មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកជាឃាតករលាក់មុខ កំពុងកើនឡើង ក្លាយជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំនៅកម្ពុជា

Posted By: RoogRog Robot | 05-Nov-2024 14:57:39

2024-11-05 02:56pm

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ជំងឺមហារីកបាននឹងកំពុងកើនឡើង និងក្លាយជាឃាតករលាក់មុខ ដែលបានសម្លាប់មនុស្សប្រមាណ ៩.៧ លាននាក់ទូរទាំងសកលលោក បើផ្អែកទៅរបាយការណ៍របស់អង្គការសុខភាពពិភពលោក ឆ្នាំ២០២២។ ដោយឡែកនៅកម្ពុជា ជំងឺនេះបានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលក្លាយជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយសម្រាប់កម្ពុជា។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការជាតិ ប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកវេជ្ជបណ្ឌិតបានថ្លែងបន្ដថា ក្រៅពីមរណៈភាព ជំងឺមហារីកមានឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើសុខភាពផ្លូវកាយ អារម្មណ៍ និងសង្គម។ ក្រៅពីការឈឺចាប់ និងអស់កម្លាំង រួមជាមួយនឹងផលប៉ះពាល់នៃការព្យាបាលដូចជាចង្អោរ និងភាពស៊ាំចុះខ្សោយ អ្នកជំងឺប្រឈមមុខនឹងការថប់បារម្ភបាក់ទឹកចិត្ត និងការភ័យខ្លាចនៃការកើតឡើងវិញ ដែលជារឿយៗមានអារម្មណ៍ឯកោពីមិត្តភក្កិ និងក្រុមគ្រួសារ។ នៅក្នុងសង្គម ទំនាក់ទំនងអាចកាន់តែតានតឹង ហើយបន្ទុកផ្នែកហិរញ្ញវត្ថុនៃការព្យាបាលជាទម្ងន់មួយដ៏ធំ សម្រាប់បុគ្គលផ្ទាល់ និងក្រុមគ្រួសារ។

សរុបមកមហារីកអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គុណភាពជីវិតរបស់មនុស្ស ដោយកំណត់សកម្មភាពប្រចាំថ្ងៃ និងអាចនាំឱ្យមានបញ្ហាសុខភាពរយៈពេលវែង។ ការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ គឺត្រូវបានចាត់ទុកជាអាទិភាពមួយ ដែលមិនអាចខ្វះបាន ដើម្បីឈានឆ្ពោះទៅសម្រេចគោលដៅ នៃការគ្របដណ្តប់សុខភាពជាសកល និងផែនការអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅប្រែក្លាយកម្ពុជាឲ្យក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមដំណាច់ឆ្នាំ២០៣០។

លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ទៀតថា <<ក្រសួងសុខាភិបាល និងអង្គការដៃគូកន្លងមក ជាពិសេសនាយកដ្ឋានការពារសុខភាព ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា បានខិតខំប្រឹងប្រែងរៀបចំគោលនយោបាយ ពង្រឹង និងពង្រីកសេវាការពារ និងស្រាវជ្រាវស្វែងរកករណីជំងឺមហារីក នៅតាមមណ្ឌលសុខភាព សេវាថែទាំ និងព្យាបាលជំងឺមហារីកនៅមន្ទីពេទ្យថ្នាក់ជាតិមួយចំនួន។ តែលទ្ធផលសម្រេចបានហាក់មិនទាន់ឆ្លើយតបគ្រប់គ្រាន់ តាមតម្រូវការរបស់ប្រជាពលរដ្ឋនៅឡើយ។ អាស្រ័យហេតុនេះ យើងត្រូវខិតខំបន្ថែមទៀត ដើម្បីបំពេញចន្លោះខ្វះខាត។ ការបង្កើតនូវផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនេះ មានសារសំខាន់ណាស់សម្រាប់ជួយតម្រង់ទិស និងកៀរគរធនធាន និងការចូលរួមពីគ្រប់វិស័យ និងគ្រប់ភាគីទាំងស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍព្រមទាំងប្រជាពលរដ្ឋផងដែរ ដើម្បីរួមកម្លាំងគ្នាជាធ្លុងមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ>>។

ដូច្នេះសិក្ខាសាលាថ្ងៃនេះ គឺជាកាលានុវត្តភាពមួយ ដែលអាចផ្ដល់នូវធាតុចូលសំខាន់ៗ ដែលបានមកពីការស្រាវជ្រាវ ចំណេះដឹង និងបទពិសោធន៍ជាច្រើនឆ្នាំមន្ដ្រីសុខាភិបាល ក្នុងគោលបំណង កែលម្អរ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនេះ ឲ្យកាន់តែល្អប្រសើរមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមស្របជាមួយបរិបទកម្ពុជា ដើម្បីជួយតម្រង់ទិសនអន្តរាគមន៍ ដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព។ ការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត៕





































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...