ជនជាតិដើមភាគតិចពូនង១៣៣គ្រួសារ ទទូចឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាមួយលោក ឈាង ប៉ាក់សួរ ក្រោយអូសបន្លាយយូរឆ្នាំ

Posted By: RoogRog Robot | 21-May-2025 15:34:25

2025-05-21 03:31pm

(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនងចំនួន១៣៣គ្រួសារ កំពុងស្នើឱ្យអាជ្ញាធរខេត្តមណ្ឌលគិរី ជួយស្រាវជ្រាវ ពិនិត្យ និងដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយកន្លែងស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឱ្យមានភាពត្រឹមត្រូវ ដើម្បីទទួលបាននូវភាពយុត្តិធម៌ទាំងសងខាង ព្រោះពួកគាត់ក៏ចង់បានប្លង់រឹងកាន់កាប់ដោយស្របច្បាប់ផងដែរ។

ទីតាំងដីខាងលើនោះជាដីគម្របព្រៃឈើរបស់រដ្ឋ ហើយកាលណោះឈ្មោះ ឈាង ប៉ាក់សួរ បានទិញពីឈ្មោះ សាន សូត្រ ហៅ ប្លោក និងដីមួយចំនួនទិញពីស្រ្តីម្នាក់នៅសង្កាត់រមនា ព្រមទាំងដីមួយចំនួនទៀតប្រមូលទិញពីបងប្អូន ជនជាតិពូនង តែការលក់ទិញកាលណោះគឺអាចលក់ទិញៗជាន់គ្នាជាច្រើនដង ដែលជាកត្តាធ្វើឱ្យអាជ្ញាធរពិបាកក្នុងការដោះស្រាយ។ នេះបើតាមការបង្ហើបរបស់មន្រ្តីជាន់ខ្ពស់នៅសាលាខេត្តមណ្ឌលគិរី។

មន្រ្តីរូបនេះបានបន្តថា កាលណោះរដ្ឋបាលខេត្ត បានប្រជុំផ្តួចផ្តើមថានឹងយកដីទំនាស់ទំហំជិត៣០០ហិកតានេះ ធ្វើជាតំបន់រដ្ឋបាលប្រមូលផ្តុំ តែការប្រជុំកាលនោះមិនសម្រេចទេ ធ្វើឱ្យទីតាំងក្លាយជាដីទំនាស់រ៉ាំរ៉ៃមកដល់សព្វថ្ងៃ។

ពាក់ព័ន្ធនឹងជម្លោះដីធ្លីយូរឆ្នាំនេះ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី ទទួលបន្ទុកដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងទី២១ ខែឧសភា ឆ្នាំ២០២៥ថា ដីទំនាស់នៅទីតាំង ខាងលើនោះ គឺបានអូសបន្លាយអស់រយៈពេលជាយូរឆ្នាំមកហើយ ដែលមានបងប្អូនប្រជាពលរដ្ឋចំនួន១៣៣គ្រួសារ ដែលមានដីអាស្រ័យផល និងផ្ទះសម្បែងនៅទីនោះ ដែលមានផ្ទៃដី២៤៥.៤២ហិកតា ៣៤ក្បាលដី ហើយលោកផ្ទាល់ និងក្រុមការងារ បាននិងកំពុងបន្តដោះស្រាយវិវាទរវាងគូរភាគីទំនាស់នេះ ជូនពួកគាត់ជាច្រើនលើកច្រើនសារ តែហាក់បីនៅតែមិនទទួលបានភាពជោគជ័យឡើយ។

លោកអភិបាលរងខេត្ត បានបន្តថា មូលហេតុដែលនាំឱ្យការដោះស្រាយមិនសូវទទួលបានជោគជ័យ នោះបណ្តាលមកពីមិនមានវត្តមានគ្រប់ភាគីទំនាស់ចូលរួមនោះទេ។

ជាមួយគ្នានេះលោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងទៀតថា ជុំវិញដីទំនាស់ដ៍រ៉ាំរ៉ៃនៅទីតាំងខាងលើនេះ បើតាមការស្រាវជ្រាវរបស់អាជ្ញាធរបានរកឃើញថា មានការទិញ លក់នៅទីតាំងជាន់គ្នា។ ប្រជាពលរដ្ឋចំនួន១៣៣គ្រួសារ ដែលកំពុងរស់នៅនិងអាស្រ័យផលមានផលដំណាំ និងផ្ទះសម្បែងផងនោះមានទំនាស់រ៉ាំរ៉ៃជាមួយលោក ឈាង ប៉ាក់សួរ ដែលមានរយៈពេលជាយូរឆ្នាំមកហើយ ហើយខាងភាគី លោក ឈាង ប៉ាក់សួរ ក៏បានទទួលបានប្លង់កាន់កាប់ស្របច្បាប់ដែរ។

លោក ចាន់ រតនា បានបញ្ជាក់ថា ទោះបីជាភាគីខាងណាមានប្រៀបជាងភាគីខាងណាក៍ដោយ សម្រាប់អាជ្ញាធរខេត្តនៅតែបន្តនិតិវិធី និងរាយការណ៍ជូនលោកអភិបាលខេត្តដើម្បីសុំគោលការណ៍ពីថ្នាក់លើ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីនេះ ឱ្យបានកាន់តែឆាប់រហ័សនិងមានប្រសិទ្ធភាព៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...