ករណីគ្រូបង្រៀនកិច្ចសន្យានៅសាលាបឋមសិក្សាទួលកី ខណ្ឌកំបូល ដែលត្រូវបានបញ្ឈប់ពីការងារត្រូវដោះស្រាយបញ្ចប់, អាជ្ញាធររាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុកឧបត្ថម្ភប្រចាំខែឡើងវិញ និងឲ្យគ្រូមកបង្រៀនវិញ

Posted By: RoogRog Robot | 05-Feb-2025 12:56:45

2025-02-05 12:51pm

(ភ្នំពេញ)៖ ករណីគ្រូបង្រៀនកិច្ចសន្យាចំនួន២នាក់ នៅសាលាបឋមសិក្សាទួលកី ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានបញ្ឈប់ពីការងារដោយសារតែមិនមានប្រាក់ឧបត្ថម្ភបន្ដ ធ្វើឲ្យចំនួនសិស្សកើនឡើងនៅក្នុងថ្នាក់រៀន និងបង្កើតបានជាក្ដីកង្វល់ដល់អាណាព្យាបាលសិស្សតូចៗ នាំគ្នាមកសាកសួរនៅសាលារៀន។

សាលាបឋមសិក្សាទួលកីនេះ មានសិស្សទាំងប្រុសទាំងស្រីសរុបចំនួន៩២៨នាក់ ហើយមានលោកគ្រូ អ្នកគ្រូ បូកទាំងលោកនាយក និងលោកនាយករងសរុប១០នាក់ ហើយមានថ្នាក់រៀនចាប់តាំងពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ មានចំនួន១១ថ្នាក់ និងរៀនចែកចេញជា២វេន គឺពេលព្រឹក និងពេលថ្ងៃ។

កន្លងមកដោយខ្វះគ្រូសាលាបានទទួលយកគ្រូបង្រៀនស្ម័គ្រចិត្ត២នាក់ឲ្យជួយបង្រៀន រយៈពេល៣ឆ្នាំមកហើយ ដោយនៅក្នុងឆ្នាំទី១ ខាងសាលាជួយឧបត្ថម្ភថវិកាដល់ពួកគាត់ លុះឆ្នាំទី២ និងឆ្នាំទី៣ លោកគ្រូ អ្នកគ្រូបានប្រមូលលុយផ្ទាល់ខ្លួន និងលុយដើរលេងប្រចាំឆ្នាំឧបត្ថម្ភដល់ពួកគាត់ទាំង២នាក់ក្នុងម្នាក់៥០ម៉ឺនរៀល ទើបអាចដំណើរការបានដោយរលូន។

ប៉ុន្ដែក្រោយមកដោយប្រាក់ឧបត្ថម្ភក៏គ្មាន ហើយអ្នកទាំង២ពុំបានចូលជាគ្រូក្របខណ្ឌទៀត ទើបពួកគាត់ឈប់ ហើយធ្វើឲ្យសាលាខ្វះគ្រូ ទើបច្របាច់ថ្នាក់រៀនបញ្ចូលគ្នាដោយយក២ថ្នាក់ធ្វើជា១ថ្នាក់ និងធ្វើឲ្យចំនួនសិស្សក្នុង១ថ្នាក់ៗកើនដល់ទៅជា១០០នាក់។

ក្រោយកិច្ចប្រជុំរួមគ្នារវាងមន្រ្តីនៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌកំបូល អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ និងលោកនាយកសាលា លោកគ្រូអ្នកគ្រូរួចមក អង្គប្រជុំបានឯកភាពគ្នា សម្រេចទទួលយកគ្រូបង្រៀនស្ម័គ្រចិត្ត២នាក់នោះ ឲ្យត្រលប់មកបង្រៀនសិស្សឡើងវិញ ហើយខាងសាលារាជធានីភ្នំពេញ គឺជាអ្នកឧបត្ថម្ភថវិកាដល់ពួកគាត់ រហូតដល់ពួកគាត់ទទួលបានក្របខណ្ឌ និងទទួលបានប្រាក់ខែរដ្ឋពេញសិទ្ធិនាពេលខាងមុខ។

នៅព្រឹកថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាលខណ្ឌកំបូល​ បានអញ្ជេីញចុះពិនិត្យលេីការងារដឹកនាំ​គ្រប់គ្រង​ និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ នៅក្នុងសាលាបឋមសិក្សាទួលកី​ ព្រមទាំងបាននាំយកនូវតុចំនួន៣០​ ដែលជាអំណោយលោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ ប្រគល់ជូនដល់សាលាបឋមសិក្សាទួលកី​ ស្ថិតក្នុងសង្កាត់ភ្លេីងឆេះរទេះ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ៕




































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...