(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានម្នាក់ បានឱ្យដឹងនៅថ្ងៃចន្ទ ទី៣ ខែមីនា ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្អាករាល់ការផ្ដល់ជំនួយយោធាទាំងអស់សម្រាប់អ៊ុយក្រែន បន្ទាប់ពី ការប៉ះសម្ដីគ្នាខ្លាំងៗជាមួយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីអាមេរិកខាងលើដដែល បានបញ្ជាក់ប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា <<លោកប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់រួចហើយថារូបលោកបាន និងកំពុងផ្តោតលើ សន្តិភាព។ យើងក៏ត្រូវការឱ្យដៃគូរបស់យើងមានការប្ដេជ្ញាចិត្តចំពោះគោលដៅមួយនេះផងដែរ។ យើងកំពុងផ្អាក ហើយត្រួតពិនិត្យជំនួយរបស់យើងឡើងវិញ ដើម្បីធានាឱ្យបានថា វានឹងចូលរួមចំណែកដល់ដំណោះស្រាយមួយ>>។ ការិយាល័យរបស់លោក ហ្សេលេនស្គី មិនបានឆ្លើយតបទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយពី Reuters នោះទេ ដោយសារតែនៅក្រៅ ម៉ោងធ្វើការ។
ការផ្អាកការផ្ដល់ជំនួយោធាសម្រាប់អ៊ុយក្រែន កើតមានឡើងក្រោយលោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរគោលនយោបាយអាមេរិកស្ដីពីអ៊ុយក្រែន និងរុស្ស៉ី ដោយប្រកាន់យកជំហរផ្សះផ្សារជាមួយ ទីក្រុងមូស្គូ និងបន្ទាប់ពីការប៉ះសម្ដីគ្នាខ្លាំងៗជាមួយលោក ហ្សេលេនស្គី នៅឯសេតវិមានកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយលោក ត្រាំ បានរិះគន់មេដឹកនាំអ៊ុយក្រែនថាមិនបានបង្ហាញ ការដឹងគុណគ្រប់គ្រាន់ចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនក្នុងសង្រ្គាមជាមួយរុស្ស៉ី។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៣ ខែមីនា បានលើកឡើងជាថ្មីម្ដងទៀតថាលោក ហ្សេលេនស្គី គួរតែបង្ហាញការដឹងគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ភ្លាមៗក្រោយ រូបលោកបានតបតទាំងកំហឹងទៅនឹងការស្រង់សម្ដីរបស់លោក ហ្សេលេនស្គី ដោយទីភ្នាក់ងារសារព័ត៌មាន Associated Press ដែលបាននិយាយថាការបិទបញ្ចប់សង្រ្គាមកំពុងស្ថិតនៅលើ ផ្លូវដ៏វែងឆ្ងាយនៅឡើយ។ តែទោះជាយ៉ាងណា លោក ត្រាំ បាននិយាយថាកិច្ចព្រមព្រៀងរ៉ែជាមួយអ៊ុយក្រែននៅតែអាចធ្វើទៅកើត បើទោះជារូបលោកខកចិត្តជាមួយទីក្រុងកៀវក៏ដោយ។ ម្យ៉ាងវិញទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ការបញ្ឈប់ការផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិកនៅពេលនេះគឺគ្រាន់តែជាការផ្អាកបណ្ដោះអាសន្នតែប៉ុណ្ណោះ៕