ប្រជាពលរដ្ឋស្រុកសន្ទុក ខេត្តកំពង់ធំ បានបង្ហាញពីដឹងគុណចំពោះ៧មករា ដែលបានសង្រ្គោះប្រទេសជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម

Posted By: RoogRog Robot | 20-May-2025 17:20:54

2025-05-20 05:02pm

(កំពង់ធំ)៖ ប្រជាពលរដ្ឋក្នុងស្រុកសន្ទុក ចងចាំ និងមិនអាចបំភ្លេចបាន នូវមហាឧក្រិដ្ឋកម្មនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានបង្កឡើងចំពោះមាតុភូមិ និងប្រជាជនកម្ពុជា ហើយដឹងគុណជានិច្ច ចំពោះមហាគុណូបការៈនៃជ័យជម្នះ៧មករា ដែលបានសង្គ្រោះជាតិ និងប្រជាជនឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍។

ប្រជាពលរដ្ឋរាប់រយនាក់ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានមកចូលរួមក្នុងទិវាជាតិនៃការចងចាំ២០ឧសភា ក្រោមការចូលរួមពីលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។ ព្រឹត្តិការណ៍មួយដែលប្រជាជនកម្ពុជាគ្រប់ៗរូប នៅចង់ចាំជានិច្ច ជាពិសេសប្រជាជនដែលមានអាយុលើសពី៤៥ឆ្នាំ សុទ្ធតែជាជនរងគ្រោះ និងជាសាក្សីដែលបានរស់នៅផ្ទាល់ នៃមហាឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ ដែលបានធ្វើឲ្យប្រជាជនយើងបាត់បង់ជីវិតអស់ជាង៣លាននាក់ តែក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃមហាឧក្រិដ្ឋកម្ម ដែលរបបកម្ពុជាប្រជាធិបតេយ្យ បានបង្កើត ឡើងចំពោះមាតុភូមិតែប៉ុណ្ណោះ។

លោក ស៊ុំ សន្និសិទ្ធ បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសជាតិជួបប្រទះគ្រោះអាសន្នដូចនេះ មានតែបក្សប្រជាជនបដិវត្តន៍ខ្មែរ តែមួយគត់ដែលបច្ចុប្បន្ន គឺជាគណបក្សប្រជាជនកម្ពុជា ដែលកាលនោះទោះបីរបបប៉ុលពត បង្ក្រាបស្ទើររលំរលាយ ក៏ដោយបក្សនៅតែបន្តជ្រោងខ្ពស់ទង់ស្នេហាជាតិដ៏បរិសុទ្ធ ប្រមូលផ្តុំកម្លាំងដែលនៅសេសសល់ បង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងអំពាវនាវសុំជំនួយពីបណ្តាប្រទេសជាមិត្ត វាយបណ្ដេញបនប្រល័យពូជសាសន៍ ហើយរំដោះប្រទេសជាតិ និងប្រជាជនបានទាន់ពេលវេលា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មោះមុតនោះរបស់សម្តេចតេជោ ហ៊ុន សែន ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជ ពិឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការនិងនាំកម្ពុជាធានាបាននូវសុខសន្តិភាព សេរីភាពលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនយោបាយ និង វឌ្ឍនភាពសង្គម ប្រជាជនកម្ពុជារស់នៅយ៉ាងសុខដុមរមនាដូចពេលបច្ចុប្បន្ន។

លោកបានបន្ដថា ក្រោមដំបូលសន្តិភាពដែលជាមរតកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រាជរដ្ឋាភិបាលនីតិកាលថ្មីដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដឹកនាំប្រកបដោយភាពស្វាហាប់ ដើម្បីបន្តបេសកកម្មដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលនីតិកាលចាស់ ក្នុងការរក្សាឱ្យបានសុខសន្តិភាពដែលជា ខឿនធានាសេចក្តីសុខរបស់ប្រជាពលរដ្ឋ ជំរុញដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបាន សមិទ្ធផលថ្មីៗបន្តទៀត ឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

លោកបានបន្ថែមថា ដូចនេះហើយមិនថាតែប្រជាជនស្រុកសន្ទុកទេ គឺប្រជាជននៅទូទាំងប្រទេសសុទ្ធតែបានថ្លែងនូវការដឹងគុណជានិច្ច ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះឲ្យមាតុភូមិ ឲ្យរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍នេះ។ ជាការពិតមានតែបក្សប្រជាជនកម្ពុជាមួយគត់ ដែលតែងតែនៅតស៊ូ រួមសុខ រួមទុក្ខ ចែករំលែកការលំបាកជាមួយប្រជាជន ដោយបានដឹកនាំឆ្លងកាត់នូវគ្រប់ពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិនិងប្រជាជនរស់នៅសុខក្សេមក្សាន្តក្រោមម្លប់សន្តិភាព និងប្រកបដោយភាពរីកចម្រើន។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះក៏មានការរៀបចំពិធីបង្សុកូល រាប់បាត្រព្រះសង្ឃ ឧទ្ទិសកុសលជូនដល់លោកឪពុកអ្នកម្តាយ បងប្អូនជន រួមជាតិទាំងអស់ ដែលបានរងគ្រោះបាត់បង់ជីវិតដោយអំពើប្រល័យពូជសាសន៍ និងរំលឹកឡើងវិញ នូវមហាឧក្រិដ្ឋកម្មដែលបន ប្រល័យពូជសាសន៍ប៉ុលពតបានបង្កឡើង និងដើម្បីដឹងគុណូបការៈដ៏ធំធេងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលបានជួយរំដោះជាតិ និងប្រជាជនយើងឲ្យរួចផុតពីមហាឧក្រិដ្ឋកម្មនោះ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...