លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់បងប្អូនជនរួមជាតិ ចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារ

Posted By: RoogRog Robot | 20-May-2025 17:43:54

2025-05-20 05:38pm

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាថ្មីម្តងទៀតបានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមគាំទ្រយុទ្ធនាការ <<១ម៉ឺនរៀល ១ម៉ឺននាក់>> ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតបង្ហោះរូបថតកុមារ ដែលកំពុងទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យគុន្ធបុប្ផាជាមួយនឹងខ្លឹមសារដូច្នេះថា <<កុមារទាំងអស់នេះ កំពុងតស៊ូជាមួយនឹងជំងឺកាចសាហាវ ក្រុមគ្រូពេទ្យបានប្រឹងប្រែងជារៀងរាល់ថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតកុមារទាំងអស់នេះ។ ពួកគាត់រង់ចាំការផ្តល់កំលាំងចិត្ត និងការស្រលាញ់ពីលោកតា លោកយាយ អ៊ុំ ពូ មីងទាំងអស់គ្នា។ សូមរួមគ្នាដើម្បីផ្តល់ការស្រលាញ់ ផ្តល់ក្តីសង្ឃឹមដល់ចៅៗ និងក្មួយៗទាំងអស់គ្នាផង>>។

សូមជម្រាបថា យុទ្ធនាការ <<១ម៉ឺនរៀល ១ម៉ឺននាក់>> ដែលមានរយៈពេលពេញ ១ខែមិថុនា ឆ្នាំ២០២៥នេះ មានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ ឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមសិស្ស, និស្សិត, យុវជន, មន្រ្តីរាជការ, ថ្នាក់ដឹកនាំ, ពាណិជ្ជករ, សាធារណជន, ភរិយាថ្នាក់ដឹកនាំ, ម្ចាស់ក្រុមហ៊ុន-សហគ្រាស, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងសមាជិកសមាគមឧកញ៉ាកម្ពុជា ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី “ខែ្មរជួយខ្មែរ”។ ការរៀបចំយុទ្ធនាការ <<១ម៉ឺនរៀល ១ម៉ឺននាក់>> ក្នុងខែមិថុនានេះ ជាការចូលរួមអបអរសាទរ “ទិវាកុមារអន្តរជាតិ ១ មិថុនា” និងដើម្បីជាការរម្លឹកឱ្យមានការបន្តបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងរួមមួយគឺនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនដែលមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា, សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះ តាមមធ្យោបាយរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬលេខគណនីធនាគារ ដូចមានក្នុងរូបខាងក្រោម៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...