អង្គកឋិនទាន «មហាសាមគ្គីគ្រួសារខ្មែរ» ដង្ហែទៅកាន់វត្តខ្មែរក្រោម ត្រូវបញ្ចប់ដោយជោគជ័យ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញ

Posted By: RoogRog Robot | 05-Nov-2024 13:34:55

2024-11-05 01:30pm

(ត្រាវិញ-វៀតណាម)៖ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែមកកាន់ខ្មែរក្រោម ផ្តួចផ្តើម​ដោយ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក​ជំទាវ​បណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នជាតិ ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានបញ្ចប់​ដោយ​ជោគ​ជ័យហើយ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

បន្ទាប់ពីដឹកនាំដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យរួចមក សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានដឹកនាំអញ្ជើញគណៈប្រតិភូវិលត្រឡប់ មកកាន់ប្រទេសកម្ពុជាវិញ។

គួររំលឹកថា បន្ទាប់ពីបានក្រុងពាលី និងសូត្រមន្តតាមពិធីសាសនារួចរាល់កាលពីថ្ងៃរសៀលទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ រួចរាល់ហើយនោះ នៅ​វេលា​ម៉ោងប្រមាណ ៥ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំ​ដង្ហែ​អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ ឆ្ពោះមកកាន់វត្តពោធិគិរីវង្សារាម។

បន្ទាប់ពីការធ្វើដំណើរដោយចំណាយថេរវេលា​ស​រុបប្រមាណជា៦ម៉ោង បូករួមទាំងការផ្លាស់ប្តូររថយន្ត នៅព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល​ផងនោះ នៅវេលាម៉ោងជិត ១រសៀល ក្បួនដង្ហែអង្គកឋិនទានបានដង្ហែដល់ទីរួមខេត្តត្រាវិញ។

នៅវេលាម៉ោងជាង២រសៀល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនិងគណៈប្រតិភូ ក៏បានអញ្ជើញមក​ថ្វាយ​បង្គំ និងបូជាព្រះរតនត្រ័យ ព្រមទាំងសំណេះសំណាលជាមួយពលរដ្ឋខ្មែរក្រោម នៅវត្តពោធិគិរីវង្សា​រាម។ អង្គកឋិនដ៏កម្រលើទឹកដីខ្មែរក្រោម បាននាំឱ្យប្រជាពលរដ្ឋខ្មែរក្រោមពីគ្រប់ទិសទីស្កាត់មក​រង់​ចាំទស្សនាក្បួនដង្ហែអង្គកឋិនទាន ក៏ដូចជាចង់ឃើញសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយទឹកចិត្តរីករាយ។

នៅព្រឹកថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក៏បានរៀបចំដង្ហែប្រទក្សិណនៅជុំវិញព្រះវិហារវត្តស្វាយ​សៀម​ថ្មីចំនួន ៣ជុំ បន្ទាប់មកក៏បានវេប្រគេនគ្រឿងបរិក្ខារនៃអង្គកឋិនទានប្រគេនដល់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។

តាមរយៈអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីការប្រគេនបរិក្ខារ​នានាដល់ព្រះ​សង្ឃវត្តស្វាយសៀមថ្មីហើយនោះ ក៏បានកៀរគរបច្ច័យបានជាង ៩០ម៉ឺនដុល្លារប្រគេន​ដល់ព្រះសង្ឃ​គង់​នៅវត្តស្វាយសៀមថ្មី និងបានប្រគេនដល់វត្តចំនួន១៤២វត្តផ្សេងទៀត នៅក្នុងខេត្តត្រាវិញ ក្នុងមួយវត្តបច្ច័យ ១ម៉ឺនដុល្លារអាមេរិក៕













































































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...