(វ៉ាស៉ីនតោន)៖ ក្នុងសប្តាហ៍នេះ ក្រសួងការបរទេសអាមេរិក បានប្រកាសចេញការរឹតត្បិតទិដ្ឋាការលើម្ចាស់ ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកដទៃទៀត នៃបណ្តាក្រុមហ៊ុនទេសចរណ៍មានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា ដែលជាប់សង្ស័យថា បានជួយសម្របសម្រួល ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា មនុស្សមួយចំនួនដែលពាក់ព័ន្ធជាមួយទីភ្នាក់ងារទេសចរណ៍ក្នុងប្រទេសឥណ្ឌា ត្រូវបានកំណត់ឱ្យជាប់បម្រាមហាមឃាត់ទិដ្ឋាការ នៅក្រោមច្បាប់អន្តោប្រវេសន៍និងសញ្ជាតិរបស់សហរដ្ឋអាមេរិក ដោយផ្អែកលើព័ត៌មានប្រមូលបានដោយបេសកកម្មការទូតអាមេរិកប្រចាំនៅឥណ្ឌា។ ចំណាត់ការខាងលើនេះធ្វើឡើង ចំពេលដែលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងដំណើរការយុទ្ធនាការដ៏ទូលំទូលាយ ក្នុងគោលដៅបង្រ្កាបការធ្វើអន្តោប្រវេសន៍ខុសច្បាប់ មកកាន់សហរដ្ឋអាមេរិក និងបណ្តេញជនអន្តោប្រវេសន៍ដែលមិនមានឯកសារច្បាស់លាស់ ចេញពីអាមេរិក។
គួរបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំទីក្រុងញូវដែលី ធ្លាប់បានក្រើនរំលឹកយ៉ាងទទូចម្តងហើយម្តងទៀត ឱ្យជនជាតិឥណ្ឌាទាំងឡាយ ដែលធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក កុំបន្តស្នាក់នៅលើសរយៈពេលដែលត្រូវបានអនុញ្ញាត ហើយព្រមានថា ពួកគេនឹងត្រូវប្រឈមមុខជាមួយការបណ្តេញចេញ និងការហាមប្រាមមិនឱ្យជាន់ទឹកដីអាមេរិកជាអចិន្រ្តៃយ៍៕