អគារអតីតសណ្ឋាគារអង្គរមានជ័យ អាយុកាល៧៥ឆ្នាំ ដែលកាន់តែទ្រុឌទ្រោម ត្រូវអាជ្ញាធរចុះហ៊ុំព័ទ្ធក្រោយផុតឱសានវាទ, នៅសល់ពលរដ្ឋ៤គ្រួសារ មិនទាន់រើសចេញ

Posted By: RoogRog Robot | 21-May-2025 14:43:11

2025-05-21 02:41pm

(ភ្នំពេញ)៖ ក្រោយរយៈពេល១៥ថ្ងៃ នៃថ្ងៃឱសានវាទ ក្រុមការងារគណៈកម្មការចម្រុះ បានចុះទៅហ៊ុំព័ទ្ធអគារសហកម្មសិទ្ធ (អតីតសណ្ឋាគារអង្គរមានជ័យ) ស្ថិតតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការចុះហ៊ុំព័ទ្ធនេះធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ដោយក្រុមការងារបច្ចេកទេសជំនាញ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអាជ្ញាធរមូលដ្ឋាន រដ្ឋបាលខណ្ឌ៧មករា។

ដោយកត្តាព្រួយបារម្ភខ្ពស់ពីគុណភាពសំណង់ មានសភាពចាស់ទ្រុឌទ្រោម ដែលអាចប្រឈមនឹងការបាក់រលំជាយថាហេតុបានគ្រប់ពេល ទើបក្រសួងរៀបចំដែនដី ដែលជាក្រសួងជំនាញ លើការគ្រប់គ្រងសំណង់ ត្រូវចាំបាច់គិតគូរ និងដោះស្រាយកិច្ចការងារនេះឲ្យបានលឿន និងរហ័សបំផុត។

លោក ខៀវ ប៊ូរិន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាប្រធានក្រុមការងារក្រសួងទទួលដោះស្រាយការសម្របសម្រួលការងារ បានប្រាប់ឲ្យដឹងថា ការងារនេះក្រុមជំនាញបានចំណាយពេលជិត ១ឆ្នាំមកហើយ ក្នុងការដោះស្រាយគោលនយោបាយសម្របសម្រួល ជូនពលរដ្ឋ៦៥គ្រួសារ ដែលរស់នៅក្នុងអគារសហកម្មសិទ្ធិនេះ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានសហការដឹកនាំកម្លាំងចម្រុះ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រួតពិនិត្យអាគារសំណង់អតីតអគារសំណង់សណ្ឋាគារអង្គរមានជ័យ ដែលមានសភាព ចាស់ទ្រុឌទ្រោម បើមិនឆាប់ការពារអាចគ្រោះថ្នាក់យថាហេតុណាមួយ ដល់អ្នកដែលរស់នៅក្បែរអគារ និងអ្នកដំណើរ។

អភិបាលខណ្ឌ បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាជាមួយគ្រួសារពលរដ្ឋ ដែលសេសសល់ចំនួន៤គ្រួសារ នៅអតីតអគារអង្គរមានជ័យ បានឯកភាពទៅលើការហ៊ុំពទ័្ធអគារទាំងមូល តាមសេចក្តីជូនដំណឹងរបស់ក្រសួងកំណត់ (តែសុំពេលចរចារបន្តលើតម្លៃ)។ ក្នុងចំណោមគ្រួសារពលរដ្ឋ ចំនួន៤គ្រួសារ ដែលនៅសេសសល់មានពលរដ្ឋ៣គ្រួសារ សុខចិត្តឱនភាពលើតម្លៃ ដែលបានដាក់ជូនក្រុមការងារកន្លងមក តែមន្រ្តីបញ្ជាក់ថា តម្លៃនៅតែខ្ពស់ខណៈមួយគ្រួសារ (ហាងវែនតា) សុខចិត្តអភិវឌ្ឍនៅនឹងកន្លែង។

កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋ ដែលកំពុងរស់នៅអតីតអគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលនៅសល់ចំនួន៤គ្រួសារ ត្រូវបញ្ឈប់ការរស់នៅ និងដាក់ឱសានវាទឲ្យចាកចេញ ក្នុងរយៈពេល១៥ថ្ងៃ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។ ទីតាំងអគារនេះ ស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលត្រូវបានសាងសង់ឡើង តាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ឆ្នាំមកហើយ។

សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ ស្មើនឹង១០៧បន្ទប់។ អគារនេះមានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...