(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការបង្កើត <<សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា>> ត្រូវបានចាក់ឫសយ៉ាងជ្រៅទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ឱ្យកាន់តែរឹងមាំ ដើម្បីគាំទ្រដល់បំណងប្រាថ្នារបស់ប្រជាជន និងគោលដៅរបស់ប្រទេសជាតិ។
ការលើកឡើងបែបនេះ លោក ហែម វណ្ណឌី បានធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ <<គោលការណ៍ណែនាំស្តីពី សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា>> ដើម្បីពិភាក្សាពីសារៈប្រយោជន៍របស់នវានុវត្តន៍សហគ្រាសក្នុងការជំរុញសន្ទុះកំណើន សេដ្ឋកិច្ចជាតិ ។ សិក្ខាសាលានេះមានការចូលរួមពី លោក Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា លោក ម៉ាតាំង ប្រ៊ីសុន នាយកប្រតិបត្តិសភាពាណិជ្ជកម្មអឺរ៉ុប (Eurocham) លោកស្រី សេន ឌ្រីនប៊ូស្សី នាយិកាទីភ្នាក់ងារអភិវឌ្ឍន៏បារាំង (AFD) ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ភ្ញៀវជាតិ និងអន្ដរជាតិជាច្រើនរូប។
លោក ហែម វណ្ណឌី បានលើកឡើងយ៉ាងដូច្នេះថា៖ <<ការបង្កើត សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ត្រូវបានចាក់ឫសយ៉ាងជ្រៅទៅក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ឱ្យកាន់តែរឹងមាំ ដើម្បីគាំទ្រដល់បំណងប្រាថ្នារបស់ប្រជាជន និងគោលដៅរបស់ប្រទេសជាតិ។ តាមរយៈការ វាយតម្លៃលើធាតុចូល និងធាតុចេញ CEII នឹងផ្តល់ទស្សនាទានសំខាន់ៗជាច្រើន សម្រាប់ជាមូលដ្ឋានក្នុងការកសាងភាពធន់ខ្ពស់ សំដៅធានាបានពិពិធកម្មសេដ្ឋកិច្ច និងអភិបាលកិច្ចរឹងមាំ ព្រមទាំងបង្កើនល្បឿន ឧស្សាហូបនីយកម្ម និងឌីជីថលភាវូបនីយកម្ម ប្រកបដោយប្រសិទ្ធភាព>>។
លោកបានថ្លែងថា ក្នុងបរិការណ៍សកលសម័យទំនើប <<នវានុវត្តន៍>> ត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះមួយនៃការ ពង្រឹងការប្រកួតប្រជែង ធុរកិច្ច និងអភិបាលកិច្ច, ការវិនិយោគបែបយុទ្ធសាស្ត្រ, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, និងការផ្សារភ្ជាប់ឱ្យកាន់តែខ្លាំងទៅនឹងខ្សែច្រវ៉ាក់តម្លៃសកល ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាជូន ប្រជាជន និងប្រទេសជាតិ។ យោងទៅតាម Oslo Manual ដែលជាសៀវភៅមគ្គុទ្ទេសក៍អន្តរជាតិសម្រាប់ការ ប្រមូល និងប្រើប្រាស់ទិន្នន័យនវានុវត្តន៍ របស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ(OECD) បង្ហាញថា កត្តាចាំបាច់ដែលជំរុញឱ្យមាន <<នវានុវត្តន៍>> មានដូចជា៖ ១៖ ការជំរុញកំណើនសេដ្ឋកិច្ច៖ នវានុវត្តន៍ គឺជាកម្លាំងចលករចម្បងនៃការរីកចម្រើនសេដ្ឋកិច្ច តាម រយៈការបង្កើនផលិតភាព និងបង្កើនប្រាក់ចំណូលជាមធ្យមសម្រាប់ប្រជាជន។ ២៖ ការពង្រឹងសមត្ថភាពប្រកួតប្រជែង៖ ប្រទេសដែលអាចជំរុញវប្បធម៌ក្នុងការចាប់យកនវានុវត្តន៍ គឺប្រទេសនោះនឹងឈរជើងកាន់តែប្រសើរជាងមុន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារសកល។ ៣៖ ការបង្កើនបរមភាវូបនីយកម្មបរិស្ថាន៖ នវានុវត្តន៍ ជាស្នូលនៃនិម្មាបនកម្មបៃតង ក្នុងការបង្កើន ប្រសិទ្ធភាពធនធាន និងកាត់បន្ថយការប្រើប្រាស់ធនធានកម្រផ្សេងៗ។ ៤៖ ការបង្កើតមូលធនមនុស្ស៖ នវានុវត្តន៍ ដើរតួយ៉ាងសំខាន់សម្រាប់កែលម្អការអភិវឌ្ឍធនធាន មនុស្ស ដោយជំរុញឱ្យមានការបណ្តុះបណ្តាលលើជំនាញ ចំណេះដឹង និងសមត្ថភាពថ្មីៗ។ ៥៖ ការលើកកម្ពស់ភាពធន់៖ នវានុវត្តន៍ ជាជំនួយដើម្បីឆ្លើយតបទៅនឹងសកលភាវូបនីយកម្ម និង សម្ពាធខាងក្រៅផ្សេងទៀត ជាមួយគ្នានោះ ជាងមុន។ ជំរុញឱ្យមានប្រព័ន្ធសង្គម-សេដ្ឋកិច្ចកាន់តែមាននិរន្តរភាព។
លោករដ្ឋមន្ត្រី បានថ្លែងបន្ដថា CEII Guildines គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនដូច ជាវិស័យសាធារណៈ វិស័យឯកជន និងសិក្សាស្រាវជ្រាវ។ ដំណើរការកសាងប្រកបដោយបរិយាបន្ននេះ គឺ ដើម្បីធានាថា CEII មិនមែនត្រឹមតែជាទ្រឹស្តី ឬវិធីសាស្ត្រប៉ុណ្ណោះទេ ក៏ប៉ុន្តែជាឧបករណ៍វាស់វែងមួយ ដែល មានលក្ខណៈត្រឹមត្រូវ ពេញលេញ និងអាចប្រើប្រាស់បាននៅក្នុងតថភាពធុរកិច្ចកម្ពុជា ហើយថែមទាំងជា បង្គោលចរសម្រាប់នាំមកនូវវប្បធម៌នវានុវត្តន៍មេត្រី (Innovation-friendly culture) ផងដែរ។ ដោយប្រើ ប្រាស់ប្រយោជន៍ដែលទទួលបានពី CEII រាជរដ្ឋាភិបាលអាចកំណត់ចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បី ដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងទាញយកកាលានុវត្តភាពថ្មីៗនៅក្នុងបរិការណ៍នវានុវត្តន៍។
ជាមួយគ្នានេះ លោក សុខ ណារិន បានបន្ដថា តាមរយៈគម្រោងអភិវឌ្ឍន៍ផលជលផលក្រោយប្រមូលផល ដែលទទួលបានសហហិរញ្ញប្បទានពីសហ ភាពអឺរ៉ុប (EU) UNIDO យើងបានសហការជាមួយក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ដើម្បីផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍន៍ គោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍ សហគ្រាសកម្ពុជា ក៏ដូចជាការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនៅថ្ងៃនេះផងដែរ ។ UNIDO កាន់តែមាន សេចក្តីរីករាយចំពោះក្រុមការងារអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានលះបង់កំលាំងកាយបញ្ញាញាណនិង ធនធានរបស់រខ្លួនក្នុងការផលិតនូវគោលការណ៏ណែនាំមួយនេះអោយចេញជារូបរាង។
បន្ថែមពីនេះ លោក សុខ ណារិន បានបន្ដទៀតថា តាមរយៈគំនិតផ្តួចផ្តើម និងការអនុវត្តគម្រោងកន្លងមក UNIDO បានចូលរួមចំនែកពង្រឹងផលិតភាព និង ភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា ដើម្បីអាច ឈានចូលទីផ្សារជាតិ ថ្នាក់តំបន់ និងអន្តរជាតិអោយកាន់តែទូលំទូលាយជាងមុន។ តាមរយៈគម្រោង អភិវឌ្ឍន៍ផលជលផលក្រោយប្រមូលផល យើងបានបង្កើត និង ដាក់អោយអនុវត្តនូវ ផ្ទាលស្រាវជ្រាវ នវា នុវត្តន៌ និងបច្ចេកវិទ្យាអាហារ (Food Technology, Research, and Innovation Platform: FTRIP)។ ថ្នាលនេះ បាននឹងកំពុងផ្តល់ឧកាសដល់គ្រឹះស្ថានឧត្តមសិក្សា វិស័យឯកជន និងស្ថាប័នរាជរដ្ឋាភិបា ល ធ្វើការស្រាវជ្រាវ និង រិះរកដំណោះស្រាយបែបនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាស ដើម្បីបង្កើនផលិតភាព ពង្រីកអត្ថប្រយោជន៍ និងភាពប្រកួតប្រជែងអោយកាន់តែប្រសើរ៕