លោក ពូទីន ឯកភាពគ្នាជាមួយលោក ត្រាំ ដើម្បីធ្វើការជាមួយអ៊ុយក្រែនលើអនុស្សរណៈស្ដីពីកិច្ចព្រមព្រៀងសន្តិភាព

Posted By: RoogRog Robot | 20-May-2025 11:04:27

2025-05-20 10:58am

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភាថាទីក្រុងមូស្គូ បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយអ៊ុយក្រែនស្ដីពីអនុស្សរណៈមួយពាក់ព័ន្ធនឹងអនាគតនៃកិច្ចព្រមព្រៀងសន្តិភាព ហើយថាកិច្ចប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន កំពុងស្ថិតនៅលើទិសដៅត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ពូទីន ក៏បានអរគុណលោក ត្រាំផងដែរ សម្រាប់ការគាំទ្រដល់ការចាប់ផ្ដើមឡើងវិញនៃកិច្ចចរចាដោយផ្ទាល់រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បន្ទាប់ពីភាគីទាំង២បានជួបគ្នា ក្នុងប្រទេសតួកគីយ៉េកាលពីសប្ដាហ៍មុន ក្នុងកិច្ចចរចាទល់មុខជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២មក។ តាមលោក ពូទីន លោក ត្រាំ បានលើកឡើងពីការគាំទ្ររបស់រុស្ស៉ី ដើម្បីសន្តិភាព បើទោះជាមានសំណួរដ៏សំខាន់មួយថាតើត្រូវឆ្ពោះទៅរកគោលដៅនេះយ៉ាងដូចម្ដេចក៏ដោយ?

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្បែរទីក្រុង Sochi លោក ពូទីន បានលើកឡើងថា <<យើងបានឯកភាពគ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកថារុស្ស៉ីនឹងស្នើឡើង ក៏ដូចជា ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយភាគីអ៊ុយក្រែនស្ដីពីអនុស្សរណៈស្ដីពីអនាគតនៃកិច្ចព្រមព្រៀង>>។ លោក ពូទីនបន្ថែមថាជាផ្នែកមួយនៃកិច្ចការងារនេះ ប្រទេសទាំង២ នឹងត្រូវកំណត់ពីលទ្ធភាពឆ្ពោះទៅរកបទឈប់បាញ់មួយ ក្នុងនោះរួមមានការកំណត់ពេលវេលាជាក់លាក់។

គួរបញ្ជាក់ថា អ៊ុយក្រែន និងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អឺរ៉ុប រួមទាំងសហរដ្ឋអាមេរិកបានជំរុញឱ្យលោក ពូទីន ទទួលយកបទឈប់បាញ់ជាបន្ទាន់មួយដែលមានរយៈពេល យ៉ាងហោច ៣០ថ្ងៃ។ តែមកទល់នឹងពេលនេះ លោក ពូទីន នៅតែបន្តបដិសេធនៅឡើយ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...