អ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកនៅហ្គាហ្សា ស្លាប់យ៉ាងតិច ៥០នាក់ទៀត ទោះរងការរិះគន់ពីអន្តរជាតិ

Posted By: RoogRog Robot | 20-May-2025 11:39:27

2025-05-20 06:35pm

(ហ្គាហ្សា)៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥០នាក់នៅទូទាំងតំបន់ហ្គាហ្សានៅថ្ងៃអង្គារ ទី២០ ខែឧសភា ខណៈដែលអ៊ីស្រាអែលបន្តយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន បើទោះបីជាមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង ឲ្យបញ្ឈប់ប្រតិបត្តិការយោធា និងអនុញ្ញាតឲ្យជំនួយចូលដោយគ្មានឧបសគ្គក៏ដោយ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមប្រភពយោធានៅហ្គាហ្សា ការវាយប្រហារនៅថ្ងៃអង្គារ បានសំដៅលើផ្ទះពីរខ្នង ដោយបានសម្លាប់ ១៨នាក់ រួមទាំងស្ត្រី និងកុមារ និងសាលារៀនមួយកន្លែងដែលជាជម្រករបស់គ្រួសារភៀសខ្លួន។ យោធាអ៊ីស្រាអែល ដែលកាលពីថ្ងៃចន្ទបានព្រមានអ្នកស្រុកនៅ Khan Younis ឲ្យជម្លៀសខ្លួន មិនទាន់ធ្វើអត្ថាធិប្បាយភ្លាមៗទេ។ ក្នុងរយៈពេលប្រាំបីថ្ងៃចុងក្រោយនេះ មនុស្សជាង ៥០០នាក់ត្រូវបានសម្លាប់។

ការបន្តវាយប្រហារនេះ កើតឡើងចំពេលមានការរិះគន់ខ្លាំងពីសហគមន៍អន្តរជាតិ។ កាលពីថ្ងៃចន្ទ មេដឹកនាំអង់គ្លេស បារាំង និងកាណាដា បានព្រមានថា ពួកគេអាចនឹងចាត់ <<វិធានការជាក់ស្តែង>> ប្រឆាំងនឹងអ៊ីស្រាអែល ប្រសិនបើខ្លួនមិនបញ្ឈប់ប្រតិបត្តិការ និងបើកផ្លូវឲ្យជំនួយ។ ប្រទេសទាំងបីនេះ រួមជាមួយសហភាពអឺរ៉ុប និងប្រទេស ២០ផ្សេងទៀត ក៏បានចេញសេចក្តីថ្លែងការណ៍រួម ព្រមានពីគ្រោះទុរ្ភិក្សនៅហ្គាហ្សាផងដែរ។

ឆ្លើយតបនឹងការរិះគន់នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា ប្រទេសលោកកំពុងធ្វើ <<សង្គ្រាមអរិយធម៌ប្រឆាំងនឹងភាពព្រៃផ្សៃ>> ហើយបានប្តេជ្ញាថា នឹង <<បន្តការពារខ្លួនគ្រប់មធ្យោបាយរហូតដល់ជ័យជម្នះទាំងស្រុង>> ដើម្បីដោះលែងចំណាប់ខ្មាំង និងកម្ទេចក្រុមហាម៉ាស់។ លោកក៏បានបញ្ជាក់ពីបំណងគ្រប់គ្រងតំបន់ហ្គាហ្សាទាំងមូលផងដែរ។

គួរបញ្ជាក់ថា ទោះបីជាអ៊ីស្រាអែលបានអនុញ្ញាតឲ្យរថយន្តជំនួយ ៥គ្រឿងចូលហ្គាហ្សាកាលពីថ្ងៃចន្ទ បន្ទាប់ពីការបិទផ្លូវជាងពីរខែក៏ដោយ អង្គការសហប្រជាជាតិនិយាយថា ហ្គាហ្សាត្រូវការរថយន្តជំនួយយ៉ាងតិច ៥០០គ្រឿងក្នុងមួយថ្ងៃ។ សង្គ្រាមដែលអូសបន្លាយជិត ២០ខែនេះ បានចាប់ផ្តើមក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១,២០០នាក់ និងចាប់ចំណាប់ខ្មាំង ២៥១នាក់។ ការវាយលុករបស់អ៊ីស្រាអែលបានសម្លាប់ប៉ាឡេស្ទីនជាង ៥៣,០០០នាក់ ខណៈកិច្ចចរចាបទឈប់បាញ់នៅកាតា មិនទាន់មានលទ្ធផលទេ៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...