រុស្ស៉ី បញ្ចេញប្រតិកម្មទាំងសប្បាយចិត្ត ចំពោះជម្លោះពាក្យសម្ដីរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី

Posted By: RoogRog Robot | 01-Mar-2025 14:04:28

2025-03-01 01:58pm

(Reuters)៖ រុស្ស៉ី បានបញ្ចេញប្រតិកម្មទាំងសប្បាយរីករាយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ទៅនឹងជម្លោះពាក្យសម្ដីរវាងលោក ដូណាល់ ត្រាំ និងលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដោយនិយាយថាមេដឹកនាំអ៊ុយក្រែនរូបនេះ ទទួលបាននូវអ្វីដែលលោកសមនឹងទទួលបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សា និងចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយលោក ត្រាំ។ ប៉ុន្តែ គម្រោងចុះកិច្ចព្រមព្រៀងត្រូវបានលុបចោល ហើយលោក ហ្សេលេនស្គី នៅតែទទូច ដដែលថាកិច្ចព្រមព្រៀងរ៉ែកម្រត្រូវតែមានបញ្ចូលផងដែរនូវការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ជាការធានាមួយដែលសហរដ្ឋអាមេរិក ក្រោមអាណត្តិរបស់លោក ត្រាំ កំពុងគេចវេស គិតមកទល់ពេលនេះ។

ក្នុងការប៉ះសម្ដីគ្នាធ្ងន់ៗ អនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលមានវត្តមានក្នុងសន្នីសីទសារព័ត៌មាននៅការិយាល័យពងក្រពើនៃសេតវិមាននោះដែរ បានចោទប្រកាន់ថាលោក ហ្សេលេនស្គី មិនបានផ្ដល់ ការគោរព និងដឹងគុណចំពោះជំនួយរបស់អាមេរិក។ លោក ហ្សេលេនស្គី បានចាកចេញពីសេតវិមានទាំងកណ្ដាលទី ហើយក្រោយមក លោក ត្រាំ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមថាលោក ហ្សេលេនស្គី អាចត្រឡប់ទៅកាន់សេតវិមានជាថ្មី នៅពេលត្រៀមខ្លួនរួចរាល់ដើម្បីសន្តិភាព។

ជាប្រតិកម្មទៅនឹងការឈ្លោះប្រកែកគ្នានេះដែរ អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev បាននិយាយថាលោក ហ្សេលេនស្គី ដែលត្រូវបានលោក ត្រាំ និងលោក JD Vance ចោទថាមិនបានផ្ដល់ការគោរពចំពោះ សហរដ្ឋអាមេរិក ហាក់ត្រូវបានគេទះមួយកំផ្លៀងយ៉ាងធ្ងន់។ ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី គឺលោកស្រី Maria Zakharova បាននិយាយថាវាជាពិតអស្ចារ្យណាស់ដែលលោក ត្រាំ និងលោក JD Vance អាចទប់កំហឹងមិនដាល់លោក ហ្សេលេនស្គី ក្នុងពេលឈ្លោះប្រកែកគ្នា ដែលត្រូវបានចាក់ផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយនៅជុំវិញពិភពលោក។ អ្នកនាំពាក្យរូបនេះថែមទាំងបានចោទប្រកាន់លោក ហ្សេលេនស្គី ទៀតផងថា ជាមនុស្សរមិលគុណចំពោះអ្នកដែលបានជួយខ្លួន។

ក៏ប៉ុន្តែ ក្រោយការទាស់ទែងសម្ដីគ្នានៅសេតវិមានរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី បណ្ដាមេដឹកនាំអឺរ៉ុបបានចេញមុខគាំទ្រមេដឹកនាំអ៊ុយក្រែនម្ដងម្នាក់ៗ ដោយនិយាយថាអ៊ុយក្រែនមិននៅឯកោតែម្នាក់ឯងនោះទេ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...