(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាជាមួយ លោកស្រី Bridgette L Walker ភារធាទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន។
ក្នុងជំនួបនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកិច្ចសង្រ្គោះ ជនរងគ្រោះដោយសារមីននៅកម្ពុជា ក្នុងនោះសហរដ្ឋអាមេរិក គឺជាប្រទេសម្ចាស់ជំនួយធំជាងគេដែលបានរួមចំណែកដល់វិស័យសកម្មភាពមីនមនុស្សធម៌ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា។
លោកបានវាយតម្លៃខ្ពស់ចំពោះភាពដៃគូ និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ព្រមទាំងបានទទួលស្គាល់ចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិក អស់រយៈពេលជាង ៣០ ឆ្នាំ ពិតជាបានជួយសង្រ្គោះអាយុជីវិត និងផ្តល់ដីប្រកបដោយសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជាបានយ៉ាងច្រើន តាមរយៈវិស័យសកម្មភាពមនុស្សធម៌នេះ។
តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ព្រមទាំងបានស្នើសុំឱ្យសហរដ្ឋអាមេរិក បន្តការគាំទ្រដល់សកម្មភាពមីន ក្នុងនោះរួមមាន ការផ្តល់សម្ភារបោសសម្អាតមីននិងគ្រាប់ អាវការពារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសជាដើម។ ជាងនេះទៅទៀត ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យសហរដ្ឋអាមេរិក បង្កើនការគាំទ្រសម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោម ដែលជាកិច្ចការអាទិភាពទី២របស់កម្ពុជា បន្ទាប់ពីការងារបោសសម្អាតមីន។
ជាមួយគ្នានោះ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅរបស់អនុសញ្ញា និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ សហរដ្ឋអាមេរិក លើការអនុវត្តអនុសញ្ញាអូតាវ៉ា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ទោះបីសហរដ្ឋអាមេរិក មិនមែនជារដ្ឋភាគី។
លោកស្រី Bridgette L Walker បានសម្តែងនូវការអបអរសាទរចំពោះភាពជាប្រធានរបស់កម្ពុជាសម្រាប់អនុសញ្ញាអូតាវ៉ា និងការរួមចំណែករបស់កម្ពុជាដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ព្រមទាំងបានកោតសរសើរកម្ពុជា ក្នុងភាពជាអ្នកដឹកនាំ និងជំនាញសម្រាប់វិស័យសកម្មភាពមីន។ ជាមួយគ្នានោះ លោកស្រី Bridgette L Walker បានបញ្ជាក់ថា សហរដ្ឋអាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕