(ភ្នំពេញ)៖ ក្រោយជោគជ័យក្នុងការអនុវត្តនៅដំណាក់កាលទី១ គម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី២ ក៏ត្រូវបានប្រកាសដាក់ឱ្យអនុវត្តបន្តទៀត អមជាមួយការសម្ពោធសៀវភៅមគ្គុទ្ទេសក៍ឯកសារសិល្បៈនិងវប្បធម៌ <<ទេពហត្ថា>> ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ្សាក់ ពើលឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា។
ចំពោះសៀវភៅមគ្គុទ្ទេសក៍ឯកសារសិល្បៈនិងវប្បធម៌ <<ទេពហត្ថា>> ជាភាសាខ្មែរ ត្រូវបាននិពន្ធដោយលោក ហ្សាវីយេ ដឺឡូហ្សាន (Xavier de Lauzanne) ដោយបង្ហាញនូវកេរដំណែលដ៏អស្ចារ្យនៃរបាំព្រះរាជទ្រព្យខ្មែរ។ សៀវភៅមគ្គុទ្ទេសក៍នេះ ដំបូងឡើយ គឺសរសេរជាភាសាបារាំងដោយក្រុមការងារសាលាបារាំង (Lycée français René Descartes) ហើយអង្គការស៊ីប៉ាបានរៀបចំកែសម្រួលសៀវភៅនេះទៅជាភាសាខ្មែរ ដើម្បីផ្តល់ជូនសាលារៀននិងគ្រូបង្រៀននៅកម្ពុជានូវធនធានថ្មី សម្រាប់ការអប់រំសិស្សអំពីវប្បធម៌ខ្មែរដ៏សម្បូរបែប។ សៀវភៅមគ្គុទ្ទេសក៍ជាភាសាខ្មែរនេះ មានគោលបំណងចូលរួមជំរុញឱ្យមានការផ្តល់តម្លៃលើសិល្បៈកាន់តែស៊ីជម្រៅ និងមានគោលបំណងលើកកម្ពស់កិច្ចពិភាក្សាអំពីប្រធានបទពាក់ព័ន្ធនឹងសិល្បៈ។
បន្ទាប់ពីការសម្ពោធសៀវភៅ <<ទេពហត្ថ>> ខាងលើ គឺការបង្ហាញការលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី១ (តុលា ២០២១ - កញ្ញា ២០២៤) និងការប្រកាសបន្តគម្រោងដំណាក់កាលទី២ (តុលា ២០២៤ - ឧសភា ២០២៧)។ ការអនុវត្តគម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី១៖ តម្រង់ទិសវិជ្ជាជីវៈ ការពង្រឹងអំណាច ការអភិវឌ្ឍយុវជន និងការចូលរួមការងារសហគមន៍របស់យុវជននៅតំបន់ជនបទនៃកម្ពុជា ដែលជាគម្រោងរយៈពេល៣ឆ្នាំ (តុលា ២០២១ ដល់កញ្ញា ២០២៤) ក្រោមកិច្ចសហការឧបត្ថម្ភពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។
លោក ហុក សុទ្ធិ អគ្គនាយកអង្គការស៉ីប៉ា បានឱ្យដឹងថា គម្រោងនេះផ្តួចផ្តើមឡើងដោយអង្គការស៊ីប៉ា សហការជាមួយនាយកដ្ឋានចំនួន៥នៃក្រសួងអប់រំ យុវជន និងកីឡា (នាយកដ្ឋានមធ្យមសិក្សា នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នាយកដ្ឋានបរិវត្តកម្មឌីជីថល អគ្គនាយដ្ឋានយុវជន និងនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា) និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកចំនួន២ គឺអង្គការយុវតារា និងអង្គការ Passerelles Numériques Cambodia (PNC) ដែលមានគោលបំណងលើកកម្ពស់ការសិក្សា ជំនាញឌីជីថល ឱកាសការងារ និងការចូលរួមការងារសហគមន៍របស់យុវជននៅតាមតំបន់ជនបទ។
លោក ហុក សុទ្ធិ បានបន្តថា ក្នុងដំណាក់កាលទី១នៃគម្រោងនេះ យុវជនកម្ពុជាចំនួន២៧០០០នាក់ នៅវិទ្យាល័យចំនួន១៦ ក្នុងខេត្តចំនួន១៤ បានទទួលអត្ថប្រយោជន៍ពីសេវាកម្មថ្មីៗដែលផ្តល់ដោយបណ្ណាល័យទំនើប (ការលើកកម្ពស់ការអាន ការតម្រង់ទិសវិជ្ជាជីវៈ ការអភិវឌ្ឍជំនាញឌីជីថល) និងការងារសហគមន៍។
បើតាមលោក ហុក សុទ្ធិ សម្រាប់ដំណាក់កាលទី២នៃគម្រោងស្តីពីការអនុវត្តគម្រោងអភិវឌ្ឍន៍យុវជន មានរយៈពេល៣២ខែ គិតចាប់ពីខែតុលា ឆ្នាំ២០២៤តទៅ ដើម្បីគ្របដណ្ដប់ឱ្យបាន២៤ខេត្ត (មិនរាប់រាជធានីភ្នំពេញឡើយ)។ គោលដៅចម្បងនៃដំណាក់កាលទី២នេះ គឺបន្តការគាំទ្រដល់គោលនយោបាយជាតិស្ដីពីយុវជន ក៏ដូចជាចូលរួមចំណែកតម្រង់ទិសវិជ្ជាជីវៈ និងការស្ម័គ្រចិត្តក្នុងសហគមន៍សម្រាប់អ្នកទទួលផលប្រហែល៤ម៉ឺននាក់ ដែលជាយុវជនមកពីវិទ្យាល័យចំនួន២៦ មជ្ឈមណ្ឌលយុវជនចំនួន៣ ព្រមទាំងបង្កើតសហគមន៍មូលដ្ឋានចំនួន២៣ទៀត ដែលគ្រោងចំណាយថវិកាសរុបចំនួន ៩៨២,៦៦០ដុល្លារ ក្នុងនោះ៨០ភាគរយទទួលបានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និង២០ភាគរយទៀតជាបន្ទុករបស់អង្គការស៉ីប៉ានិងដៃគូផ្សេងទៀត។
ជាមួយនឹងការគាំទ្រពេញទំហឹង លោកឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ពើល្លេ (Jacques Pellet) បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍យុវជននៅដំណាក់កាលទី១ ក៏ដូចជាការបន្តដំណាក់កាលទី២នេះ ក៏មានលក្ខណៈសមស្របទៅនឹងគោលនយោបាយរបស់ភាគីកម្ពុជានិងបារាំង ពិសេសគឺផ្ដល់ទៅឱ្យយុវវ័យនៅតាមខេត្តនូវចំណេះដឹង អំណាន ការអប់រំ និងឱកាសចូលរួមការងារស្ម័គ្រចិត្តជាដើម។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងថា ការផ្សព្វផ្សាយនូវគម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី២នេះ គឺបង្ហាញពីការប្ដេជ្ញាចិត្តនូវការយកចិត្តទុកដាក់រួមគ្នារវាងដៃគូអភិវឌ្ឍជាមួយអង្គភាពពាក់ព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ។ លោកឧបនាយករដ្ឋមន្ត្រី បានគាំទ្រចំពោះការសម្រេចចិត្តក្នុងការពង្រឹងនិងពង្រីកវិសាលភាពនៃការអនុវត្តសកម្មភាពអប់រំ និងតម្រង់ទិសវិជ្ជាជីវៈរហូតដល់២៤ខេត្តគោលដៅ សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍យុវជននៅដំណាក់កាលទី២នេះ។
ចំពោះការសម្ពោធសៀវភៅមគ្គុទ្ទេសក៍ឯកសារសិល្បៈនិងវប្បធម៌ <<ទេពហត្ថា>> ជាភាសាខ្មែរ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បង្ហាញការគាំទ្រយ៉ាងពេញទំហឹង ដោយលោកចាត់ទុកថា ឯកសារដ៏មានសារសំខាន់មិនអាចកាត់ថ្លៃបាននេះ នឹងផ្ដល់ឱ្យយុវជនកម្ពុជាបានស្គាល់ បានរៀន បានដឹងពីគុណតម្លៃនៃរបាំព្រះរាជទ្រព្យ និងរបាំបុរាណផ្សេងៗទៀតរបស់កម្ពុជា ពិសេសគឺចូលរួមលើកកម្ពស់អត្តសញ្ញាណជាតិ លើកកម្ពស់វប្បធម៌ជាតិ។
គួរជម្រាបថា គណៈអធិបតី និងអង្គសិក្ខាសាលាក៏បានទស្សនាការសម្ដែងនូវរបាំព្រះរាជទ្រព្យផងដែរ ជាមួយនឹងការស្ងើចសរសើរក្រៃលែងចំពោះមរតកសិល្បៈបុរាណខ្មែរ៕