នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសេនាធិការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ មានតម្លៃជាង៧០ម៉ឺនដុល្លារ

Posted By: RoogRog Robot | 03-Mar-2025 15:42:20

2025-03-03 03:38pm

(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ​និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត, លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ព្រមទាំងលោកឧកញ៉ា លោក លោកស្រី លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។

លោកឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានថ្លែងថា អគារសេនាធិការដ្ឋាននេះត្រូវបានរៀបចំកសាងឡើងតាមគំរូប្លង់រចនាបទទម្រង់សិល្បៈខ្មែរ ឯកភាពតែមួយក្នុងក្របខណ្ឌទូទាំងប្រទេស ដែលកំណត់ដោយនាយឧត្តមសេនីយ៍ សៅ សុខា។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា អគារសេនាធិការដ្ឋាននេះមានបណ្តោយ៥៦ម៉ែត្រទទឹង១២ ម៉ែត្រ កម្ពស់៣ជាន់ មានផ្ទៃក្រឡា២០១៦ម៉ែត្រការ៉េ ប្រើរយៈពេលសាងសង់៣៦ខែ ដោយចំណាយថវិកាចំនួន ៧០ម៉ឺនដុល្លារ ដោយមិនទាន់រាប់បញ្ចូលគ្រឿងសម្ភារបំពាក់នៅឡើយ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា ការសាងសង់អគារសេនាធិការដ្ឋានតាមគំរូប្លង់ រចនាបទទម្រង់សិល្បៈខ្មែរនេះឡើង គឺជាសមិទ្ធិផលដែលមានតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យទាំងមូល ដែលជាកន្លែងធ្វើការដល់មនុស្សទាំងក្នុងជំនាន់នេះ និងគ្រប់ជំនាន់សម្រាប់អនាគតផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានផ្តាំផ្ញើកងរាជអាវុធហត្ថគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តឱ្យបាននូវគោលការណ៍អាទិភាព៧ចំណុច ជាមូលដ្ឋានរួមមាន៖ ហូប ស្លៀកពាក់ ស្នាក់នៅ សុខភាព អប់រំ រៀនសូត្រ មធ្យោបាយធ្វើដំណើរ និងឧបករណ៍សម្ភារ កម្សាន្តសប្បាយ និងគោលនយោបាយសរសើរ លើកទឹកចិត្ត ព្រមទាំងដោះស្រាយការលំបាក។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកគាំទ្រជួយឧបត្ថម្ភថវិកា និងសម្ភារសម្រាប់ដំណើរការសាងសង់អគារសេនាធិការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យនេះផងដែរ៕

























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...