រដ្ឋមន្ត្រីក្រសួងការងារ រំលេចវឌ្ឍនភាពរបបសន្តិសុខសង្គម នៅកម្ពុជា

Posted By: RoogRog Robot | 20-May-2025 10:13:14

2025-05-20 10:10am

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានរំលេចពីវឌ្ឍនភាពនៃរបបសន្តិសុខសង្គម នៅកម្ពុជា ដែលបានចាប់ផ្តើមដំបូងតាំងពីឆ្នាំ១៩៤០ រហូតមកដល់បច្ចុប្បន្ន។

ការគូសរំលេចនេះ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយស្ដីពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីដំណើរវិវត្តនៃការអនុវត្តនូវរបបសន្តិសុខសង្គមឱ្យដឹងដែរថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានលេចរូបរាងជាលើកដំបូងនៅកម្ពុជានាទសវត្សរ៍ឆ្នាំ១៩៤០ ក្នុងទម្រង់ជាប្រព័ន្ធតាវកាលិកគ្រួសារ ដែលហៅថា <<ហឹបប្រាក់អន្តរវិជ្ជាជីវៈ>>។ ប៉ុន្តែគួរឱ្យសោកស្តាយ កម្មវិធីគាំពារសុខភាពនេះ ត្រូវបានបំផ្លាញទាំងស្រុងក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លុះដល់ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធសន្តិសុខសង្គម ត្រូវបានស្ដារឡើងវិញជាជំហានៗ ហើយរហូតដល់ឆ្នាំ២០០២ ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ត្រូវបានដាក់ឱ្យអនុវត្ត ហើយបេឡាជាតិរបបសន្តិសុខសង្គម ត្រូវបានបង្កើតនៅឆ្នាំ២០០៧។

លោករដ្ឋមន្ត្រី បានបន្តរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍលើរបបសន្តិសុខសង្គមសម្រាប់សង្គមជាតិ ជាក់ស្តែងនៅឆ្នាំ២០១៩ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងការវិវត្តសេដ្ឋកិច្ច និងសង្គម ដោយផ្ដោតលើ៤ចំណុចសំខាន់ៗ មានរួមមាន៖ (១) ផ្នែកហានិភ័យការងារ (២) ផ្នែកថែទាំសុខភាព (៣) ផ្នែកប្រាក់សោធន និង (៤) ផ្នែកនិកម្មភាព។

បន្ទាប់មកទៀត កម្មវិធីគាំពារសង្គមតាមរយៈរបបសន្តិសុខសង្គម ត្រូវបានអនុវត្តកាន់តែទូលំទូលាយ ទាំងក្របខណ្ឌរាជរដ្ឋាភិបាល និងវិស័យឯកជន តាមជំហានបន្តបន្ទាប់ ដែលផ្ដល់នូវភាពសំខាន់បំផុតក្នុងការថែទាំសុខភាពរបស់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។

សមិទ្ធផល និងវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា គឺជាលទ្ធផលដែលទទួលបានពីផ្លែផ្កានៃកំណើនសេដ្ឋកិច្ច សុខសន្តិភាពពេញបរិបូរណ៍ និងស្ថិរភាពនយោបាយ ដែលកើតចេញពីរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអតីតនាយករដ្ឋមន្ត្រី និងការបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...