ACU បញ្ជូនបុរស២នាក់ និងអ្នកពាក់ព័ន្ធទៅតុលាការ បន្ទាប់ពីដើរយក​លុយ​អាជីវករលក់ដូរតាមចិញ្ចើមផ្លូវនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែន​ជ័យ

Posted By: RoogRog Robot | 20-May-2025 19:47:23

2025-05-20 07:44pm

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើរពុករលួយ ACU នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនខ្លួនបុរស២នាក់ និងអ្នកជាប់ពាក់ព័ន្ធមួយ​ចំនួន​ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីតំណាងអយ្យការ​បើកការ​ស៊ើបសួរតាមនីតិវិធី ក្នុងសំណុំរឿងដើរប្រមូលលុយពីអាជីវករ​លក់ដូរ​នៅ​តាម​បណ្ដោយផ្លូវមុខរោងចក្រ ហុង វ័ន ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់​ចោម​ទី១ ខណ្ឌពោធិ៍សែនជ័យ ក្នុងម្នាក់ចាប់ពី ១៥ដុល្លារ ទៅ៣០ដុល្លារ ជារៀងរាល់ខែ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅនេះ អាជ្ញាធរខណ្ឌ​ពោធិ៍​សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះ​ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ពេលពួកគេកំពុងដើរប្រមូល​លុយ​ពីអ្នកលក់ដូរ​នៅតាមបណ្ដោយផ្លូវមុខរោងចក្រ ហុង វ័ន នៅភូមិ​ត្រពាំងថ្លឹង៤ សង្កាតចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ ទី១៖ ឈ្មោះ មុី សាផាត ភេទប្រុស អាយុ ៤១ឆ្នាំ មុខ​របសន្តិសុខផ្សារទួលពង្រ, ២៖ ឈ្មោះ សា ម៉ាក់ឆាន ភេទប្រុស អាយុ ៤២​ឆ្នាំ មុខរបសន្តិសុខផ្សារទួលពង្រ។ ជនសង្ស័យទាំង២នាក់​នេះ ស្នាក់​នៅ​ផ្សារ​ទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍​សែន​ជ័យ។

ប្រភពពីអាជ្ញាធរបានឱ្យដឹងថា ជនសង្ស័យទាំងពីររូបនេះ បានដើរប្រមូល​លុយពីអាជីវករលក់ដូរនៅតាមបណ្ដោយផ្លូវមុខរោងចក្រ ហុង វ័ន ក្នុង​ម្នាក់​ចាប់ពី ១៥ដុល្លារ ទៅ៣០ដុល្លារឡើងទៅជារៀងរាល់ខែ។ ទង្វើពួកគេ ធ្វើឱ្យ​ប្រជា​ពលរដ្ឋកើតការក្ដៅក្រហាយ ហើយបានរាយការណ៍​ជូនអាជ្ញាធរ​ខណ្ឌ​។ ក្រោយទទួលព័ត៌មានពីអ្នកលក់ដូរ អាជ្ញាធរ ក៏បានចាត់វិធានការច្បាប់លើពួកគេតែម្តង៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...