វិមាន​ក្រឹមឡាំង៖ កិច្ចប្រជុំ​កំពូលទីក្រុង​ឡុងដ៍​ស្ដីពី​អ៊ុយក្រែន​ មិន​មែន​ជា​ការ​ស្វែងរក​សន្តិភាព​ទេ តែជាការអូសបន្លាយសង្គ្រាមទៅវិញ

Posted By: RoogRog Robot | 03-Mar-2025 22:22:41

2025-03-03 10:15pm

(ម៉ូស្គូ)៖ វិមាន​ក្រឹមឡាំង​ បាន​រិះគន់​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ឡុងដ៍​ស្ដីពី​អ៊ុយក្រែន​កាលពី​ចុង​សប្ដាហ៍ ដោយ​អះអាង​ថា ការ​សន្យា​ផ្ដល់​មូលនិធិ​បន្ថែម​ដល់​ទីក្រុងកៀវ ពី​សំណាក់​មេដឹកនាំ​អឺរ៉ុប​ នឹង​មិន​ជួយ​ដល់​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ ចំពោះ​ជម្លោះ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​អូស​បន្លាយ​ពេល​ទៅ​វិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចប្រជុំ​កំពូល​នេះ​ មាន​ការ​ចូលរួម​ពី​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy នាយករដ្ឋមន្ត្រី​អង់គ្លេស Keir Starmer និង​មេដឹកនាំ​លោក​ខាង​លិច​មួយ​ចំនួន​ទៀត។ ក្នុង​កិច្ចប្រជុំ​នោះ ពួកគេ​បាន​ឯកភាព​គ្នា​លើ​ការ​រៀបចំ​ផែនការ​សន្តិភាព​អ៊ុយក្រែន​មួយ​ ដើម្បី​ដាក់​ជូន​សហរដ្ឋអាមេរិក។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក Zelenskiy បាន​ជួប​ប្រទះ​នឹង​ភាព​តានតឹង​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ឯ​សេតវិមាន។

អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​ថ្លែង​ថា ការ​សន្យា​ផ្ដល់​មូលនិធិ​ពី​មេដឹកនាំ​អឺរ៉ុប រួម​ទាំង​កិច្ចព្រមព្រៀង​មីស៊ីល​ការពារ​ដែនអាកាស​តម្លៃ ២ ពាន់​លាន​ដុល្លារ​ពី​ចក្រភពអង់គ្លេស នឹង​គ្រាន់តែ​ជា​ការ​ <<បន្ត​អរិភាព>> ប៉ុណ្ណោះ។ លោក​បាន​បន្ថែម​ថា <<គំនិត​ផ្តួចផ្តើម​ស្ថាបនា​ណាមួយ (ដើម្បី​សន្តិភាព)>> គឺ​ជា​អ្វី​ដែល​ចាំបាច់​នៅ​ពេល​នេះ ហើយ​បាន​ទទូច​ឱ្យមាន​ការ <<ដាក់សម្ពាធ>> លើលោក Zelenskiy ឱ្យផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន ដោយ​ចោទ​ប្រកាន់​ថា​ មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​មិន​ចង់​បាន​សន្តិភាពនោះទេ។

លោក Peskov បាន​លើក​ឡើង​ទៀត​ថា មេដឹកនាំ​អឺរ៉ុប​នឹង​ត្រូវ​ <<ខិតខំ​ប្រឹងប្រែង​ច្រើន>> ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​កែប្រែ​ស្ថានការណ៍​បន្ទាប់​ពី​ជំនួប​ដ៏​តានតឹង​រវាង​លោក Zelenskiy និង​លោក ត្រាំ។ ទោះ​ជា​យ៉ាង​ណា លោក Zelenskiy បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​ជឿជាក់​ថា​អាច​នឹង​ស្ដារ​ទំនាក់ទំនង​របស់​លោក​ជាមួយ​លោក ត្រាំ ឡើង​វិញ​បាន ប៉ុន្តែ​ការ​ពិភាក្សា​ទាំងនោះ​ត្រូវ​តែ​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...