ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

Posted By: RoogRog Robot | 19-May-2025 20:19:31

2025-05-20 10:16am

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

រោងចក្រស៊ីម៉ងតិ៍ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ គឺជារោងចក្រទី២ របស់ក្រុមហ៊ុន ខនស៍ ស៊ីមេន។ រោងចក្រទី១ ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង សម្ពោធដាក់ឱ្យដំណើរការកាលពីឆ្នាំ២០១៨។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យដំណើរការរោងចក្រថ្មី ដែលជារោងចក្រទី២ របស់ក្រុមហ៊ុនខនស៍នេះ (រោងចក្រទី១ ស្ថិតនៅខេត្តបាត់ដំបង) បានផ្ដល់ឱកាសឱ្យកម្ពុជាមានលទ្ធភាពកាន់តែ ច្រើនថែមទៀត និងមានការផ្គត់ផ្គង់ស៊ីម៉ងត៍ដោយខ្លួនឯង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងអរគុណ ចំពោះក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ក្នុងការសម្រេចបានសមិទ្ធផល ក្នុងការសាងសង់រោងចក្រ ផលិតស៊ីម៉ងត៍ថ្មីមួយទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ពិតមែនតែប្រទេសជាតិ ត្រូវបានរំដោះចេញពីក្រញាំពួកឃាតករ ប្រល័យពូជសាសន៍ប៉ុលពតក៏ដោយ ប៉ុន្តែសង្គ្រាមស៊ីវិលនៅតែបន្តមាន, នៅតាមតំបន់ជាច្រើនក្នុងប្រទេស ដែលតំបន់ទាំងនោះសុទ្ធសឹងជាតំបន់​នៃជម្រករ៉ែ ធ្វើឱ្យការស្វែងរុករក និងការអភិវឌ្ឍ នៅតែមិនអាចដំណើរការបាន។

* សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយថ្ងៃ២៩ ធ្នូ ១៩៩៨ ដែលជាថ្ងៃមហាជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកនៃសន្តិភាព, អគ្គមគ្គុទ្ទេសក៍ឯកនៃ <<នយោបាយឈ្នះ-ឈ្នះ>>, ប្រទេសកម្ពុជាចាប់ផ្ដើម​មានសុខសន្តិភាព, ស្ថិរភាពពេញលេញ, គ្មានតំបន់អបគមន៍, ប្រទេសជាតិ​ត្រូវបានបង្រួបបង្រួម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតែមួយ ដែលពុំធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ កន្លងមកនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទិវាចងចាំ ២០ ឧសភា ក្រៅពីចងចាំនូវទុក្ខវេទនា និងភាពឃោរឃៅរបស់ខ្មែរក្រហមហើយនោះ ក៏ជាថ្ងៃចងចាំពីមូលហេតុនាំឱ្យកើតមានរបបខ្មែរក្រហមផងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីកុំឱ្យទុក្ខវេទនារបស់ខ្មែរវិលត្រឡប់មកវិញ គឺត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកត់សម្គាល់ថា រយៈពេល៣ថ្ងៃ សម្តេចសម្ពោធសមិទ្ធផលចំនួនពីរលើដែនដីអតីតសមរភូមិសង្គ្រាម។ សមិទ្ធផលទី១ សម្ពោធអគារសិក្សានៅសាលាក្នុងស្រុកវាលវែង សមិទ្ធផលទី២ គឺសម្ពោធរោងចក្រផលិតស៊ីម៉ងតិ៍។ នេះជាមនុញ្ញផលកើតចេញពីសុខសន្តិភាព បើគ្មានសន្តិភាព គ្មានសមិទ្ធផលទាំងនេះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈនយោបាយឈ្នះ-ឈ្នះ ភាពស្មោះត្រង់ និងជំនឿចិត្ត នាំឱ្យកម្ពុជាបញ្ចប់សង្គ្រាម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្រុកឱរ៉ាល់ នឹងក្លាយជាតំបន់យុទ្ធសាសន៍លើការវិនិយោគ បន្ទាប់ពីផ្លូវជាច្រើនខ្សែត្រូវបានសាងសង់ ដើម្បីតភ្ជាប់រវាងស្រុកឱរ៉ាល់ ទៅខេត្តកំពង់ឆ្នាំង និងទៅខេត្តកោះកុង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសណាក៏ដោយ បើមានសង្រ្គាមគឺខ្ទេចខ្ទីហើយ ការបាញ់ប្រហារតែមួយភ្លេត អគារស្ពានផ្លូវថ្នល់គឺត្រូវបំផ្ល្ិចបំផ្លាញភ្លាមអត់ចាំយូរទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមសន្តិភាពនៃនយោបាយឈ្នះឈ្នះ និងការដាក់គោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ធ្វើឲ្យកម្ពុជាមានស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នកម្ពុជាមាន៦រោងចក្រ ដែលអាចផលិត១១លានតោនក្នុងមួយឆ្នាំ អាចផ្គត់ផ្គង់ទូទាំងប្រទេសបាន និងអាចនាំចេញបានទៀតផង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចធិបតី ស្នើឲ្យក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលើសំណើរកំណត់អាជ្ញាប័ណ្ណ លើអាជីវកម្មក្រុមហ៊ុនស៊ីម៉ង់ត៍ ដើម្បីឲ្យរក្សាលំនឹងទីផ្សារប្រកួតប្រជែង និងដើម្បីជៀសវាងការដួលរលំក្រុមហ៊ុន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការទាញយករ៉ែនៅក្នុងស្រុក ដើម្បីអភិវឌ្ឍន៍ប្រទេសគឺជារឿងត្រឹមត្រូវ កាត់បន្ថយតម្លៃជាងការនាំចូល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយករ៉ែនៅក្នុងស្រុក ជួយសួយសាអាករដល់រដ្ឋ ប្រមាណជិត១០០លានដុល្លារក្នុងឆ្នាំ២០២៤។ក្រៅពីនោះក៏បង្កើនការងារដល់បងប្អូនបន្ថែមទៀតផង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកសួយសាអាករពីក្រុមហ៊ុនយករ៉ែផ្សេងៗ គឺថវិការដ្ឋបានជួយអភិវឌ្ឍន៍ដល់សហគមន៍ផ្សេងៗ នៅទូទាំងប្រទេស ដូច្នេះការយករ៉ែក្នុងស្រុកគឺជារឿងត្រឹមត្រូវ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុននានាបង្កើតមូលនិធិ ជួយប្រជាពលរដ្ឋ និងសហគមន៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរាល់គម្រោងវិនិយោគ ត្រូវសិក្សាឱ្យបានល្អិតល្អន់ ដើម្បីបញ្ចៀសផលប៉ះពាល់លើប្រជាពលរដ្ឋ និងបរិស្ថាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ការអភិវឌ្ឍ ត្រូវតែផ្តល់ប្រយោជន៍ និងចំណូលបន្ថែមទៅប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អភិវឌ្ឍន៍ដោយចីរភាព ត្រូវរក្សាធម្មជាតិឱ្យសល់បានច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំផ្តោតតែអ្នកទេសចរណ៍ក្រៅស្រុក ទេសចរណ៍ក្នុងស្រុកក៏មានសក្តានុពលខ្ពស់ផងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋកម្ពុជាមានសេរីភាពដើរលេងកម្សាន្តគ្រប់ទីកន្លែង មិនមែនមានសិទ្ធិត្រឹមលើក្បាលមេក្រូនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនយកអាកររយៈពេល៥ឆ្នាំទៀត ពីរោងចក្រផលិតស៊ីម៉ងតិ៍ ដើម្បីជួយធ្វើឲ្យស៊ីម៉ង់ត៍ផលិតក្នុងស្រុកមានតម្លៃថោក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានណែនាំទៅ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល សិក្សាពីការយកខ្សាច់នៅផ្នែកខាងលើទន្លេមេគង្គ ដូចជានៅខេត្តក្រចេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំស្ថាប័នថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិពាក់ព័ន្ធ ត្រូវចូលរួមកាត់បន្ថយការិយាធិបតេយ្យ ដើម្បីសម្រួល និងគាំទ្រវិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យរ៉ែ, តាមរយៈកិច្ច សហការចាប់តាំងពីដំណាក់កាលនៃការសិក្សាស្រាវជ្រាវ និងរុករក រហូតដល់ការធ្វើអាជីវកម្ម។ ចំពោះផលិតផលរ៉ែ ដែលអាចនាំ​ចេញទៅក្រៅប្រទេសបាន ដូចជា៖ ស៊ីម៉ងត៍, ថ្មអារ, រ៉ែមាស, រ៉ែដែក និងម្សៅថ្មក្វាតជាដើម, ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវសម្របសម្រួល និងផ្ដល់ការគាំទ្រចាំបាច់ សម្រាប់ការនាំចេញប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាការពិត, កម្ពុជាត្រូវការចំណូល, ត្រូវការបង្កើតការងារជូនប្រជាពលរដ្ឋ, ត្រូវការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប៉ុន្តែក៏ត្រូវទទួលខុសត្រូវ និងគិតគូរអំពី​ផល​ប៉ះពាល់ដល់បរិស្ថាន និងសង្គមជាតិផងដែរ។ ជាក់ស្ដែង ក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃ​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, សម្តេចបានកំណត់តំបន់ព្រៃឡង់ជាតំបន់ក្រហម ដោយពុំអនុញ្ញាត​ឱ្យផ្ដល់គម្រោងរ៉ែថ្មីបន្ថែមទៀត នៅតំបន់នោះទេ រីឯគម្រោងដែលមាន ស្រាប់ ត្រូវពិនិត្យមើលឆ្កៀលចេញនូវតំបន់ដែលពុំមានសក្តានុពលរ៉ែ ។ បន្ថែមពីនេះទៀត, នៅដើមឆ្នាំនេះ សម្តេចបានសម្រេចដកហូតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែមួយកន្លែងនៅតំបន់ភ្នំកំពង់ត្រាច ខេត្តកំពត ឱ្យរក្សាទុកជាតំបន់អភិរក្ស សម្រាប់ជាកន្លែង សាសនា, វប្បធម៌ និងទេសចរណ៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរ៉ែ និងថាមពល ត្រូវ​សហការជាមួយគ្រប់ភាគីពាក់ព័ន្ធបន្តកំណត់ តំបន់សក្តានុពល​ធនធាន​រ៉ែសំណង់ (Zoning) ឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស សំដៅធានា​បានការអភិវឌ្ឍធនធានរ៉ែ ប្រកបដោយចីរភាព។ ក្រសួង ត្រូវពិនិត្យឱ្យ​បានម៉ត់ចត់ក្នុងការផ្តល់អាជ្ញាប័ណ្ណ ក្នុងការរុករកធនធានរ៉ែ ដោយធ្វើ​យ៉ាង​ណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាព ឬបំពុលការរស់​នៅ​របស់​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺត្រូវបន្តជំរុញឱ្យក្រុមហ៊ុនវិនិយោគវិស័យរ៉ែ បង្កើនអត្ថប្រយោជន៍ជូនដល់សហគមន៍ និងរក្សាឱ្យ បានសុខដុមនីយ​កម្មរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរ៉ែ និង ថាមពល ត្រូវ​បន្តសហការជាមួយដៃគូឯកជនក្នុងវិស័យរ៉ែ ដើម្បីបង្កើនយថាប្រ​ភេទ​ផលិត​ផលរ៉ែ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកជំនួសឱ្យការនាំចូល, បង្កើនការ នាំចេញ, បង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ និងបង្កើនចំណូលជូនជាតិ។ ខ្ញុំសូមគាំទ្រ និងជំរុញនូវការអនុវត្តយន្តការមុតស្រួចរបស់ក្រសួងរ៉ែ និង ថាមពល ក្នុងការប្រមូលចំណូលស្របច្បាប់ជូនរដ្ឋ និងធានឱ្យបាននូវ​ការប្រកួតប្រជែងស្មើភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរ៉ែ និងថាមពល ត្រូវ​លើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពដល់ កម្មករនិយោជិតក្នុង​វិស័យ​រ៉ែ, ជាពិសេសបន្តយកចិត្តទុកដាក់លើអភិក្រមរបស់សម្តេច <<ព្រឹកមក​ធ្វើ​ការ ល្ងាចទៅផ្ទះជួបជុំគ្រួសារប្រកបដោយសុវត្ថិភាព>>។ ក្នុងន័យនេះ, សម្តេច សូមឱ្យក្រុមហ៊ុនវិនិយោគក្នុងវិស័យរ៉ែ ត្រូវចូលរួមអនុវត្តឱ្យបាន​ម៉ឺង​ម៉ាត់នូវប្រកាសស្តីពីសុវត្ថិភាព និង សុខភាពអណ្តូងរ៉ែ របស់ក្រសួងរ៉ែ និងថាមពល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងរ៉ែ និង ថាមពល សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព។

* ជាមួយនឹងអត្ថប្រយោជន៍ជាច្រើននៃការវិនិយោគលើផលិតផលស៊ីម៉ងតិ៍, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងរ៉ែ និងថាមពល និងសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា បន្តខិតខំ ស្វែងរកទីផ្សារបន្ថែមទៀត ក្នុងការនាំចេញផលិតផលស៊ីម៉ងត៍របស់កម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិឱ្យបានច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគដោយកម្ពុជារក្សា​បាននូវភាគលាភនៃសុខសន្តិភាព, ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច។ រាជរដ្ឋាភិបាលនឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហ​ប្រតិ​បត្តិការជានិច្ច ចំពោះគម្រោងវិនិយោគទាំងអស់, ជាពិសេសគម្រោងវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការយ៉ាងល្អ ក្នុងការសម្រេចបាននូវការសាងសង់រោងចក្រ ផលិតស៊ីម៉ងត៍របស់ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ក្នុងតំបន់ហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល​នឹងបន្តខិតខំប្រឹងប្រែង ក្នុងការពង្រឹងបរិយាកាសវិនិយោគ ដើម្បីទាក់ទាញ វិនិយោគិន ឱ្យកាន់តែច្រើនមកកម្ពុជា ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖១០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕






















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...