បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ខកិច្ច៖ កម្ពុជាអាចសិក្សាពីបទពិសោធន៍ និងបច្ចេកទេសដាំឈើពីប្រទេសប្រេស៊ីល

Posted By: RoogRog Robot | 20-May-2025 02:28:17

2025-05-20 09:22am

(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជា បានលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាល និងវិនិយោគិន ក្នុងប្រទេសកម្ពុជា សិក្សាពីបទពិសោធន៍ និងបច្ចេកទេសរបស់ប្រទេសប្រេស៊ីល ពាក់ព័ន្ធនឹងដាំឈើដើម្បីប្រយោជន៍សេដ្ឋកិច្ច និងបរិស្ថាន។

មូលហេតុដែលលោកបណ្ឌិតបានផ្តល់យោបល់​បែបនេះ ដោយសារតែលោកមើលឃើញថា កម្ពុជាមានផ្ទៃដីទំនេរច្រើន មិនបានបង្កើតជាប្រយោជន៍នៅឡើយ ដោយក្នុងនោះមានតំបន់ព្រៃរេចរឹល ដីព្រៃដែលបានដកហូតពីការទន្ទ្រាន ដីសម្បទានទំនេរ ដីកសិកម្មទំនេរ ដីសហគមន៍ទំនេរ និងដីប្រជាពលរដ្ឋទំនេរជាដើម។

លោកបានបញ្ជាក់ដូច្នេះថា៖ <<នៅប្រទេសប្រេស៊ីល ចម្ការឈើដាំ មានលក្ខណៈបច្ចេកទេសល្អជាង (ខេត្តក្វាងស៊ី) ប្រទេសចិន ដែលកម្ពុជាគួរតែយកបទពិសោធន៍ និងបច្ចេកទេសនេះ មកធ្វើការដាំឈើ នៅក្នុងប្រទេស ដោយសារតែប្រទេសកម្ពុជានៅមានតំបន់ព្រៃរេចរឹលជាច្រើន ដីទំនេរកសិកម្មក៏ច្រើន ដែលអាចជាផ្ទៃដីល្អ សម្រាប់ការដាំឈើយ៉ាងមានប្រសិទ្ធភាព>>។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបំពេញទស្សនកិច្ចនៅប្រទេសប្រេស៊ីលមួយសប្តាហ៍ ដើម្បីសិក្សាស្វែងយល់អំពីចម្ការឈើដាំ នៅក្នុងប្រទេសប្រេស៊ីល។ ទស្សនកិច្ចនេះ ក៏មានការចូលរួមពី លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News ផងដែរ។

ទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់ ក្រុមហ៊ុន Madeireira Seleme ដើម្បីសិក្សាស្រាវជ្រាវពីការដាំដើមប្រេងខ្យល់ ដើមអាកាស្យា និងដើមស្រល់ នៅក្នុងរដ្ឋ Mato Grosso Do Sul, ទីក្រុង Caçador រដ្ឋ Santa Catarina ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី១១-១៥ ខែឧសភា ឆ្នាំ២០២៥។

ប្រេស៊ីលជាប្រទេសកែច្នៃឈើដាំដ៏ធំលំដាប់ទី៥ លើពិភពលោក បន្ទាប់ពី អាមេរិក ចិន រុស្ស៉ី និងកាណាដា។ កាលពីឆ្នាំ២០២៤ ការនាំចេញឈើដាំ និងផលិតផលធ្វើអំពីឈើរបស់ប្រេស៊ីល មានចំនួន១៥.៧ពាន់លានដុល្លារ ឬកើនឡើង ២៣.៥ភាគរយ ធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមស្ថាប័ន Brazilian Tree Industry ឬហៅកាត់ថា Ibá។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានមើលឃើញថា ក្នុងប្រទេសប្រេស៊ីល ឈើដែលនិយមដាំច្រើនជាងគេមានដើមប្រេងខ្យល់, ដើមអាកាស្យា និងដើមស្រល់ជាដើម។ ដើមប្រេងខ្យល់ និងដើមអាកាស្យា គេអាចប្រមូលផលបានលឿនជាងដើមស្រល់ ត្រឹម៤-៥ឆ្នាំប៉ុណ្ណោះ ខណៈដែលដើមស្រល់ ត្រូវចំណាយពេលរហូតដល់១៧ ដល់ ១៩ឆ្នាំឯណោះ ប៉ុន្តែដើមស្រល់ក៏មានតម្លៃខ្ពស់ជាង និង បានទិន្នផលខ្ពស់ជាងវិញដែរ។

ទោះជាយ៉ាងនេះក្តី​ កម្ពុជាក៏មានការចម្ការឈើដាំមួយចំនួនផងដែរ ក្នុងនោះមានដូចជានៅខេត្តក្រចេះ និងស្ទឹងត្រែងជាដើម។ ប៉ុន្តែការដាំឈើទាំងនេះ មិនទាន់គ្រប់គ្រាន់សម្រាប់បម្រើឧស្សាហកម្មឈើនៅឡើយ ហើយនៅមានបញ្ហាប្រឈមនានា ដែលធ្វើវិស័យឈើដាំនេះមិនអាចរីកចម្រើននៅក្នុងប្រទេសកម្ពុជាទេ។

បើតាមការសិក្សាស្រាវជ្រាវរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍, កម្ពុជាក៏បាននាំចូលនូវផលិតឈើដាំពីប្រទេសប្រេស៊ីល ដើម្បីកែច្នៃបំពេញតម្រូវការទីផ្សាររបស់ខ្លួនផងដែរ ជាពិសេសសម្រាប់ឧស្សាហកម្មផលិតគ្រឿងសង្ហារឹម ការ៉ូក្រាលផ្ទះ សម្រាប់នាំចេញទៅបរទេស៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...