នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ការកសាងកម្លាំងការពារអាកាស ឱ្យក្លាយទៅជាកម្លាំងមួយដែលមានលក្ខណៈ ទំនើបទាន់សម័យ គឺជាគោលដៅដ៏ធំចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា

Posted By: RoogRog Robot | 22-Jan-2025 11:13:09

2025-01-22 11:08am

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ការកសាងកម្លាំងការពារអាកាស ឱ្យក្លាយទៅជាកម្លាំងមួយដែលមានលក្ខណៈទំនើបទាន់សម័យ គឺជាគោលដៅដ៏ធំចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតប តាមសំណូមពរភារកិច្ចប្រយុទ្ធការពារជាតិមាតុភូមិ ក្នុងដំណាក់កាលថ្មីបច្ចុប្បន្ន។

ការលើកឡើងបែបនេះរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលា បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅបន្តអនុវត្តការងារឆ្នាំ២០២៥ របស់កងទ័ពជើងអាកាស នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស (ពោធិចិនតុង)។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា នាថ្ងៃអនាគតប្រសិនបើសង្គ្រាមកើតឡើងនោះច្បាស់ជាសង្គ្រាមដែលប្រើប្រាស់ ដោយអាវុធបច្ចេកវិទ្យាទំនើប ហើយកត្តាមនុស្ស ដែលរួមទាំងឆន្ទៈនិងវិជ្ជាជីវៈ នៅតែជាកត្តាកំណត់។ អាស្រ័យហេតុនេះ ក្នុងដំណាក់កាលនៃការកសាងកងយោធពលខេមរ ភូមិន្ទឱ្យក្លាយជាកងទ័ពរៀបរយ មានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធ ជាចាំបាច់ត្រូវតែ ធ្វើទំនើបកម្មជាអាទិភាពដល់ទ័ពជំនាញមួយចំនួន ដូចជា កងការពារអាកាស កម្លាំង ប្រយុទ្ធអេឡិចត្រូនិក កម្លាំងដ្រូន ដោយឈរលើទស្សនវិស័យ <<មនុស្សមុន អាវុធ យុទ្ធភណ្ឌតាមក្រោយ>> ដោយដើរទន្ទឹមជាមួយនឹងការវិនិយោគលើប្រភពធានា អាវុធ យុទ្ធភណ្ឌ គ្រឿងបំពាក់ទំនើបសម្រាប់បម្រើឱ្យការប្រយុទ្ធ ព្រមជាមួយនឹងការកសាងឱ្យបាននូវជួរកងទ័ព ដែលមានគោលជំហរនយោបាយរឹងមាំ ឆន្ទៈមុតមាំ ទស្សនៈវិស័យ យោធាជាសារវន្ត មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើម្ចាស់លើអាវុធយុទ្ធភណ្ឌគ្រប់ ប្រភេទដែលមានក្នុងក្របខណ្ឌចាត់តាំង។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានបញ្ជាក់យ៉ាងដូច្នេះថា៖ <<ការកសាងកម្លាំងការពារអាកាស ឱ្យក្លាយទៅជាកម្លាំងមួយដែលមានលក្ខណៈទំនើបទាន់សម័យ គឺជាគោលដៅដ៏ធំចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបតាមសំណូមពរភារកិច្ចប្រយុទ្ធការពារជាតិមាតុភូមិ ក្នុងដំណាក់កាលថ្មីបច្ចុប្បន្ន។ ដើម្បីលើកកម្ពស់សមត្ថភាព លទ្ធភាពក្នុងការប្រយុទ្ធនិងត្រៀមប្រយុទ្ធ គប្បីយកចិត្តទុកដាក់ដល់ការចាត់តាំងហ្វឹកហ្វឺនរៀនសូត្របំប៉ន សំដៅធ្វើម្ចាស់លើគ្រប់អាវុធយុទ្ធភណ្ឌ និងគ្រឿងបំពាក់ដែលមានក្នុងក្របខណ្ឌចាត់តាំងជំនាញការពារអាកាស>>។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ក៏បានបញ្ជាក់ថា តួនាទីរបស់កម្លាំងការពារអាកាស គឺជាកម្លាំងស្នូលក្នុងការគ្រប់គ្រងការពារដែន អាកាស ការពារគោលដៅសំខាន់ៗ ដែលមានអត្តន័យលើផ្នែកនយោបាយ សេដ្ឋកិច្ច ការពារប្រជាជន ព្រមជាមួយនឹងការចូលរួមការពារដែនសមុទ្ររបស់ជាតិ។

សូមជម្រាបដែរថា គោលបំណងនៃពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារឆ្នាំ២០២៥នេះ គឺដើម្បីត្រួតពិនិត្យ និងឆ្លុះបញ្ចាំងនូវរាល់សមិទ្ធផល ដែលជាស្នាដៃរបស់បណ្តាកងឯកភាពស្ថាប័នចំណុះបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានអនុវត្តក្នុងឆ្នាំ២០២៤ កន្លងមក និងពិភាក្សាដកពិសោធន៍ វាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ និងលើកឡើងអំពីបញ្ហាប្រឈម ដើម្បីរួមគ្នាដោះស្រាយ និងដាក់ចេញទិសដៅអនុវត្ត ការងារបន្តនាឆ្នាំ២០២៥ បន្តទៀត៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...