(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់យ៉ាងច្បាស់ៗថា បុគ្គលដែលចូលទៅកកាន់កាប់ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ អ្នកទាំងនោះហើយ គឺជាជនល្មើសឈូសឆាយព្រៃឈើដោយខុសច្បាប់។ ក្រសួងបរិស្ថាន នឹងចាត់វិធានការចំពោះបុគ្គល និង/ឬសហគមន៍ទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដោយគ្មានការលើកលែងឡើយ។
បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ ដែលក្រសួងបរិស្ថាន ពានសហការជាមួយគ្រប់ភាីពាក់ព័ន្ធកន្លងមក គឺបានដកហូតដីព្រៃជាច្រើនដែលជនល្មើសលួចកាប់ទន្ទ្រាន ប៉ុន្តែ ក្នុងនោះមានជនល្មើសខ្លះត្រូវបានឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅតុលាការ ក៏ប៉ុន្តែ នៅមានជនល្មើសមួយចំនួនបានរត់គេចខ្លួន ខណៈបុគ្គលមួយចំនួនបានចូលមកកាន់កាប់ដីព្រៃដែលបានឈូសឆាយនេះ ហើយបានអះអាងថាដីទាំងនេះជារបស់ពួកគេ។ ត្រង់ចំណុចនេះ អាចនិយាយបានថាជនទាំងនេះគឺជាអ្នកឈូសឆាយដីព្រៃដោយខុសច្បាប់តែម្តង។
លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ <<ខ្ញុំបានលើកឡើងចោរអាចលួចទូរស័ទ្ទ លួចគ្រឿងអលង្ការ អាចលាក់បាន ប៉ុន្តែ ចោរលួចដី លាក់មិនបាននោះទេ អ៊ឹចឹងអ្នកដែលកាន់កាប់ដីខុសច្បាប់ ដីដែលឈូសឆាយនៅតំបន់ការពាររបស់យើង អ្នកនោះឯង គឺជាចោរ អ្នកនោះឯងជាជនល្មើស>>។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ៗថា ដោយបានគូសបញ្ជាក់ទៅដល់មន្ទីរបរិស្ថានទាំងអស់ថា រាល់ដីព្រៃដែលបុគ្គលណាម្នាក់ចូលទៅកាន់កាប់ដោយខុសច្បាប់ ត្រូវស្រង់ឱ្យបានច្បាស់លាស់បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។ ដូច្នេះ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីការពារធនធានធម្មជាតិកម្ពុជា ឱ្យនៅគង់វង្សតជំនាន់។
ក្រសួងបរិស្ថាន តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កន្លងមកនេះ ក្រសួងបរិស្ថាន បានទទួលព័ត៌មានថា មានសហគមន៍តំបន់ការពារធម្មជាតិមួយចំនួន បានយកព្រៃឈើក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនទៅប្រើប្រាស់ផ្ទុយពីច្បាប់ ដោយបានធ្វើការលក់ដូរ ជួល ផ្តួលរំលំឈូសឆាយរុករានទន្ទ្រានព្រៃឈើបម្រើឱ្យគោលបំណងផ្សេងទៀត ជាហេតុធ្វើឱ្យបាត់បង់គម្របព្រៃឈើ និងជម្រកសត្វព្រៃ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិរបស់ជាតិ។
ក្រសួងបរិស្ថាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពបែបនេះល្មើសទៅនឹងក្រមបរិស្ថាន និងធនធានធម្មជាតិត្រង់ មាត្រា៣៧២ ចំណុចទី១ ដែលបានចែងថា <<សហគមន៍តំបន់ការពារ និង/ឬសមាជិកនៃសហគមន៍តំបន់ ការពារធម្មជាតិពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងបង្វែរធ្វើជាដីកសិកម្ម ឬធ្វើជាកម្មសិទ្ធិបុគ្គល ឬលក់ ប្តូរ ជួល បញ្ចាំ ធ្វើអំណោយ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរ តំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យបុគ្គលណាមួយបានឡើយ>>។ <<ដោយឡែកក្រសួងបរិស្ថាន នឹងចាត់វិធានការចំពោះបុគ្គល និង/ឬសហគមន៍ទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដោយគ្មានការលើកលែងឡើយ>>។
ស្របតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ និងមានការចូលរួមពីកងយោធពលខេមរភូមិន្ទផង ការបើកប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើសទាំងនេះទទួលបានលទ្ធផលគួរឱ្យសាទរ។ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានរំដោះដីព្រៃពីអ្នកទន្ទ្រានដីរដ្ឋដោយខុសច្បាប់ បានជាង៤ម៉ឺនហិកតា នៅទូទាំងប្រទេស។
ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងរយៈពេលដូចគ្នានេះ កងកម្លាំងបានបើកប្រតិបត្តិការយ៉ាងសកម្មដោយរឹបអូសបាន រណាយន្ត១៨០គ្រឿង, រថយន្ត៧គ្រឿង, ម៉ូតូ៧៦គ្រឿង ព្រមទាំងសម្ភារៈ ឧបករណ៍បម្រើឲ្យការកាប់ និងដឹកជញ្ជូនឈើជាច្រើនទៀត។ ក្នុងប្រតិបត្តិការនេះ មនុស្សរាប់សិបនាក់ត្រូវបានឃាត់ខ្លួន ហើយជាលទ្ធផលបទល្មើសព្រៃឈើ ក៏បានស្ងប់ស្ងាត់ក្រោមការយាមល្បាតជាប្រចាំពីសំណាក់សមត្ថកិច្ចជំនាញ ដោយមានការចូលរួមពីកងយោធពលខេមភូមិន្ទ៕