ជប៉ុនផ្តល់ជំនួយឥតសំណងជាង ១.១លានដុល្លារ សម្រាប់ការអភិវឌ្ឍគ្រូបង្រៀនអប់រំកាយដែលមានគុណភាព ការជួយកុមារ និងយុវជននៅកម្ពុជា

Posted By: RoogRog Robot | 20-May-2025 03:26:08

2025-05-20 05:20pm

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរាជទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួន ១,១៨២,៦៥៨ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់ គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ដោលោក អ៊ូអិណ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ។

ថវិកានេះសម្រាប់អនុវត្តគម្រោងរួមមាន៖

ទី១៖ គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាពរយៈពេលបួនឆ្នាំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ឆ្នាំទី៣) (ថវិកាចំនួន ៦១៨,០៨៦ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស (HoG)

នៅក្នុងគម្រោងនេះ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស នឹងអនុវត្តសកម្មភាពមួយចំនួន ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងរបស់គ្រឹះស្ថានឧត្តមសិក្សាដូចជា៖ បណ្ណាល័យ មជ្ឈមណ្ឌលអន្តរជាតិ ការធានាគុណភាពផ្ទៃ ក្នុងការអភិវឌ្ឍគ្រូបង្រៀន ការគ្រប់គ្រងនិស្សិត ការគាំទ្រអតីតនិស្សិត និងការគ្រប់គ្រងសន្តិសុខ នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ គម្រោងនេះមានគោលបំណងបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងប្រកបដោយនិរន្តរភាពដែលរួមចំណែកក្នុងការអភិវឌ្ឍគ្រូ បង្រៀនអប់រំកាយប្រកបដោយគុណភាពស្របតាម <<ស្តង់ជាគុណភាពអប្បបរមាសម្រាប់ការផ្តល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា (MSAHEI)>> នៅក្នុងប្រទេសកម្ពុជា។

ទី២៖ ការជួយកុមារ និងយុវជនដោយការពង្រីកលទ្ធភាពទទួលបានមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (LLLC) ក្នុងខេត្តបន្ទាយមានជ័យ (ថវិកាចំនួន ៥៦៤,៥៧២ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការកុមារឥតព្រំដែន

នៅក្នុងគម្រោងនេះ អង្គការកុមារឥតព្រំដែន នឹងបន្តគាំទ្រដល់យុវជន ជាពិសេសអ្នកដែលទទួលរងការលំបាកដោយសារការងារមិនស្ថិតស្ថេរ ខ្វះជំនាញជីវិត និងបោះបង់ការសិក្សា។ សម្រាប់ឆ្នាំទី១ និងទីពីរនៃគម្រោងនេះមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មីចំនួនបី ត្រូវបានសាងសង់។ សម្រាប់ឆ្នាំទីបី មជ្ឈមណ្ឌល សិក្សាពេញមួយជីវិតថ្មីចំនួនពីរ នឹងត្រូវបានសាងសង់ និងបំពាក់ដោយសម្ភារៈសិក្សា។ តាមរយៈការផ្តល់ថ្នាក់ អប់រំសមមូល និងបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាការគាំទ្រយ៉ាងជិតស្និទ្ធដល់កុមារ និងយុវជន ពួកគេអាចទទួលបានជំនាញដែលជួយពួកគេបង្កើតមូលដ្ឋានគ្រឹះសម្រាប់ជីវិតកាន់តែប្រសើរនាពេលអនាគត។

ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៦០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...