គ្រូបង្រៀន និងសិស្ស សាលាពន្លឺវិទ្យាអន្តរជាតិ ធ្វើទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម-អ៉ិច-១៦

Posted By: RoogRog Robot | 19-Jan-2025 14:05:38

2025-01-19 01:58pm

(កំពង់ចាម)៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន៧៥នាក់ មកពីសាលាពន្លឺវិទ្យាអន្តរជាតិ សាខាក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម ដើម្បីឈ្វេងយល់អំពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម និងប្រវត្តិតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាចំណុចចាប់ផ្តើមនៃការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

ជាកិច្ចចាប់ផ្តើម ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានណែនាំខ្លួន និងបង្ហាញអំពីគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលឯកសារកោះថ្មនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ត្រូវនឹងពិធីរំលឹកខួបលើកទី៤៣ នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០/០៦/១៩៧៧ - ២០/០៦/២០២០)។

ការបង្កើតមជ្ឈមណ្ឌលឯកសារកោះថ្ម ស្ថិតក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំយុវជន និងកីឡា ក្រសួងការពារជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយមានគោលបំណងដូចខាងក្រោម ៖

* ១) បង្ហាញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៩០។ * ២) ពង្រឹងការកសាងសន្តិភាព និងការការពារជម្លោះ តាមរយៈកម្មវិធីអប់រំ ដែលជាឱកាសមួយសម្រាប់យុវជននៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាលក្នុងការចូលរួមរៀនសូត្រ។ * ៣) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឱ្យចែករំលែក និងបង្រៀនក្មេងៗជំនាន់ក្រោយពីបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម។ * ៤) ប្រមែប្រមូលរឿងរ៉ាវ បទពិសោធន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបនោះ។

បន្ទាប់មកលោក ឡុង ដានី បានដឹកនាំសិស្សានុសិស្សដើរទស្សនាពិព័រណ៍នៃបណ្តុំរូបថតចំនួន១៣៣ រូបគំនូរ និងផែនទីនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម ដោយចាប់ផ្តើមពីបណ្តុំរូបថតនៃសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៦០ នៅតំបន់កោះថ្ម, បណ្តុំរូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បណ្តុំរូបថតនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, បណ្តុំរូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩), បណ្តុំរូបគំនូរដែលសមមិត្ត ហ៊ុន សែន (បច្ចុប្បន្នសមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងផែនទីបង្ហាញផ្លូវដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបបានចាកចេញពីបន្ទាយយោធានៅភូមិកោះថ្ម ទៅកាន់តំបន់ព្រំដែនអាងដាច់ដើមត្រយឹង (X-16) និងទីតាំងមួយចំនួននៅក្នុងស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម និងការបង្កើតអង្គភាព១២៥ ដែលជាកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដំបូងបង្អស់ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។

បន្ទាប់ពីសិស្សានុសិស្សទស្សនាពិព័រណ៍រូបភាព គំនូរ ផែនទី បណ្តុំរូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) និងស្តាប់លោក ឡុង ដានី ធ្វើបទបង្ហាញរួច ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដឹកនាំលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបន្តដំណើរទៅទស្សនានៅផ្ទះសហគមន៍ភូមិក្តុលលើ ឬមជ្ឈមណ្ឌលឯកសារកោះថ្ម-សាលាគរុភណ្ឌស្ទៀង។

លោក ឈុំ រ៉ា គឺជាបុគ្គលិកផ្ទះសហគមន៍ជនជាតិស្ទៀងភូមិក្តុលលើ បានរៀបរាប់ថា ផ្ទះសហគមន៍ជនជាតិស្ទៀងនៅភូមិក្តុលលើនេះ ចាប់ផ្តើមជួសជុល នៅខែមីនា ឆ្នាំ២០២៤ និងបានបញ្ចប់ទាំងស្រុង នៅដើមខែកញ្ញា ឆ្នាំ២០២៤។ ទីតាំងនេះ គឺជាអំណោយរបស់យាយ ម៉ែន ច្រាញ់ ដល់មជ្ឈមណ្ឌលឯកសារកោះថ្ម ធ្វើការជួលជុល និងរៀបចំដើម្បីបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជននៅក្នុងសហគមន៍ទាំងមូល។ ផ្ទះសហគមន៍ជនជាតិស្ទៀង ភូមិក្តុលលើនៃមជ្ឈមណ្ឌលឯកសារកោះថ្ម ត្រូវបានរចនាឡើងដោយនិស្សិតស្ថាបត្យកម្មឆ្នាំទី៥ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន២រូប គឺ លោក វន រ័ត្នវិសាល និង កញ្ញា លឹម វណ្ណសូលីហ្សា ដោយយកតាមលំនាំផ្ទះរបស់ជនជាតិដើមភាគតិចស្ទៀងសម័យបុរាណ។

ចុងក្រោយក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានដឹកនាំលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទៅទស្សនានៅតំបន់ប្រវត្តិយោធាតេជោ កោះថ្ម-អ៉ិច-១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំង សមេ្តចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាម ដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដោយផ្ទាល់ ដើម្បីសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...