សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្តឱ្យបាននូវការបម្រើសេវាសាធារណៈ ការបម្រើសេវាសង្គម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាអង្គភាពស្ថាប័ន

Posted By: RoogRog Robot | 01-Mar-2025 15:43:45

2025-03-01 03:38pm

(កំពង់ធំ)៖ លោក អ៊ឹម សារឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បានជំរុញសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្តឱ្យបាននូវការបម្រើសេវាសាធារណៈ ការបម្រើសេវាសង្គម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាអង្គភាពស្ថាប័ន។

លោក អ៊ឹម សារឿន បាន ថ្លែងនេះក្នុងពិធីបិទមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក សយ កុសល សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជិត៣០០នាក់ ឧត្ថម្ភគាំទ្រដោយរដ្ឋបាលខេត្តកំពង់ធំ មានកិច្ចសហការជាមួយ សមាគមក្រុមប្រឹក្សាមូលដ្ឋាន និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន អង្ការ AEA។

លោកសូមសំដែងនូវសេចក្តីអបអរសាទរចំពោះលោក លោកស្រី ដែលត្រូវបានមហាសន្និបាតបោះឆ្នោតផ្តល់ការទុកចិត្តជាប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគម សម្រាប់អាណត្តិទី៤ នៅក្នុងខេត្តកំពង់ធំ ព្រោះមហាសន្និបាតអាណត្តិទី៤ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅក្នុងខេត្តកំពង់ធំ ក្នុងការបន្តចីរភាពដល់សមាគមមួយដែលតំណាងឱ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្ត គឺសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ ដែលត្រូវបានបង្កើតឡើងក្នុងបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍន៍សមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជាសមាជិក និងការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក។

លោកបន្តថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានត្រូវអនុវត្តតាមតួនាទី និងភារកិច្ចសំខាន់ៗដូចជា៖

១-ជាមជ្ឈមណ្ឌលចងក្រងឯកសារ និងប្រមូលផ្តុំព័ត៌មានអំពីក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ២-ជាវេទិកាសម្រាប់ផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន គោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន និងគោលការណ៍ណែនាំផ្សេងៗ របស់រដ្ឋាភិបាលជាតិដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិដែលជាសមាជិករបស់សមាគម ៣-ជាយានសម្រាប់ពាំនាំបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដើម្បីជម្រាបជូនរដ្ឋាភិបាលជាតិក្នុងបំណងស្វែងរកដំណោះស្រាយរួម ៤-ជាសម្លេងដ៏រឹងមាំរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិក្នុងការស្វែងរកការគាំទ្រ និងការការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ៥-ជាអ្នកផ្តល់សេវាពិគ្រោះយោបល់ និងការកសាងសមត្ថភាពដល់សមាជិករបស់ខ្លួនជាក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និង៦-ជាយន្តការសម្រាប់ឱ្យក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ចែករំលែកចំណេះដឹង មេរៀន និងបទពិសោធន៍ល្អៗ ទាក់ទងនឹងការងារអភិបាលកិច្ច ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាដែលមានប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...