សហភាពអឺរ៉ុប អនុម័តទណ្ឌកម្មថ្មីទី១៧ ប្រឆាំងនឹងរុស្ស៊ី សំដៅលើ «កងនាវាប្រេងស្រមោល»

Posted By: RoogRog Robot | 20-May-2025 19:47:23

2025-05-20 07:40pm

(ព្រុចសែល)៖ សហភាពអឺរ៉ុប នៅថ្ងៃអង្គារ ទី២០ ខែឧសភា បានអនុម័តកញ្ចប់ទណ្ឌកម្មថ្មីទី១៧ ប្រឆាំងនឹងប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ដោយបានផ្តោតគោលដៅជាពិសេសលើ <<កងនាវាដឹកប្រេងស្រមោល>> របស់ទីក្រុងមូស្គូ។ នេះបើតាមការប្រកាសរបស់ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas។

លោកស្រី Kallas បានសរសេរនៅលើបណ្តាញសង្គម X ថា <<សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មទី១៧ របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ដោយកំណត់គោលដៅលើនាវាកងនាវាស្រមោលជិត ២០០គ្រឿង>>។ លោកស្រីបានព្រមានបន្ថែមថា <<ទណ្ឌកម្មកាន់តែច្រើនលើរុស្ស៊ីកំពុងត្រូវបានរៀបចំ។ កាលណារុស្ស៊ីធ្វើសង្គ្រាមកាន់តែយូរ ការឆ្លើយតបរបស់យើងនឹងកាន់តែតឹងរ៉ឹង>>។

កញ្ចប់ទណ្ឌកម្មថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តលោកខាងលិច ក្នុងការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមនាវាដឹកប្រេងរបស់រុស្ស៊ី ដែលព្យាយាមគេចវេះពីការកំណត់តម្លៃអតិបរមាលើប្រេងឆៅរុស្ស៊ី ដែលបានដាក់ដោយក្រុមប្រទេស G7 តាំងពីចុងឆ្នាំ ២០២២។

មានសេចក្តីរាយការណ៍ថា សហភាពអឺរ៉ុបក៏នឹងជំរុញឲ្យមានការបញ្ចុះតម្លៃអតិបរមានេះបន្ថែមទៀត នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅប្រទេសកាណាដាក្នុងសប្តាហ៍នេះ។ ការនាំចេញប្រេង និងឧស្ម័ន គឺជាប្រភពចំណូលដ៏សំខាន់មួយរបស់រុស្ស៊ី ដែលផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ទណ្ឌកម្មជាបន្តបន្ទាប់ទាំងនេះ មានគោលបំណងកាត់បន្ថយសមត្ថភាពរបស់រុស្ស៊ីក្នុងការធ្វើសង្គ្រាម និងដាក់សម្ពាធលើទីក្រុងមូស្គូឲ្យបញ្ឈប់ការឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...