(ឧត្តរមានជ័យ)៖ លោក សេង សំអាត ប្រធានមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអំពាវនាវ និងសូមណូមពរបងប្អូនប្រជាពលរដ្ឋដែលមានបណ្ណ ប.ស.ស. និងបណ្ណមូលនិធិសមធម៌ សូមអញ្ជើញ មកប្រើប្រាស់សេវាក្នុងការថែទាំសុខភាព នៅក្នុងមន្ទីរពេទ្យបង្អែកស្រុក ដើម្បីកាត់បន្ថយការចំណាយ និងចំណេញពេលវេលា ស្របតាមគោលយោបាយគាំពារសុខមាលភាពសង្គមរបស់រាជរដ្ឋាភិបាល។
លោក សេង សំអាត បានឱ្យដឹងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ថា <<មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង មានលោកគ្រូ អ្នកគ្រូពេទ្យ ដែលកំពុងបម្រើសេវាសរុបចំនួន៦៣នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត៦នាក់ គ្រូពេទ្យ១នាក់ ឱសថការី៣នាក់ គ្រូពេទ្យមធ្យម២នាក់ បរិញ្ញាបត្រឆ្មប១នាក់ បរិញ្ញាបត្រគិលានុបដ្ឋាក២នាក់ ឆ្មបមធ្យមចំនួន៨នាក់ និងផ្នែកផ្សេងៗ រួមទាំងមន្ត្រីកិច្ចសន្យាសរុប៦៣នាក់>>។
លោកបានបន្តថា នៅក្នុងសកម្មភាពផ្តល់សេវា ជាមន្ទីរពេទ្យបង្អែកកម្រិត១ សម្រាប់ការផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់ មានផ្នែកសេវាពិគ្រោះជំងឺ សង្គ្រោះបន្ទាន់ កុមារ មនុស្សចាស់ សម្ភព រោគស្ត្រី ផ្នែកជម្ងឺអេដស៍ របេង គ្រុនចាញ់ ផ្នែកចក្ខុរោគ ជម្ងឺមាត់ធ្មេញ អមវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងផ្នែកជាច្រើនទៀត។
ប្រធានមន្ទីរពេទ្យបង្អែកស្រុក បានបញ្ជាក់ថា ជាលទ្ធផលក្នុងឆ្នាំ២០២៤ បង្ហាញថា មានការកើនឡើងធៀបនឹងឆ្នាំ២០២៣ ជាក់ស្តែងក្នុងនោះមាន៖ ការពិគ្រោះជំងឺក្រៅ ២១,២៣១ករណី ស្មើនឹង ១៤៦%, ពិគ្រោះជំងឺកុមារ ១,២០២ករណី ស្មើនឹង ១១៦%, អ្នកជំងឺសម្រាកពេទ្យ ៥,៦០៦ករណី ស្មើនឹង១០០%, អត្រាប្រើប្រាស់គ្រែ ១២៤% និងថ្ងៃសម្រាកព្យាបាលមធ្យម ៤ថ្ងៃ និងសម្រាលកូនមាន ៤៧៨ករណី ស្មើនឹង៧៣%។
លោកក៏បានថ្លែងថា មានបងប្អូនប្រជាពលរដ្ឋដែលមានបណ្ណ ប.ស.ស. និងបណ្ណមូលនិធិសមធម៌ ចូលមកទទួលសេវាគ្រប់ប្រភេទ ក្នុងមន្ទីរពេទ្យ មានការកើនឡើងដោយធៀបនឹងឆ្នាំ២០២៣ ជាក់ស្តែងគឺ ប.ស.ស ចំនួន ១,៦៥៧ករណីកើនឡើង ១,០០៤ករណី និងមូលនិធិសមធម៌ ៨,១៦៥ករណីកើនឡើង ៤,៨៨៧ករណី។
ដោយឡែកក្រុមអ្នកស្ម័គ្រចិត្តសុខភាពភូមិមួយចំនួន រស់នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ក៏ដូចជាប្រជាពលរដ្ឋមកពីទីជិត ឆ្ងាយ ដែលមកទទួលសេវាសុខភាពនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បានថ្លែងអំណរគុណ និងមានការសប្បាយរីករាយចិត្តយ៉ាងខ្លាំង ដោយឃើញក្រុមគ្រូពេទ្យមានភាពរាក់ទាក់ មានក្រមសីលធម៌វិជ្ជាជីវៈ ពិសេសបានយកចិត្តទុកដាក់ពិនិត្យជំងឺដល់ពួកគាត់ប្រកបដោយគុណភាព និងសុវត្ថិភាព ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ៕