្លៃយ៉ាងខ្លាំងចំពោះមិត្តភាព ស្របនឹងគតិដ៏មានតម្លៃជាសកលរបស់ខុងជឺដែលបានពោលថា <<មានមិត្តមកពីឆ្ងាយ ជាសុភមង្គលរបស់ម្ចាស់ផ្ទះ>> ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញថា ចិនសាស្ត្របានក្លាយជាប្រទីបបំភ្លឺរស្មីនៃមិត្តភាព ប្រកបដោយវិបុលភាព និងភាតរភាព សម្រាប់មនុស្សជាតិ។

ចិនសាស្ត្រដែលបានបន្តដំណើររាប់ពាន់ឆ្នាំមកនេះ បានក្លាយជាមុខជំនាញដ៏ល្បីខ្ទរខ្ទាមួយ ដែលក្នុងរយៈពេល១ទសវត្សរ៍នេះ ជនបរទេសនៅក្នុងប្រទេសជាច្រើន បានយកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រ ស្រាវជ្រាវ ចែករំលែក ផ្សព្វផ្សាយ និងរួមចំណែកជាមួយជនជាតិចិនក្នុងការអភិវឌ្ឍចិនសាស្ត្រ នេះដោយផ្អែកលើមូលដ្ឋាននៃការរៀនសូត្រទៅវិញទៅមក រវាងអ្នកសិក្សាចិន ដោយប្រកាន់ខ្ជាប់នូវសមភាព ការសន្ទនា និងការយល់ដឹងពីអរិយធម៌ចម្រុះរបស់មនុស្សជាតិ។

ចិនសាស្រ្តបានគូសបញ្ជាក់ពីកម្លាំងចលករសំខាន់របស់អ្នកសិក្សាចិន សម្រាប់ការលើកកម្ពស់វឌ្ឍនភាព នៃអរិយធម៌មនុស្សជាតិដោយផ្តើមពីចិនវិជ្ជា ហើយប្រកាន់ខ្ជាប់នូវមូលដ្ឋាន នៃគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានចាក់ឫសចូលជ្រៅទៅក្នុងការយល់ដឹងពីភាពចម្រុះនៃអរិយធម៌សកល និងកិច្ចខិតខំពង្រឹងនិងអភិវឌ្ឍ ទ្រឹស្តីប្រវត្តិសាស្រ្តពិភពលោក ព្រមទាំងការរួមគ្នាគិតគូសវាសប្លង់មេ នៃសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ហើយសម្រេចបាននូវការអភិវឌ្ឍសកល ប្រកបដោយភាពច្បាស់លាស់លើគំរូ នៃការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ អភិបាល កិច្ចសកល និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងការសម្រេចបាន នូវលទ្ធផលជាក់ស្តែងសម្រាប់ទាំងអស់ ស្របនឹងសុភាសិតសកលថា <<រៀនចេះភាសាចិន មានមិត្តនៅជុំវិញពិភពលោក>> ហើយមានតែយើងយល់ពីភាសាគ្នា ទៅវិញទៅមក ទើបយើងអាចសើច-យំជាមួយគ្នាបាន ព្រមទាំងមានភាសាបេះដូង ដែលបរិយាយត្រង់ទៅត្រង់មកមិនចេះចប់។ជាក់ស្តែង គោលការណ៍សន្តិភាពបញ្ចសីលារបស់ប្រទេសចិន ក្នុងរយៈពេល៧០ឆ្នាំមកនេះ បានជ្រាតចូលទៅក្នុង ផ្នត់គំនិតមនុស្សជាតិ តាមរយៈអ្នកជំនាញចិនវិជ្ជា ឬអ្នកសិក្សាចិន ឬចិនសាស្រ្ត ដែលបានរួមចំណែកក្នុងរង្វង់នៃកិច្ចអភិវឌ្ឍសកល។

ជារួមចិនសាស្រ្តដែលនឹងក្លាយជាមុខវិជ្ជាសិក្សាមួយ នៅក្នុងសង្គមដោយពន្យល់យ៉ាងច្បាស់លាស់ពីចិនវិជ្ជា ដល់អ្នកសិក្សាស្រាវជ្រាវពីប្រទេសចិន ក្នុងពេលដែលចិនសាស្រ្តនឹងក្លាយជា ឯកទេសដ៏ពោរពេញដោយ គរុសភាក្នុងការផ្សព្វផ្សាយពី គុណតម្លៃនៃអរិយធម៌ចិន និងហ្សែនសន្តិភាពរបស់ជនជាតិចិនដែលពន្លាតវិសាលភាព ជាង៥ពាន់ឆ្នាំកន្លងមកនេះជា សក្ខីភាពបញ្ជាក់ស្រាប់។ ចិនសាស្រ្តដែលបានផ្តល់ នូវការសិក្សាពីចិនវិជ្ជា ឬជំរុញការយល់ដឹងនៃការសិក្សាចិន នឹងរួមចំណែកបង្កើនការអភិវឌ្ឍសកល តាមរយៈទំនើបកម្មសង្គម របស់ប្រទេសចិន ដែលជាកាលានុវត្តភាព និងជាគំរូភាព ព្រមទាំងជានិម្មិតរូបនៃការចែករំលែកដល់ប្រទេសនានា ពីបទពិសោធន៍របស់ប្រទេសចិន ដែលជាកាតាលីករដ៏សំខាន់នៃការជំរុញល្បឿនទំនើបកម្មសកល៕

ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...