(វ៉ាស៊ីនតោន)៖ គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្ររវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ត្រូវបានលុបចោល បន្ទាប់ពីជំនួបរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រែក្លាយទៅជាជម្លោះពាក្យសម្ដីផាំងទៅផាំងមក ជុំវិញមន្ទិលសង្ស័យរបស់លោក ហ្សេលេនស្គីចំពោះកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីសម្របសម្រួលឱ្យមាន កិច្ចព្រមព្រៀងមួយជាមួយរុស្ស៉ី អាចនឹងសម្រេចបានសន្តិភាពយូរអង្វែង។
កាលពីថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ លោក ហ្សេលេនស្គី បានធ្វើដំណើរទៅដល់សេតវិមាន ដើម្បីពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងរ៉ែ ដែលអាចនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកទទួលបានផលចំណេញពីអាជីវកម្មរ៉ែកម្ររបស់ អ៊ុយក្រែន ខណៈរូបលោកនៅតែទទូចសុំឱ្យសហរដ្ឋអាមេរិក ផ្ដល់ការធានាសន្តិសុខ។ ប៉ុន្តែគ្រាន់តែមេដឹកនាំទាំង២ អង្គុយចុះទល់មុខគ្នាមិនបានប៉ុន្មាននាទីផង នៅឯសន្នីសីទសារព័ត៌មានមួយនៅឯការិយាល័យពងក្រពើ បរិយាកាសប្រែជាតានតឹងដោយលោក ត្រាំ បានស្រែកដាក់លោក ហ្សេលេនស្គី ឱ្យចេះដឹងគុណចំពោះជំនួយរបស់សហរដ្ឋអាមេរិក។ <<ថាតើអ្នកចង់ចុះកិច្ចព្រមព្រៀង ឬក៏ចង់ឱ្យយើងដើរចេញ>>។ នេះជាអ្វីដែលលោក ត្រាំ ប្រាប់លោក ហ្សេលេនស្គី។
ភ្លាមៗនោះដែរ ក្រោយបិទបញ្ចប់កិច្ចប្រជុំ លោក ត្រាំ បានចេញសេចក្ដីថ្លែងការណ៍មួយលើបណ្ដាញទំនាក់ទំនងសង្គម ដោយហាក់បង្ហាញពីបំណងចង់ដកសហរដ្ឋអាមេរិកចេញពីកិច្ចចរចា ជាមួយអ៊ុយក្រែន និងហាក់ដូចជាបានដេញលោក ហ្សេលេនស្គី ចេញពីសេតវិមាន។ លោក ត្រាំ បានសរសេដូច្នេះថា <<ខ្ញុំយល់ថាលោកប្រធានាធិបតី ហ្សេលេនស្គី មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីសន្តិភាពនោះទេ ប្រសិនបើសហរដ្ឋអាមេរិកចូលរួម។ គាត់ (លោក ហ្សេលេនស្គី) មិនបានផ្ដល់ការគោរពដល់សហរដ្ឋអាមេរិកនៅក្នុងការិយាល័យពងក្រពើជាទីស្រឡាញ់។ តែគាត់អាចត្រឡប់មកវិញ នៅពេលត្រៀមខ្លួនរួចរាល់ដើម្បីសន្តិភាព>>។ ខាងក្រោមនេះគឺជាចំណុចសំខាន់គួរដឹងពីជំនួបដ៏តានតឹងរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី៖
* បរិយាកាសអាប់អួ កើតឡើងភ្លាមៗ
រាប់ចាប់ពីពេលលោក ហ្សេលេនស្គី ធ្វើដំណើរទៅដល់សេតវិមាន ភាពអាប់អួបានកើតឡើងទៅហើយ។ លោក ត្រាំ បានចេញមកទទួលស្វាគមន៍លោក ហ្សេលេនស្គី ជាមួយការចាប់ដៃដោយមិនមានភាពស្និទ្ធស្នាលនោះទេ ហើយលោកថែមទាំងនិយាយបែបឌឺដងឭៗពីការស្លៀកពាក់របស់លោក ហ្សេលេនស្គី ទៀតផង ដែលតែងតែស្លៀកពាក់ឯកសណ្ឋានយោធា ជានិមិត្តរូបបង្ហាញថា លោកមេដឹកនាំម្នាក់អំឡុងពេលសង្រ្គាម។ <<អូ មើលចុះ ថ្ងៃនេះគាត់ស្លៀកពាក់ឡូយណាស់>>។ នេះជាការនិយាយឮខ្លាំងរបស់លោក ត្រាំ អំពីការស្លៀកពាក់របស់លោក ហ្សេលេនស្គី។
តមកទៀត នៅពេលដើរចូលទៅក្នុងការិយាល័យពងក្រពើ ដើម្បីបង្ហាញខ្លួនក្នុងសន្និសីទសារព័ត៌មាន លោក ត្រាំ ចាប់ផ្ដើមនិយាយភ្លាមៗពីកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអ៊ុយក្រែន។ លោក ត្រាំ បាននិយាយថា <<យើងនឹងចុះកិច្ចព្រមព្រៀងនៅឯសន្និសីទក្នុងការិយាល័យ East Room ក្រោយពេលបាយថ្ងៃត្រង់។ យើងនឹងមានកិច្ចព្រមព្រៀងដ៏មានតម្លាភាពមួយ... ហើយយើងនឹងទទួលបានរ៉ែកម្រមួយចំនួន>>។
ប៉ុន្តែ ភ្លាមៗនោះការខ្វែងគំនិតគ្នាបានកើតឡើង។ លោក ហ្សេលេនស្គី បានកត់សម្គាល់ថា រាល់កិច្ចព្រមព្រៀងណាមួយចាំបាច់ត្រូវបញ្ចូលការធានាសន្តិសុខពិតប្រាកដសម្រាប់ អ៊ុយក្រែន ជាការធានាមួយដែលសហរដ្ឋអាមេរិក នៅក្រោមអាណត្តិរបស់លោក ត្រាំ ព្យាយាមគេចវេសមកទល់នឹងពេលនេះ។ លោក ហ្សេលេនស្គី បានបន្តថា <<ខ្ញុំសង្ឃឹមថាឯកសារនេះ ឯកសារដំបូងនឹងក្លាយជាជំហានទី១ ឆ្ពោះទៅរកការធានាសន្តិសុខពិតប្រាកដសម្រាប់ អ៊ុយក្រែន។ ប្រជាជនរបស់យើង កូនៗរបស់យើង គឺពិតជាពឹងផ្អែកលើវា>>។
* ទាស់សម្ដីគ្នាដោយសាររឿងទំនាក់ទំនងជាមួយលោក ពូទីន
លោក ត្រាំ ភ្លាមៗនោះក៏បានលើកឡើងផងដែរពីកិច្ចចរចារបស់លោកដែលកំពុងធ្វើឡើងជាមួយលោក ពូទីន ដោយនិយាយថាអ្នកទាំង២ មានកិច្ចពិភាក្សាដ៏ល្អប្រសើរបំផុត ហើយនឹងនាំសង្រ្គាមទៅរកទីបញ្ចប់។ លោក ត្រាំ កន្លងមកធ្លាប់បាននិយាយថា អ៊ុយក្រែន ទំនងជាមិនអាចទាមទារទឹកដីរបស់ខ្លួនមុនឆ្នាំ២០១៤ ត្រឡប់មកវិញបាននោះទេ និងបញ្ជាក់ថា ការប៉ុនប៉ងក្លាយជាសមាជិក NATO របស់ទីក្រុងកៀវជារឿងមិនអាចទៅរួច។ ក្រុមអ្នករិះគន់ បានចោទប្រកាន់លោក ត្រាំ ថាហាក់កំពុងផ្ដល់សម្បទានលឿនពេកដល់លោក ពូទីន តាមរយៈការអត្ថាធិប្បាយបែបនេះ។
កាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ជាថ្មីថា ការគាំទ្ររបស់លោក ត្រាំ ជារឿងសំខាន់បំផុត ដើម្បីថែរក្សាការពារបូរណភាពទឹកដីអ៊ុយក្រែន។ <<ខ្ញុំពិតជាពឹងផ្អែកលើគោលជំហររឹងមាំរបស់អ្នក (លោក ត្រាំ) ដើម្បីបញ្ឈប់លោក ពូទីន...ខ្ញុំសង្ឃឹមថាការរួបរួមគ្នារបស់យើងអាចនឹងបញ្ឈប់លោក ពូទីន។ ប៉ុន្តែ សម្រាប់ពួកយើង វាពិតជាមានសារៈសំខាន់បំផុតក្នុងការជួយសង្រ្គោះប្រទេសរបស់ពួកយើង គុណតម្លៃរបស់ពួកយើង សេរីភាព និងប្រជាធិបតេយ្យរបស់ពួកយើង ហើយជាការពិត គ្មានការសម្រុះសម្រួលជាមួយឃាតករនោះទេ>>។ នេះជា ការគូសបញ្ជាក់របសលោក ហ្សេលេនស្គី។
តែផ្ទុយទៅវិញ លោក ត្រាំ បែរជាព្យាយាមបន្ទោសលោក ហ្សេលេនស្គី សម្រាប់ការប្រកាន់ជំហរអរិភាពពេកចំពោះលោក ពូទីន ដើម្បីធ្វើឱ្យកិច្ចចរចាជាប់គាំង ខណៈតាំងខ្លួនជាអាជ្ញាកណ្ដាល និងអ្នកស្វែងរកសន្តិភាពរវាងភាគី សង្រ្គាមទាំង២។ លោក ត្រាំ បាននិយាយថា <<អ្នកទាំងអស់គ្នាឃើញទេថាតើគាត់ (លោក ហ្សេលេនស្គី) ស្អប់លោក ពូទីន ខ្លាំងប៉ុនណា។ នេះហើយជាមូលហេតុធ្វើឱ្យការស្វែងរកកិច្ចព្រមព្រៀងមានការពិបាក>>។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានបញ្ជាក់ឡើងវិញដែរពីការទាមទាររបស់លោកឱ្យ អ៊ុយក្រែន ត្រូវធ្វើសម្បទានដើម្បីអាចសម្រេចបានសន្តិភាពជាមួយរុស្ស៉ី។ ប៉ុន្តែលោកហ្សេលេនស្គី បានច្រានចោល ដោយនិយាយថា សង្រ្គាមមិនមែនជាជម្លោះបុគ្គលនោះទេ តែវាជាការរំលោភបំពានអធិបតេយ្យនៃប្រទេសរបស់លោក>>។
<<លោក ពូទីន នឹងមិនបញ្ឈប់ទេ ហើយគាត់នឹងបន្ត (ការឈ្លានពាន) រហូត។ គាត់ស្អប់ពួកយើង មិនមែនត្រឹមតែខ្ញុំទេ។ គាត់ស្អប់ប្រជាជនអ៊ុយក្រែន។ គាត់គិតថាយើងមិនមែនជាប្រទេសមួយឡើយ>>។ នេះជាការបន្ថែមរបស់លោក ហ្សេលេនស្គី។
ខណៈភាពតានតឹងឡើងកម្ដៅកាន់តែខ្លាំងនៅឯសន្និសីទសារព័ត៌មានជាមួយការចង្អុលមុខ និងដំឡើងសំឡេងដាក់គ្នា លោក ត្រាំ បានរិះគន់ទាំងលោក ហ្សេលេនស្គី និងក្រុមអ្នកសារព័ត៌មានដែលដាក់សម្ពាធឱ្យរូបលោកឆ្លើយថា តើលោកអាចជឿជាក់ថាលោក ពូទីន នឹងមិនរំលោភបំពានបទឈប់បាញ់មួយ នៅពេលអនាគតដែរឬទេ? លោក ត្រាំ ហាក់ចាត់ទុកលោក ពូទីន ជាសម្ព័ន្ធមិត្តម្នាក់របស់លោក នៅក្នុងការប្រកួតប្រជែងនយោបាយ របស់លោកជាមួយគណបក្សប្រជាធិបតេយ្យ ជាមួយការរំឮកឡើងវិញការស៊ើបអង្កេតលើយុទ្ធនាការឃោសបោះឆ្នោតរបស់លោក កាលពីឆ្នាំ២០១៦ ដែលត្រូវបានគេចោទប្រកាន់ថាមានការជួយជ្រោមជ្រែងពីរុស្ស៉ី។
* ការចោទប្រកាន់ថា មិនផ្ដល់ការគោរព
ខណៈភាពតានតឹងឡើងកម្ដៅដល់កំពូល អនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលមានវត្តមាននៅក្នុងជំនួបរវាងលោក ត្រាំ និងលោក ហ្សេលេនស្គីនោះដែរ បានចោទប្រកាន់រដ្ឋបាលលោក ចូ បៃដិន ថាអ្នកបណ្ដោយឱ្យសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ហើយផ្ទុយទៅវិញរដ្ឋបាលលោក ត្រាំ កំពុងផ្ដោតលើការទូត។ ប៉ុន្តែ លោក ហ្សេលេនស្គី បានចោទសួរទៅវិញថាតើការទូតប្រភេទណាជាមួយលោក ពូទីន អាចដំណើរការទៅបាន ពីព្រោះថាកន្លងមក លោក ពូទីន មិនបានគោរពតាមកិច្ចព្រមព្រៀងឆ្នាំ២០១៤ ដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នាក្នុងតំបន់ Donetsk និងតំបន់ Luhansk នោះទេ។
លោក JD Vance បានឆ្លើយតបវិញដោយនិយាយថា <<ខ្ញុំកំពុងនិយាយអំពីប្រភេទការទូត ដែលនឹងបិទបញ្ចប់ការបំផ្លិចបំផ្លាញប្រទេសរបស់អ្នក។ ខ្ញុំគិតថានេះជាការមិនគោរពដែលអ្នក (លោក ហ្សេលេនស្គី) មកកាន់ការិយាល័យពងក្រពើ ហើយព្យាយាមដោះស្រាយវានៅចំពោះមុខ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក>>។
នៅពេលលោក ហ្សេលេនស្គី និយាយថា លោក JD Vance មិនធ្លាប់ធ្វើដំណើរទៅអ៊ុយក្រែន និងមិនមានអារម្មណ៍ផ្ទាល់ពីផលប៉ះពាល់ដោយសារសង្រ្គាម លោក ត្រាំ បាននិយាយកាត់លោក ហ្សេលេនស្គី ទាំងកំហឹង។ <<កុំមកប្រាប់យើង ថាយើងនឹងមានអារម្មណ៍យ៉ាងណា។ យើងកំពុងព្យាយាមដោះស្រាយបញ្ហា។ កុំមកប្រាប់យើងថា តើយើងនឹងមានអារម្មណ៍បែបណា>>។
លោក ត្រាំ បន្តថា <<អ្នកកំពុងប្រឡែងលេងជាមួយអាយុជីវិតមនុស្សរាប់លាននាក់។ អ្នកកំពុងប្រឡែងលេងជាមួយសង្រ្គាមលោកលើកទី៣។ អ្នកកំពុងប្រឡែងលេងជាមួយសង្រ្គាមលោកលើកទី៣ ហើយអ្វីដែលអ្នកកំពុងធ្វើ គឺពិតជាមិនគោរពដល់ប្រទេសនេះ (អាមេរិក) ទាល់តែសោះ។ អ្នកគួរតែចេះដឹងគុណ។ អ្នកគ្មានសន្លឹកបៀរអ្វីទេ។ ប្រជាជនរបស់អ្នកកំពុងស្លាប់។ អ្នកកំពុងបាត់បង់កងទ័ព។ ខ្ញុំបានផ្ដល់ថាមពលឱ្យអ្នកក្លាយជាបុរសខ្លាំង ហើយខ្ញុំមិនគិតនោះទេថាអ្នកអាចធ្វើជាបុរសខ្លាំងដោយមិនមានសហរដ្ឋអាមេរិក>>។ មួយសន្ទុះក្រោយមក កិច្ចប្រជុំបានបិទបញ្ចប់ ហើយមានសេចក្ដីរាយការណ៍ថា លោក ត្រាំ បានប្រាប់ឱ្យលោក ហ្សេលេនស្គី ចេញពីសេតវិមាន។
គួរបញ្ជាក់ថា មិនមានកិច្ចព្រមព្រៀងរ៉ែកម្រត្រូវបានចុះហត្ថលេខាតាមការគ្រោងទុកកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈនោះទេ។ ចំណែកឯ សន្និសីទសារព័ត៌មានលើកទី២ ដែលគ្រោងនឹងធ្វើឡើងក្នុងថ្ងៃដដែលត្រូវបានលុបចោល។ លោក ហ្សេលេនស្គី បានចាកចេញពីសេតវិមាន ដោយជិះក្នុងរថយន្ដពណ៌ខ្មៅមួយគ្រឿង។ យ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី បានបង្ហោះសារមួយលើបណ្ដាញទំនាក់ទំនងសង្គម ជាមួយការអរគុណសហរដ្ឋអាមេរិក អរគុណលោក ត្រាំ សភាអាមេរិក និងប្រជាជនអាមេរិក។ ក្រោយចាកចេញពីសេតវិមាន លោក ហ្សេលេនស្គី ត្រូវបន្តធ្វើដំណើរឆ្ពោះទៅកាន់ចក្រភពអង់គ្លេស ដើម្បីចូលរួមកិច្ចប្រជុំមួយ ជាមួយមេដឹកនាំអឺរ៉ុប៕