ឆ្លងចរន្តអគ្គិសនី​បណ្តាលឲ្យឆាបឆេះរោងចក្រ​ SDY Company Construction Interior Design-Furniture នៅខណ្ឌសែនសុខ,​ នគរបាលប្រើប្រាស់ឡានអស់​១៤២គ្រឿង​ ទើបគ្រប់គ្រងបានទាំងស្រុង

Posted By: RoogRog Robot | 05-Nov-2024 15:02:53

2024-11-05 02:59pm

(ភ្នំពេញ)៖​ អគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩៖១០នាទីយប់ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ស្ថិតចំណុចរោងចក្រ​ SDY Company Construction Interior Design-Furniture ផលិតទ្វារ,​ បង្អួច​ តាមផ្លូវបេតុង​ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យបណ្តាញព័ត៌មាន​ Fresh News ដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បានបន្តទៀតថា​ ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣០គ្រឿង ក្នុងនោះរួមមាន៖ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់១២៦ឡាន ស្មើរនឹង៥០៤ម៉ែត្រគូប​ និងរថយន្តជំនួយមកពីកងពលតូចលេខ​ ង៧០​ ចំ​នួន០៦គ្រឿង​ ប្រើប្រាស់ទឹកអស់១២ឡាន​ ស្មើនឹង៤៨ម៉ែត្រគូប,​ ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង​ ប្រើប្រាស់ទឹកអស់០២ឡាន​ ស្មើនឹង១២ម៉ែត្រគូប​ និងរថយន្តបុរី​ ប៉េង​ ហួត​ បឹងស្នោ​ ចំនួន០២គ្រឿង​ ប្រើប្រាស់ទឹកអស់០២ឡាន​ ស្មើនឹង១២ម៉ែត្រគូប។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បានបន្តទៀតថា​ ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ដែកប្រក់ស័ង្កសី​ ទំហំ​ (៦០ម៉ែត្រ​ x ៩០ម៉ែត្រ)​ ឆេះរោងស្តុបកម្ទេចឈើទុកចោល​ ទំហំ​ (៦ម៉ែត្រ​ x ៣០ម៉ែត្រ)​ ចំនួន០១រោង​ រួមមាន​ ទ្វារ,​ បង្អួត​ និងកម្ទេចឈើអស់ទាំងស្រុង ហើយពុំបានរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង​៤៖៣០នាទីទាបភ្លឺឈានចូលថ្ងៃទី០៥​ ខែឆ្នាំដដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា​ គឺបណ្តាលឲ្យមកពីការ​ឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ​ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ៕





























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...