អគ្គិភ័យឆាបឆេះហាងមួយកន្លែងនៅខណ្ឌ៧មករា បណ្ដាលឱ្យរងរបួស៣នាក់

Posted By: RoogRog Robot | 02-Mar-2025 22:51:27

2025-03-02 09:47pm

(ភ្នំពេញ)៖ វេលាម៉ោង១រសៀល ថ្ងៃទី២​ ខែមីនា ឆ្នាំ២០២៥នេះ មានករណីអគ្គិភ័យកើតឡើងនៅចំណុចផ្ទះលេខ៤៣២-៤៣៤​ ផ្លូវលេខ១២៨​ ក្រុម៨​ ភូ​មិ១​ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បណ្ដាលឱ្យមនុស្សរងរបួសចំនួន៣នាក់ មូលហេតុដោយសារអុជទៀនក្រអូបទុកចោល។

ផ្ទះដែលត្រូវភ្លើងឆេះនេះមានម្ចាស់ឈ្មោះ ឈួរ​ ហ្គិចណៃ ក្នុងនោះឆេះគ្រឿងអេឡិចត្រូនិកអស់មួយចំនួន តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ យ៉ាងណា អគ្គិភ័យនេះបានបណ្ដាលមនុស្សរងរបួសចំនួន៣នាក់​៖ ឈ្មោះ​ ធឿន​ ធូ អាយុ​២១ឆ្នាំ​ ឈ្មោះ​ សុខ​ ធា​ ភេទស្រី​ អាយុ២១ឆ្នាំ និងឈ្មោះ​ សឹម​ ហឿន​ ភេទស្រី​ អាយុ​៤៧ឆ្នាំ​។

ការិយាល័យពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន ស្មើនឹង២៤ម៉ែត្រគូប។ រថយន្តជំនួយរបស់កងពលតូចលេខ៧០​ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន​ ស្មើនឹង៦ម៉ែត្រគូប និងរថយន្តរបស់ទីក្រុងអូឡាំព្យា​ចំនួន២គ្រឿង​ ប្រើប្រាស់ទឹកអស់១ឡាន​ ស្មើនឹង៦ម៉ែត្រគូប។ ប្រតិបត្តិការនេះពន្លត់ចប់នៅម៉ោង១៖៤៥​នាទីរសៀលនាថ្ងៃខែឆ្នាំដដែល។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏មានករណីអគ្គិភ័យកើតឡើងនៅកន្លែងជនអានាថាស្នាក់នៅក្រោមផ្ទះថ្មមួយកន្លែង ស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ហេតុការណ៍អគ្គិភ័យនេះ បានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន២នាក់៖ កុមារីឈ្មោះ ផល ចិត្តា អាយុ១ឆ្នាំ និងទារកឈ្មោះ ផល សំណាង អាយុ៥ខែ៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...