(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាអន្តរជាតិ ជាការលើកកម្ពស់ទម្រង់អន្តរជាតិរបស់កម្ពុជា។
លោកបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី <<លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ>> នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ដែលរៀបចំដោយ គណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលត្រូវបានបើកក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
លោក អ៊ុច បូររិទ្ធ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងសភា និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តាមរយៈការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័នទាំងបី ដែលជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តគោលនយោបាយការបរទេស។ ភាពជាដៃគូរវាងស្ថាប័ននេះ មិនត្រឹមតែមានលក្ខណៈជាមុខងារប៉ុណ្ណោះទេ តែមានលក្ខណៈជាយុទ្ធសាស្ត្រ ដែលបានរួមចំណែកដល់ការពង្រឹងភាពជឿជាក់ គណនេយ្យភាព និងឯកភាពនៅ ក្នុងការប្តេជ្ញាចិត្តអន្តរជាតិរបស់កម្ពុជា។ កិច្ចសហប្រតិបត្តិការរួមគ្នារវាងស្ថាប័នទាំងបី និងបង្កើតរណសិរ្សរួមការពារផលប្រយោជន៍ជាតិ ទន្ទឹមនឹងការលើកតម្កើងតម្លៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។
លោក អ៊ុច បូររិទ្ធ បានបន្តថា លទ្ធផលជាក់ស្តែងនៃភាពជាដៃគូនេះត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ នៅក្នុងអំឡុង សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកាឆ្នាំមុន ដែលនៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់មេដាយសន្តិភាពដើម្បីប្រជាជន និងភពផែនដី។ កិត្តិយសអន្តរជាតិ ដ៏វិសេសវិសាលនេះ ជាការទទួលស្គាល់ចំពោះការដឹកនាំជាប្រវត្តិសាស្ត្ររបស់ សម្តេច ក្នុងការបញ្ចប់ជម្លោះដោយមិនប្រើកម្លាំង តាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ និងការប្តេជ្ញា ធ្វើពលីកម្មរបស់សម្តេច ដើម្បីសន្តិភាព ការផ្សះផ្សាជាតិ និងការអភិវឌ្ឍប្រទេស។
បន្ថែមលើនេះ លោក អ៊ុច បូររិទ្ធ បានរំលេចថា ប្រធានាធិបតីនៃប្រទេសទីម័រខាងកើតបានប្រគល់គ្រឿងឥស្សរិយយសជាតិខ្ពស់បំផុតរបស់ប្រទេសជូនដល់សម្តេចតេជោ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេច ទៅកាន់ទីក្រុងឌីលី។ ទាំងនេះមិនមែនគ្រាន់តែជាការកោតសរសើរជាឯកជនប៉ុណ្ណោះទេ តែជានិមិត្តរូបនៃឥទ្ធិពលការទូតដែលកំពុងកើនឡើងរបស់កម្ពុជាលើមូលដ្ឋានគ្រឹះនៃសន្តិភាព ការសន្ទនា និងការចូលរួមផ្អែកលើគោលការណ៍ និងលើច្បាប់។ ការណ៍នេះក៏បានឆ្លុះបញ្ចាំង ឱ្យឃើញផងដែរ ពីភាពជោគជ័យនៃ <<ការទូតសភា>> ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាការបំពេញបន្ថែមលើការអនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជា។
លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា <<តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាអន្តរជាតិ ដូចជា សហភាពអន្តរសភា (IPU) សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងវេទិកាអន្តរសភាក្នុងតំបន់ និង ពិភពលោកផ្សេងទៀត សមាជិក និងសមាជិការសភាកម្ពុជាបានរួមចំណែកដោយផ្ទាល់ដល់ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព។ វេទិកាទាំងនេះបានផ្តល់ជាវេទិកាដ៏មានតម្លៃសម្រាប់សំឡេងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ស្ថាបនាចំណងមិត្តភាពទ្វេភាគី និងពហុភាគី និងការគាំទ្រដល់គោលដៅគោលនយោបាយ ការបរទេសរបស់រាជរដ្ឋាភិបាល តាមរយៈការចូលរួមរបស់សភា>>។
លោកបានបន្តថា <<ព្រឹត្តិការណ៍អស់ទាំងនេះមិន ត្រឹមតែលើកកម្ពស់ទម្រង់អន្តរជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវឱកាសពិសេស ក្នុងការសម្របសម្រួលកិច្ចសន្ទនាសភាជាមួយនឹងភាពចាំបាច់នៃគោលនយោបាយការបរទេស ជាពិសេសក្នុងវិស័យកសាងសន្តិភាព បច្ចេកវិទ្យា និរន្តរភាពបរិស្ថាន និងកិច្ចសហប្រតិបត្តិការ ខាងត្បូង-ខាងត្បូង>>។
សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី <<លទ្ធផលនៃការងារការបទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ>> ជាកាលានុវត្តភាពសម្រាប់កិច្ចសន្ទនារវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីពិនិត្យលើវឌ្ឍនភាពគោលនយោបាយការបរទេសរបស់កម្ពុជា សម្រាប់បរិបទពិភពលោកដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងប្រឈមនឹងបញ្ហាជាច្រើន។ សិក្ខាសាលានេះ ជាវេទិកាមួយក្នុងចំណោមសិក្ខាសាលាជាច្រើន ដែលបានរៀបចំឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៥នេះ ដែលសភាកម្ពុជា បានរៀបចំឡើងជាមួយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិនៅក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពឡើង៕