(ភ្នំពេញ)៖ កម្ពុជាកំពុងទទួលបានចំណាប់អារម្មណ៍ពីអ្នកការទូតប្រទេសប៊ែលហ្ស៉ិក ក្នុងការវិនិយោគលើវិស័យគ្រប់គ្រងសំណល់វេជ្ជសាស្រ្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីធានាបាននូវសុខភាពបរិស្ថានល្អប្រសើរ និងកាត់បន្ថយប្រភពបំពុលនានាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា។
ចំណាប់អារម្មណ៍របស់អ្នកការទូតប្រទេសប៊ែលហ្ស៉ិកនេះ គឺមាននៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោកស្រី Sarah Gasquard ភារធារីស្តីទីស្ថានទូតនៃព្រះរាជាណាចក្រប៊ែលហ្ស៉ិក ប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៍ និងលោក Jean-Pierre Muller ទីប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគ ភ្នាក់ងារនាំចេញ និងវិនិយោគ Wallonia (AWEX) រួមជាមួយលោកស្រី Léa Lenclus ការអភិវឌ្ឍអាជីវកម្មអាស៊ី ក្រុមហ៊ុន Ecosteryl នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
លោកស្រី Sarah Gasquard បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ក្រសួងបរិស្ថានកម្ពុជា ក្នុងការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរបស់ប៊ែលហ្ស៉ិកតាមរយៈអង្គការ WWF។ លោកស្រីបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងបន្ត ទោះបីជាស្ថានទូតប៊ែលហ្ស៉ិកកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរឯកអគ្គរាជទូតថ្មីក៏ដោយ។ លើសពីនេះ ដោយមានការចាប់អារម្មណ៍ខ្លាំងចំពោះការវិនិយោគវិស័យសំណល់វេជ្ជសាស្រ្តនៅកម្ពុជា លោកស្រីសូមណែនាំក្រុមហ៊ុន Ecosteryl។
ជាការឆ្លើយតប លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះអ្នកវិនិយោគ តាមរយៈកិច្ចសហប្រតិបត្តិការការទូតរវាងព្រះរាជាណាចក្រប៊ែលហ្ស៉ិក និងកម្ពជា។ ក្រសួងបរិស្ថានកម្ពុជា ក្នុងនាមជាអ្នកចេញអាជ្ញាបណ្ណសម្រាប់ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ មានក្រមបរិស្ថានសម្រាប់អនុវត្តនិងស្វាគមន៍ក្រុមហ៊ុនថ្មីៗមកចូលរួមទីផ្សារនេះ។ សម្រាប់ផែនការអនាគត ក្រសួងគ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យាដុតសំរាមប្លាស្ទិកនៅសីតុណ្ហភាពលើសពី ១០០០ អង្សាសេ ដោយបង្ការមិនឱ្យមានគ្រោះថ្នាក់ដល់សុខភាពសាធារណជន និងធានាបាននូវសុខភាពបរិស្ថាន។ លើសពីនេះ នឹងកែលម្អកន្លែងចាក់សំរាមទៅជាកន្លែងដែលមានលក្ខណៈបច្ចេកទេសកម្រិតអន្តរជាតិ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានរៀបចំប្រព័ន្ធរដ្ឋបាល Digital ដើម្បីជួយសម្របសម្រួល និងកាត់បន្ថយការិយាធិបតេយ្យដល់អ្នកវិនិយោគវិស័យបរិស្ថានផងដែរ។
ស្របនឹងការថ្លែងឡើងនេះ លោកស្រី Sarah Gasquard បានបង្ហាញពីសុទិដ្ឋនិយមចំពោះកម្ពុជាថា នឹងទទួលបានវិនិយោគិនកើនឡើង ពីព្រោះកម្រិតយល់ដឹងនៃភាសាបរទេសរបស់ប្រជាជនកម្ពុជាមានភាពល្អប្រសើរជាងបណ្តាប្រទេសមួយចំនួន ជាពិសេសកម្ពុជាមានស្ថិរភាពនយោបាយ សេដ្ឋកិច្ចល្អប្រសើរ និងមានសុខសន្តិភាពពេញលេញ ដែលកត្តាទាំងនេះគឺជាឱកាសសម្រាប់ការវិនិយោគលើគ្រប់វិស័យនៅកម្ពុជា។
សូមជម្រាបជូនថា ជំនួបនេះបានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងប៊ែលហ្ស៉ិក និងក្រសួងបរិស្ថានកម្ពុជា ព្រមទាំងឱកាសវិនិយោគដ៏ទូលំទូលាយសម្រាប់ក្រុមហ៊ុនប៊ែលហ្ស៉ិក ពិសេសក្រុមហ៊ុន Ecosteryl ក្នុងការចូលរួមដោះស្រាយបញ្ហាកាកសំណល់វេជ្ជសាស្ត្រ និងប្លាស្ទិកនៅកម្ពុជា៕