ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»

Posted By: RoogRog Robot | 03-Mar-2025 22:22:41

2025-03-03 10:16pm

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី <<ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ>>។ ក្នុងនោះ ក៏មានការចូលរួមពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ។

សិក្ខាសាលានារសៀលនេះ ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានា នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានាបានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ៕

ក្រោយការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងបានធ្វើការកែសម្រួលរចនាសម្ព័ន្ធ ដោយលុប និងកែលម្អ ព្រមទាំងច្របាច់បញ្ចូលអង្គភាពមួយចំនួន។ រាល់ការរៀបចំទាំងអស់ ត្រូវអនុលោមស្មារតីនៃការងារកំណែទម្រង់រដ្ឋបាលសាធារណៈ <<ពង្រឹង ជាជាងពង្រីក>>។ នេះជាការលើកឡើងរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសិក្ខាសាលា ស្តីពី <<ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ>>។

លោករដ្ឋមន្ដ្រី បានបន្ថែមថា ផ្អែកលើមូលដ្ឋាននៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដូចបានរៀបរាប់ខាងលើ ក្រសួង បានរៀបចំសេចក្ដីព្រាង ចំនួន៤ រួមមាន៖ ១៖ អនុក្រឹត្យស្តីពី <<ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ>>, ២៖ ព្រះរាជក្រឹត្យស្តីពី <<ការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា ជាគ្រឹះស្ថាន សាធារណៈរដ្ឋបាល>>, ៣៖ អនុក្រឹត្យស្តីពី <<ការរៀបចំ និងការប្រព្រឹត្តទៅរបស់បណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា>> និង៤៖ អនុក្រឹត្យស្តីពី <<ការបង្កើតមន្ទីរពិសោធន៍ជាតិកសិកម្ម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងបានបញ្ជូនទៅក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យ ពិភាក្សា និងបន្តនីតិវិធី>>។

ឆ្លៀតក្នុងឱកាសនេះ លោក ឌិត ទីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធ នៃក្រសួងមុខងារសាធារណៈ ចំពោះការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំចំនួន២លើក ប្រកបដោយ តម្លាភាព និងយុត្តិធម៌៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...