(ពោធិ៍សាត់)៖ កុមារា ពុទ្ធាលី អាយុ៦ឆ្នាំ កំព្រាម្តាយរស់នៅជាមួយលោកយាយ និងឪពុកក្រីក្រ នៅភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវបានភ្លើងឆាបឆេះកម្រិតធ្ងន់ធ្ងរ ជាពិសេសឆេះមុខ និងខ្លួនប្រាណត្រូវបានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី ផ្តល់នូវក្តីអាណិតអាសូរ និងសម្របសម្រួលផ្តល់ការព្យាបាលជូនដោយឥតគិតថ្លៃនៅមន្ទីរពេទ្យកុមារជាតិ។
ការសម្របសម្រួលនេះធ្វើឡើង តាមរយៈសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងដោយមានការយកចិត្តទុកដាក់ពីលោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក លោកវេជ្ជបណ្ឌិត ញ៉ិប អង្គារបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត កែវ វណ្ណា អនុប្រធានមន្ទីរពេទ្យកុមារជាតិ និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានដឹកនាំព្យាបាលដោយក្រុមគ្រូពេទ្យឯកទេស ដែលមានលោកវេជ្ជបណ្ឌិតឯកទេស ជឺ ហរ ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សាខាមន្ទីរពេទ្យកុមារជាតិ និងសហការីធ្វើការព្យាបាលជូនដោយផ្ទាល់ទាំងការបកមុខរបួស និងបិតស្បែកឡើងវិញ ដោយទទួលបានលទ្ធផលជោគជ័យ។
លោកយាយ និងឪពុក កុមារាកំសត់បានលើកម្រាមដៃដប់ថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏ដូចជាលោកស្រី ព្រមទាំងក្រុមគ្រូពេទ្យឯកទេស នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានផ្តល់នូវការពិនិត្យ និងព្យាបាល ដល់ចៅ និងកូនប្រុសគាត់ដោយមិនគិតថ្លៃ និងប្រកបដោយទឹកចិត្តសប្បុរសក្រៃលែង ដែលនេះគឺជាការផ្តល់ជូននូវអាយុជីវិតថ្មី ក្តីសង្ឃឹមថ្មី និងអនាគតថ្មី សម្រាប់ចៅ និងកូនប្រុសរបស់គាត់៕